ជប៉ុនផ្តល់ថវិកា ៥០៦,៥៩៥ ដុល្លារអាមេរិក សម្រាប់ការកែលម្អបរិក្ខារ នៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា និងការសាងសង់អគារផ្នែកសម្ភព និងថែទាំទារកទើបនឹងកើតនៅមន្ទីរពេទ្យ
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ថវិកាចំនួន ៥០៦,៥៩៥ ដុល្លារអាមេរិក ដល់ស្ថាប័នទទួលជំនួយចំនួនពីរ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយឥតសំណង គូសាណូណិ)។ កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ ដោយ លោក តានិណ អ៊ិឈិតុម៉ុ ឧបទូត នៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកតំណាងស្ថាប័នទទួលជំនួយទាំងពីរ ដើម្បីអនុវត្ត គម្រោងដូចតទៅ៖
១.គម្រោងទិញម៉ាស៊ីនផលិតឧបករណ៍សិប្បនិម្មិត និងសាងសង់អគារស្នាក់នៅមជ្ឈមណ្ឌលស្តារលទ្ធភាព ពលកម្មកាយសម្បទាខេត្តតាកែវ ក្នុងខេត្តតាកែវ (ថវិកាចំនួន ១៦២,៧១៥ ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ៖ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តតាកែវ
ជំនួយនេះនឹងត្រូវបានប្រើប្រាស់ដើម្បីដំឡើងឧបករណ៍ចំនួន១៥ប្រភេទ សម្រាប់ផលិតឧបករណ៍សិប្បនិម្មិត និងស្ដារនីតិសម្បទា និងសាងសង់អគារស្នាក់សម្រាប់អ្នកជំងឺ នៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តតាកែវ (PRC) ក្នុងខេត្តតាកែវ។ PRC នេះ បាននិងកំពុងប្រឈមមុខនឹងបញ្ហាមួយចំនួន ដោយសារភាពសឹករិចរិលនៃឧបករណ៍ចាំបាច់នាពេលបច្ចុប្បន្ន ដើម្បីផលិតឧបករណ៍សិប្បនិម្មិត និងរណប និងដោយសារភាពចាស់ទ្រុឌទ្រោមនៃអគារស្នាក់សម្រាប់អ្នកជំងឺ។ តាមរយៈគម្រោងនេះ យើងរំពឹងថាអ្នក ជំងឺចំនួន ៧០០នាក់ ដែលមកព្យាបាលនៅ PRC នេះ ជារៀងរាល់ឆ្នាំ នឹងទទួលបានអត្ថប្រយោជន៍ពីបរិក្ខារ និងសេវាកម្ម ដែលមានភាពប្រសើរជាងមុន។
២.គម្រោងសាងសង់អគារផ្នែកសម្ភពនិងថែទាំទារកទើបនឹងកើត នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ក្នុងខេត្ត កំពង់ចាម (ថវិកាចំនួន ៣៤៣.៨៨០ ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ៖ មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។
ជំនួយនេះនឹងត្រូវបានប្រើប្រាស់សម្រាប់សាងសង់អគារចំនួន១ខ្នង កម្ពស់៣ជាន់ សម្រាប់ផ្នែកសម្ភព និងថែទាំទារកទើបនឹងកើតនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ក្នុងខេត្តកំពង់ចាម។ មន្ទីរពេទ្យនេះបាននិង កំពុងប្រឈមនឹងបញ្ហាដូចជា ការស្នាក់នៅលើសចំណុះនៅក្នុងអគារផ្នែកសម្ភពបច្ចុប្បន្ន សម្រាប់ម្ដាយ និងការ ចំណាយពេលក្នុងការបញ្ចូនទារកទើបនឹងកើតស្ថិតក្នុងករណីសង្គ្រោះបន្ទាន់ ទៅកាន់ផ្នែកថែទាំទារកទើបនឹង កើត ដែលនៅឆ្ងាយ។ តាមរយៈការសាងសង់អគារថ្មីផ្នែកសម្ភពនិងថែទាំទារកទើបនឹងកើតនេះ យើងរំពឹងថា មន្ទីរពេទ្យអាចផ្ដល់កន្លែងស្នាក់ដែលសមរម្យជាងមុនសម្រាប់ម្តាយដែលទើបសម្រាល និងដំណើរការការ ព្យាបាលចាំបាច់នានាសម្រាប់ទារកដែលមានតម្រូវការចាំបាច់បានភ្លាមៗ។
ជំនួយឥតសំណងគូសាណូណរបស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់ កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ ជំនួយ ឥតសំណងនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ និង/ឬ ភាព អកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្ដីថ្លៃថ្នូររបស់ពួក គេ ក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។ ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាល ជប៉ុនបានផ្តល់ថវិកាជាង ៦៥ លានដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បី អនុវត្តគម្រោងគូសាណូណ៍ចំនួន ៦៦៩ គម្រោង នៅទូទាំងប្រទេសកម្ពុជា។
លោក តានិណ អ៊ិឈិតុម៉ុ ឧបទូត នៃស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា “ខ្ញុំមានសេចក្តីសោមនស្សរីករាយដោយសង្កេតឃើញថានាពេលថ្មីៗនេះ ប្រទេសកម្ពុជា បាននិងកំពុង អភិវឌ្ឍយ៉ាងឆាប់រហ័ស។ ទោះជាយ៉ាងណា ខ្ញុំក៏ទទួលស្គាល់ថានៅតែមានបញ្ហាប្រឈមមួយចំនួនដែលត្រូវ ដោះស្រាយ ដើម្បីលើកកម្ពស់គុណភាពនៃជីវភាពរស់នៅរបស់ប្រជាជន។ ជប៉ុននឹងបន្តចូលរួមចំណែកក្នុងការ ដោះស្រាយបញ្ហាប្រឈមទាំងនោះ តាមរយៈគ្រោងការណ៍សហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ផ្សេងៗ រួមទាំង “គូសាណូណិ” ផងដែរ”៕