ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចចុះ​បង្ក្រាបទីតាំងម៉ាស្សាបង្កប់សេវាផ្លូវភេទនៅខណ្ឌកំបូល ឃាត់ខ្លួនថៅកែហាងម្នាក់ និងនារីរងគ្រោះ៨នាក់

68

(ភ្នំពេញ​)៖​ បុរសម្នាក់ដែលជាថៅកែហាង និងជាអ្នកមើលការខុសត្រូវនៅទីតាំងម៉ាស្សាកោសជប់បង្កប់ការរួមភេទចំនួន២ទីតាំងផ្សេងគ្នា ត្រូវបាន​កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបដោយបានឃាត់ថៅកែហាងម្នាក់ និងនារីរងគ្រោះចំនួន៨នាក់ ក្នុងនោះមានអនីតិជន២នាក់ ព្រមទាំងស្រោមប្រើប្រាស់រួចមួយចំនួន និងមិនទាន់ប្រើប្រាស់មួយចំនួន។

យោងតាមសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា​ បុរសដែលជាថៅកែហាងមានឈ្មោះ ប៉ក ឧត្តម អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៣ ផ្លូវបេតុងលេខបេតុង ក្នុងបូរីពិភពថ្មី សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

សមត្ថកិច្ចជំនាញបានបន្តថា​ ដោយមានការចង្អុលបង្ហាញពី​ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំការងារ ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដឹកនាំបញ្ជាផ្ទាល់ដោយ លោកវរសេនីយ៍ទោ ហាក់ លី នាយការិយាល័យ ក្រោមការសម្របសម្រួលដោយលោក ទី មុនិន្ទ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនបុរសថៅកែហាងម្នាក់ និងនារីរងគ្រោះក្មេងៗ៨នាក់ នៅវេលាម៉ោង ០៨៖៣០នាទីយប់ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ ទីតាំងហាងម៉ាស្សាចំនួន២ទីតាំង រួមមាន៖

*ទី១៖ នៅចំណុចហាងយីហោ «កុលាបក្រហម១៦៨» ស្ថិតនៅផ្ទះលេខ៣៣ ផ្លូវបេតុង
*ទី២៖ ទីតាំងហាងគ្មានយីហោ ផ្ទះលេខ២៨១ ផ្លូវបេតុងទី១ ស្ថិតនៅភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

បើតាមសមត្ថកិច្ច បុរសថៅកែជាអ្នកគ្រប់គ្រងហាងទាំង២ទីតាំង ហាងម៉ាស្សាយីហោ​ «កុលាបក្រហម» មាននារីម៉ាស្សា និងរួមភេទចំនួន២នាក់ និងទីតាំងមួយទៀតផ្ទះលេខ២៨១ គ្មានយីហោ មានស្រីៗរង់ចាំទទួលភ្ញៀវម៉ាស្សា និងរួមភេទ ចំនួន៦នាក់ អនីតិជន២នាក់ និងមានបន្ទប់សម្រាប់រួមភេទចំនួន៣បន្ទប់ តម្លៃម៉ាស្សាធម្មតា ២០.០០០រៀល ក្នុងមួយម៉ោង និងតម្លៃនៃការរួមភេទក្នុងមួយដងចាប់ពី ២០$ ទៅ ២៥$ ហើយលុយដែលបានមកពីការ រួមភេទ គឺថៅកែហាងចែកស្មើគ្នាជាមួយស្រីៗម៉ាស្សាទាំងនោះ។

ហាងម៉ាស្សានេះ បើកដំណើរការរកស៊ីទទួលភ្ញៀវចាប់ពីម៉ោង ០៩ព្រឹក រហូតដល់យប់អាធ្រាត្រទើបបិទទ្វារ រីឯនារីដែលជាអនីតិជន២នាក់ គឺចូលមកបម្រើការងារចាប់ពីម៉ោង ០៨យប់ រហូតដល់ម៉ោង ១០យប់។

ក្រោយប្រតិបត្តិការ កម្លាំងជំនាញបាននាំខ្លួនបុរសថៅកែហាង ម៉ាស្សា ទៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីសួរនាំកសាងសំណុំរឿង ចាត់ការតាមនីតិវិធី។ ចំណែកនារីរងគ្រោះទាំង៨នាក់ ត្រូវបានប្រគល់ជូនមន្ទីរសង្គមកិច្ចរាចធានីភ្នំពេញធ្វើការអប់រំ៕

អត្ថបទដែលជាប់ទាក់ទង