ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្លាប់ម្នាក់ និងរងរបួស២នាក់ ក្នុងហេតុការណ៍បាញ់ប្រហារ រវាងក្រុមស្ទាវចំនួន២ក្រុម

39

ខេត្តបាត់ដំបង៖ ករណីបាញ់ប្រហារមនុស្ស០១នាក់បានស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យនិង០២នាក់ផ្សេងទៀតរងរបួសស្រាលនៅក្នុងហេតុការណ៍បាញ់ប្រហារជាង ១០គ្រាប់នៅកណ្តាលក្រុងបាត់ដំបង ក្រោយមានទំនាស់ពាក្យសម្តីរវាងក្រុមស្ទាវពីរក្រុម។

ប្រភពនៅកន្លែងកើតហេតុបានបង្ហើបអោយដឹងថា នៅវេលាម៉ោងជាង០៣ទាបភ្លឺ ឈានចូលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចផ្លូវលេខ១ ក្បែរវេទិកាអុំទូក ទល់មុខធនាគារ ប្រេដ ប៊ែង (ខេមបូឌា) ភីអិលស៊ី សាខាខេត្តបាត់ដំបង ស្ថិតនៅក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង មានករណីឈ្លោះប្រកែកគ្នារវាងក្រុមស្ទាវពីរក្រុមដែលភាគីម្ខាងមានកាំភ្លើងបានបាញ់ប្រហារទៅលើភាគីម្ខាងទៀតជាង១០គ្រាប់បណ្តាលអោយយុវជន០៣នាក់រងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យបង្អែកខេត្តបាត់ដំបង(ពេទ្យធំ) ហើយក្រោយមកក្នុងចំណោមយុវជន០៣នាក់ក្នុងមានម្នាក់បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យផងដែរ។

ប្រភពដដែលបានបន្តថា ក្រោយមានការបាញ់ប្រហាររួចមក ក្រុមជនដៃដល់បានជិះរថយន្តគេចខ្លួនបាត់ស្រមោលអស់ បន្ទាប់មកសមត្ថកិច្ចក្នុងមូលដ្ឋានបានចុះមកប្រមូលវត្ថុតាងនិងដាក់កម្លាំងស្រាវជ្រាវស្វែងរកក្រុមជនដៃដល់ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់នៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង