ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួន ស្មៀនសាលាសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ពាក់ព័ន្ធនឹងការមិនបើកប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩

80

 

ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ជុំវិញការឃាត់ខ្លួន ស្មៀនសាលាសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ពាក់ព័ន្ធនឹងការ កិបកេងប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ ក្នុងអំឡុងពេលប្រយុទ្ធនិងជំងឺកូវីដ១៩។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ ស្តីពីការបញ្ជូនខ្លួនជនសង្ស័យ ឈ្មោះ សុខ សុផា ស្មៀនសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មក អ.ប.ព.។

អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព) សូមជម្រាបជូនសាធារណជនថា អ.ប.ព. ពិតជាបានទទួលជនសង្ស័យឈ្មោះ សុខ សុផា ភេទប្រុស អាយុ ៤៥ឆ្នាំ ស្មៀនសង្កាត់តាខ្មៅ ពីស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដូចការ ចុះផ្សាយរបស់សារព័ត៌មាននានា។

អ.ប.ព. សូមបញ្ជាក់ថា ជនសង្ស័យឈ្មោះ សុខ សុផា ត្រូវបាន អ.ប.ព. ធ្វើការឃាត់ខ្លួន នាវេលាម៉ោង ១៧:០០នាទី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ពាក់ព័ន្ធនឹងការមិនបើកប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩។

អ.ប.ព. សូមធ្វើការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការដឹកនាំស្រាវជ្រាវរបស់ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម ដោយសហការជាមួយ ឯកឧត្តមអភិបាល ន គណៈអភិបាលខេត្តកណ្តាល ឯកឧត្តមស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល លោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកណ្តាល លោកអភិបាល នៃគណៈអភិបាលក្រុងតាខ្មៅ និងលោកចៅសង្កាត់ តាខ្មៅ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ។

អង្គភាពប្រឆាំងអំពើពុករលួយ សូមលើកទឹកចិត្តដល់សាធារណៈជនរស់នៅក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលមានប័ណ្ណសមធម៌ ហើយមិនទាន់បានទទួលប្រាក់ឧបត្ថម្ភ សូមផ្ដល់ព័ត៌មានមកអង្គភាពប្រឆាំង អំពើពុករលួយ ជាបន្ទាន់៕

អត្ថបទដែលជាប់ទាក់ទង