ចង់មើលវ៉ូងសត្វប្រជៀវ ហើរចេញពីល្អាង មានសភាពដូចទឹករលក កុំភ្លេចពេលល្ងាចទៅលេងរមណីយដ្ឋានភ្នំសំពៅ
បាត់ដំបង៖ ចង់មើលវ៉ូងសត្វប្រជៀវហើរចេញពីល្អាងមានសភាពដូចទឹករលក កុំភ្លេចពេលល្ងាចទៅលេងរមណីយដ្ឋានភ្នំសំពៅជិះរថយន្តប្រហែល២០ នាទីប៉ុណ្ណោះ!!!។
ភ្នំសំពៅ ជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រមួយ ស្ថិតនៅតាមដងផ្លូវ ជាតិលេខ៥៧ (អតីតផ្លូវជាតិលេខ១០) ស្ថិតក្នុងឃុំ ភ្នំសំពៅ ស្រុកបាណន់។ ភ្នំនេះមានកំពស់ប្រមាណ ១០០ ម៉ែត្រ កាំជណ្តើរឡើងចំនួន ១០៣០ កាំ មានចំងាយ ១២ គីឡូម៉ែត្រ ពីទីរួមខេត្តបាត់ដំបង ។
នៅលើកំពូលភ្នំ មានវត្តមួយ ឈ្មោះថា វត្តគិរីរម្យ និងមានល្អាង រូងភ្នំជាច្រើន សរុបទាំងអស់ចំនួន ១២ រួមមាន ៖ ១. ល្អាងផ្កាស្លា ២. ល្អាងគក់ទ្រូង ៣. ល្អាងខ្យល់ ៤. ល្អាង តែងខ្លួន ៥. ល្អាងល្ខោន ៦. ល្អាងជ្រៃ ៧. ល្អាងពេជ្រ ៨. ល្អាងខ្វែង ៩. ល្អាងប្រេង ១០. ល្អាងស្ថានីយ ឬល្អាងធំ ១១. ល្អាងក្បាលខ្មោច ១២. ល្អាងប្រចៀវ ប៉ុន្តែល្អាងដែលភ្ញៀវនិយមចូលទស្សនាមាន តែល្អាងផ្កាស្លា និងល្អាងល្ខោន។
អ្វីដែលពិសេស គឺទស្សនីយភាពហ្វូងសត្វប្រជៀវរាប់លានក្បាល ដែលហោះ ចេញពីល្អាង ។ អ្នកស្រុកតែងតែហៅហ្វូងប្រជៀវទាំងនោះថា “កងទ័ពប្រជៀវដ៍ក្លាហាន” ពីព្រោះការហោះហើរ របស់ហ្វូងសត្វប្រជៀវទាំងនោះ ប្រៀបបានទៅនឹងចរន្តទឹកហូរលើផ្ទៃអាកាស ។ ជារៀងរាល់ល្ងាច នៅមុនពេល សូរិយារៀបអស្តង្គត់ នៅចន្លោះម៉ោង ៥៖៣០ នាទី ដល់ម៉ោង ៦៖ ១៥ នាទីល្ងាច គឺជាពេលវេលាដ៍ជាក់លាក់ ដែល ហ្វូងសត្វប្រជៀវចាប់ផ្តើមហោះហើរបណ្តែតខ្លួនចេញពីរូង ខ្មៅដាស់ពេញមេឃ និងតម្រង់ជួរគ្នាចេញពីរូង ធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីភ្ញៀវជាតិ និងអន្តរជាតិ មកពីគ្រប់ទិសទី មកទស្សនាកម្សាន្តអារម្មណ៍ នៅរមណីយដ្ឋានភ្នំសំពៅ។