ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចក្រឡាហោម សង្ឃឹមថា ឯកឧត្តមអភិបាលខេត្តពោធិ៍សាត់ថ្មី នឹងខិតខំកសាងសមិទ្ធផលថ្មីៗ និងពង្រឹងការងារឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត

45

ពោធិ៍សាត់ ៖ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បន្ទាប់ពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានត្រាស់បង្គាប់តែងតាំង ឯកឧត្តម ខូយ រីដា ជាអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ជំនួសឯកឧត្តម ជាវ តាយ។

ឯកឧត្តម ខូយ រីដា អភិបាលថ្មីនៃគណៈអភិបាលខេត្តពោធិ៍សាត់ មានប្រសាសន៍ថាការទទួលបានមុខតំណែងជាអភិបាលខេត្តនេះ ជាកិត្តិយសដ៏ធំធេង និងថ្លៃថ្លាបំផុតក្នុងអាជីពជាអ្នករាជការ និងជាវិញ្ញាសារថ្មីមួយរបស់ឯកឧត្តម ក្នុងការបំពេញតួនាទី និងភារកិច្ចរួមចំណែកកសាងអភិវឌ្ឍន៍ប្រទេសជាតិ មាតុភូមិ ក្នុងពេលបច្ចុប្បន្ន និងអនាគត។ ឯកឧត្តម បានប្ដេជ្ញាចិត្តខិតខំអនុវត្តតាមរដ្ឋធម្មនុញ្ញ គោលការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្តិជាធរមាន និងគោរពគោលការណ៍ណែនាំនានារបស់រាជរដ្ឋាភិបាល ក៏ដូចក្រសួងមហាផ្ទៃឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីធានាការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ផលប្រយោជន៍ជាតិ និងថែរក្សាសន្តិភាព ពង្រឹងថែរក្សាស្មារតីសាមគ្គីភាព និងឯកភាពផ្ទៃក្នុង និងសហការជាមួយភាគីពាក់ព័ន្ធ។

អញ្ជើញមានប្រសាសន៍សំណេះសំណាល និងផ្ដាំផ្ញើនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីភាពជោគជ័យនៃការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានអាស៊ាន។ សម្ដេចមានប្រសាសន៍ថា ជោគជ័យនេះ ត្រូវបានមជ្ឈដ្ឋានជាតិ និងអន្តរជាតិវាយតម្លៃថាកម្ពុជាពិតជាមានសមត្ថភាព ភាពម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់ ក្នុងការសម្របសម្រួល និងដោះស្រាយកិច្ចការនាទាំងក្នុងតំបន់ និងពិភពលោក ដែលកំពុងជួបប្រទះនូវបញ្ហាប្រឈមជាច្រើន និងពុំធ្លាប់មានក្នុងរយៈពេលកន្លងមក។ សម្ដេចបានថ្លែងអំណរគុណ និងកោតសរសើរអាជ្ញាធរ និងកងកម្លាំងពាក់ព័ន្ធដែលបានចូលរួមគាំទ្រឱ្យកិច្ចប្រជុំនេះបានប្រព្រឹត្តទៅដោយជោគជ័យ។

ក្នុងនាមសម្ដេចតេជោនាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរដ្ឋបាលខេត្តពោធិ៍សាត់ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តពោធិ៍សាត់ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋខេត្តពោធិ៍សាត់ទាំងមូល ដែលបានសហការគ្នាយ៉ាងសកម្មក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងក្របខណ្ឌខេត្តទាំងមូលបានយ៉ាងល្អប្រសើរ និងសម្រេចបាននូវសមិទ្ធផលនានាជាច្រើន រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងការលើកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសក្នុងអំឡុងពេលរាតត្បាតជំងឺកូវីដ-១៩ និងជំនន់ទឹកភ្លៀងថ្មីៗនេះ។

ពីវេទិកានៃពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ សម្ដេចក្រឡាហោម ស ខេង បានជម្រាបជូនអង្គពិធីថា ដោយផ្អែកលើលក្ខណៈសម្បត្តិ សមត្ថភាព និងបទពិសោធន៍បំពេញការងារកន្លងមក រាជរដ្ឋាភិបាលបានលើកសំណើរ ទូលថ្វាយព្រះមហាក្សត្រ ស្នើសុំតែងតាំងឯកឧត្តម ខូយ រីដា អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង ឱ្យមកកាន់តំណែងជាអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ជំនួសឯកឧត្តម ជាវ តាយ ដែលមានបញ្ហាសុខភាព និងបានស្នើសុំតែងតាំងឯកឧត្តម ជាវ តាយ ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយផ្អែកលើគុណសម្បត្តិ លក្ខណៈសម្បត្តិក្នុងការបម្រើជាតិ និងប្រជាជនរបស់ឯកឧត្តម។

សម្ដេចក្រឡាហោម បានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរ ឯកឧត្តម ជាវ តាយ ដែលក្នុងរយៈពេលបំពេញការងារកន្លងមក បានខិតខំសម្របសម្រួល ដឹកនាំការងាររដ្ឋបាល និងគណៈអភិបាលខេត្តពោធិ៍សាត់ និងបានកោតសរសើរ ព្រមទាំងតម្លៃខ្ពស់ ចំពោះឯកឧត្តម ខូយ រីដា ដែលមានបទពិសោធន៍ការងារ ធ្លាប់កាន់មុខតំណែងជានាយករដ្ឋបាលសាលាខេត្តពោធិ៍សាត់ ជាអភិបាលរងខេត្តពោធិ៍សាត់ និងបាត់ដំបង មុនទទួលមុខតំណែងជាអភិបាលខេត្តពោធិ៍សាត់។ សម្ដេចក៏សង្ឃឹមថាឯកឧត្តមអភិបាលខេត្តថ្មី នឹងខិតខំកសាងសមិទ្ធផលថ្មីៗ និងពង្រឹងការងារឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត បន្តពីឯកឧត្តម ជាវ តាយ និងបានស្នើសុំថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ព្រមទាំងភាគីពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋសហការគាំទ្រឯកឧត្តម ខូយ រីដា៕

អត្ថបទដែលជាប់ទាក់ទង