ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជំនួបសម្តែងការគួរសម របស់គណៈប្រតិភូសភាបរទេស ដែលមកចូលរួមក្នុងមហាសន្និបាតអាយប៉ា លើកទី៤៣ ជាមួយសម្តេចពញាចក្រី ហេង សំរិន

36

 

ភ្នំពេញ៖ រដ្ឋសភាបានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីជំនួបសម្តែងការគួរសមរបស់គណៈប្រតិភូសភាបរទេសដែលមកចូលរួមក្នុង មហាសន្និបាតអាយប៉ាលើកទី៤៣ ជាមួយសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានអាយប៉ាលើកទី៤៣ នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។

នៅមុនពិធីបើកមហាសន្និបាតសន្និបាត AIPA លើកទី៤៣ ជាផ្លូវការនាព្រឹកថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងជាប្រធាន មហាសន្និបាតអន្តរសភាអាស៊ាន(AIPA) លើកទី៤៣ បានអនុញ្ញាតឱ្យប្រធានគណៈប្រតិភូសភាសមាជិក អាយប៉ា អគ្គលេខាធិការអាយប៉ា ប្រធានគណៈប្រតិភូសភាសង្កេតការណ៏អាយប៉ា និងគណៈប្រតិភូ សមាជិកសភាវ័យក្មេងអាយប៉ា ចូលជួបសម្តែងការគួរសម ដាច់ដោយឡែកពីគ្នា នាសណ្ឋាគារសុខា ភ្នំពេញ កន្លែងប្រារព្ធមហាសន្និបាតអាយប៉ាលើកទី៤៣។

នៅក្នុងជំនួបនីមួយៗនោះ សម្តេចបានសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងស្វាគមន៍យ៉ាង កក់ក្តៅចំពោះវត្តមានរបស់ ឯកឧត្តម លោកជំទាវ ប្រធានគណៈប្រតិភូក៏ដូចជាសមាជិកគណៈប្រតិភូ ទាំងអស់ ដែលបានអញ្ជើញមកចូលរួមមហាសន្និបាតអាយប៉ា លើកទី៤៣ នាឱកាសនេះ។

សម្ដេចប្រធានអាយប៉ាលើកទី៤៣ បានគូសបញ្ជាក់ថា វត្តមានរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី នាពេលនេះ មិនត្រឹមតែផ្ដល់កិត្តិយស និងលើកទឹកចិត្តដល់ សភាកម្ពុជាប៉ុណ្ណោះទ គឺថែមទាំងបានរួមចំណែកធ្វើឱ្យមហាសន្និបាតអាយប៉ាលើកទី៤៣នេះ ទទួលបានជោគជ័យផងដែរ។ វត្តមានគណៈប្រតិភូបរទេសទាំងអស់ នឹងធ្វើអោយមហាសន្និបាតលើកទី៤៣ របស់អាយប៉ានាពេល នេះ នឹងទទួលបាននូវកិច្ចសន្ទនា និងការពិភាក្សា ដែលផ្តល់នូវលទ្ធផលដ៏ប្រសើរ ក្នុងការលើកកម្ពស់ តួនាទីរបស់AIPA អោយកាន់តែមានកិត្យានុភាព នៅក្នុងតំបន់ និងសកល។

ដោយឡែកនៅចំពោះមុខគណៈប្រតិភូសមាជិកសភាវ័យក្មេងអាយប៉ា សម្ដេចប្រធានរដ្ឋសភា បានកោតសរសើរ ឯកឧត្តម លោកជំទាវ ទាំងអស់ ដែលបានខិតខំប្រឹងប្រែង ចូលរួមយ៉ាងសកម្ម ក្នុង ការបង្កើតអោយមានរបៀបវារៈ នៃសមាជិកសភាវ័យក្មេង នៅក្នុងរចនាសម្ព័ន្ធនៃមហាសន្និបាតអោយប៉ា។

សម្ដេចអគ្គមហាពញាចក្រី បានលើកឡើងថា យុវជន គឺជាធនធានប្រកបដោយថាមភាពខ្ពស់ ក្នុងដំណើរការកិច្ចការនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ច ការថែរក្សាបាននូវសុខសន្តិភាព ស្ថិរភាព នយោបាយ ក្នុងតំបន់ និងសកល។ ភាពជាតំណាងរបស់យុវជន ត្រូវបានលើកកម្ពស់នៅគ្រប់ទិសទី។ វត្តមានរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី នាពេលនេះ ឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ និងការលើកកម្ពស់ភាពជាតំណាងរបស់យុវជនអាស៊ាន នៅក្នុងវេទិកាអន្តរសភាតំបន់ និងសកលលោក។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន៕

អត្ថបទដែលជាប់ទាក់ទង