ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ.ប.ព. បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើ ពាក្យប្ដឹងដែលមានក្នុងខែវិច្ឆិកានេះ ចំនួន ៣៦ពាក្យប្ដឹង

47

 

ភ្នំពេញ ៖ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានបើកកិច្ចប្រជុំលើកទី១៧ អាណត្តិទី៣ របស់ខ្លួន ក្រោមអធិបតីភាពរបស់ ឯកឧត្តមប្រធាន តុប សំ និងលោកជំទាវកិត្តិសង្គហបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន នៅថ្ងៃចន្ទទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ។ កិច្ចប្រជុំនេះបានពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ លើកទី១៦ អាណត្តិទី៣ ពិនិត្យ និងស្ដាប់របាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ និងផ្សេងៗ ។

ពាក់ព័ន្ធនឹងការងារពាក្យប្ដឹង ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងថា អ.ប.ព. បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើ ពាក្យប្ដឹងដែលមានក្នុងខែវិច្ឆិកានេះ ចំនួន ៣៦ពាក្យប្ដឹង។

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងបន្តថា ពាក្យប្ដឹងទាំង ៣៦ នេះ រួមទាំងចំណាត់ការនៃពាក្យប្ដឹងក្នុងខែមុនៗដែលកំពុងមាន ចំណាត់ការនាយកដ្ឋានកិច្ចការគតិយុត្ត ពាក្យប្ដឹង និងអន្តរជាតិ – នាយកដ្ឋានស៊ើបអង្កេត និងចារកម្ម – នាយកដ្ឋានអប់រំ បង្ការ ទប់ស្កាត់ បានដំណើរការស្រាវជ្រាវទាំងលើឯកសារ និងការចុះដល់មូលដ្ឋាន-ស្តាប់ការបំភ្លឺ ហើយទទួលបានលទ្ធផល៖

ពាក្យប្ដឹងមិនពាក់ព័ន្ធនឹងអំពើពុករលួយទេ មានចំនួន ០៨ ពាក្យប្ដឹង។ បានជម្រាបទៅម្ចាស់បណ្តឹងវិញនូវលទ្ធផលនៃការស្រាវជ្រាវរបស់ អ.ប.ព. ឃើញថា មិនដូច (មិនពិត) តាមអង្គហេតុដែលពាក្យប្ដឹងបានលើកទេ ចំនួន ១៥ ពាក្យប្ដឹង។

ពាក់ព័ន្ធនឹងពាក្យប្ដឹងចំនួន ១៤ ពាក្យប្ដឹង អ.ប.ព. កំពុងទាក់ទងឱ្យសា្ថប័ន -សាម៉ីខ្លួនរងការចោទប្រកាន់ឱ្យធ្វើការបំភ្លឺ និងបង្ហាញឯកសារ ភស្តុតាង នៃការបំភ្លឺរបស់ខ្លួន។ មានបុគ្គល ១២ នាក់ ដែល អ.ប.ព. បានអញ្ជើញឱ្យមកបំភ្លឺផ្ទាល់មាត់នៅ អ.ប.ព.។

មានពាក្យប្តឹងចំនួន ២ ដែល អ.ប.ព. បានធ្វើលិខិតអន្តរាគមន៍ សុំឱ្យពិនិត្យឡើងវិញនូវអង្គហេតុ និងការសម្រេចកន្លងមក។ – ពាក្យប្ដឹង ០១ ករណី ត្រូវបាន អ.ប.ព. កសាងសំណុំរឿងបញ្ជូនទៅតុលាការពីបទកេងយកប្រយោជន៍ដោយខុសច្បាប់៕

អត្ថបទដែលជាប់ទាក់ទង