ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងទេសចរណ៍ត្រៀមរៀបចំ ធ្វើជាម្ចាស់ផ្ទះ វេទិកាទេសចរណ៍មេគង្គ ឆ្នាំ២០២៣ (Mekong Tourism Forum) នៅខេត្តព្រះសីហនុ

41

(ខេត្តព្រះសីហនុ)៖ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំក្រុការងារបច្ចេកទេស ជួបពិភាក្សាជាមួយ ឯកឧត្តម មីន កុម្ភៈ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោក សៀង នាគ អគ្គនាយករងអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ លោក កាន់ ភារៈ អគ្គនាយកក្រុមហ៊ុន ខ្មែរដាយគ្រុប តំណាងសណ្ឋាគារព្រីនថាម៍ និងសណ្ឋាគារពាក់ព័ន្ធនានា ដើម្បីប្រជុំពិភាក្សា និងផ្តល់យោបល់លើការត្រៀមរៀបចំវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ ក្រោមប្រធានបទ “ការគិតគូឡើងវិញពីភាពធន់ និងប្រព័ន្ធឌីជីថល ក្នុងវិស័យទេសចរណ៍” ( Rethinking for Resilience and Digitalization) ចាប់ពីថ្ងៃទី២៤ ដល់២៨ ខែមេសា ឆ្នាំ២០២៣។

ឯកឧត្តម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបតិ្តការអន្តរជាតិ បានថ្លែងថា ការរៀបចំវេទិកាទេសចរណ៍មេគង្គ ឆ្នាំ២០២៣ ធ្វើឡើងក្នុងគោលបំណង ដើម្បីចូលរួមចំណែកក្នុងការស្តារឡើងវិញវិស័យទេសចរណ៍ និងជំរុញផ្សព្វផ្សាយគោលដៅទេសចរណ៍របស់ប្រទេសមហាអនុតំបន់ (Great Mekong Sub-region) ឲ្យកាន់តែផុលផុសបន្ថែមទៀត។ ដោយឡែកសម្រាប់កម្ពុជា នឹងយកវេទិការនេះ ដើម្បីជំរុញផ្សព្វផ្សាយសម្រាប់យុទ្ធនាការទស្សនាកម្ពុជាឆ្នាំ ២០២៣ (Visit Cambodia Year 2023) និងការធ្វើជាម្ចាស់ផ្ទះនៃប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ (32th SEA Games and 12th Para Games 2023) ផងដែរ។

ឯកឧត្តម មីន កុម្ភៈ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណដល់ក្រសួងទេសចរណ៍ ដែលតែងតែយកចិត្តទុកដាក់លើការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តព្រះសីហនុ ការអភិវឌ្ឍន៍ផលិតផលទេសចរណ៍ថ្មីៗ ការរៀបចំគោលដៅទស្សនា និងការរៀបចំព្រឹត្តិការណ៍សំខាន់ៗនានា ដែលចាប់ពីថ្ងៃទី៩ ដល់១៤ ខែធ្នូ ឆ្នាំ២០២៣ នេះ ខេត្តព្រះសីហនុ នឹងរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រ ជុំទី៣ លើកទី៩ និងការរៀបចំមហាសន្និបាតក្លឹបឆ្នេរសមុទ្រស្អាតជាងគេលើពិភពលោកផងដែរ។ ឯកឧត្តមបានបន្តថា ខេត្តព្រះសីហនុ មានកិត្តិយសធ្វើជាម្ចាស់ផ្ទះវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ ដែលនឹងទទួលភ្ញៀវជាតិ និងអន្តរជាតិដោយផ្ទាល់ប្រមាណ ២០០រូប ហើយរដ្ឋបាលខេត្តព្រះសីហនុបានត្រៀមខ្លួនជាស្រេចគ្រប់រូបភាព ដើម្បីជ្រោមជ្រែងកម្មវិធីខាងលើឲ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានផ្លែផ្អា។

ឆ្លងតាមកិច្ចពិភាក្សា អង្គប្រជុំទទួលបានលទ្ធផលដូចខាងក្រោម៖
១. បានពិនិត្យរបៀបវារៈកម្មវិធី និងការត្រៀមរៀបចំពិធីការទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ ដែលភ្ញៀវអន្តរជាតិនឹងមកដល់ខេត្តព្រះសីហនុនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ និងត្រឡប់វិញនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ និងការត្រៀមរៀបចំការដឹកជញ្ជូន ហូបចុក ស្នាក់នៅ និងការការពារសុវត្ថិភាពរបស់ភ្ញៀវ។
២. សម្រេចជ្រើសរើសទីតាំងសណ្ឋាគារ ព្រីនថាម៍ ដើម្បីរៀបចំព្រឹត្តិការណ៍ខាងលើដោយមានកិច្ចប្រជុំក្រុមការងារទេសចរណ៍មហាអនុតំបន់មេគង្គ លើកទី ៥១ (51st GMS TWG) និងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ (MTCO Board Meeting) នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ វេទិការទេសចរណ៍មេគង្គ ឆ្នាំ២០២៣ (Mekong Tourism Forum 2023) នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ កម្មវិធីទទួលអាហារស្វាគមន៍ និងកម្មវិធីលាយសោយភោជន៍។ អង្គប្រជុំក៏បានពិនិត្យលទ្ធភាពដើម្បីជ្រើសរើសសណ្ឋាគារ Xihu និងសណ្ឋាគារ Jign Bie ដើម្បីជាសណ្ឋាគារដៃគូរសម្រាប់ទទួលការស្នាក់នៅរបស់ភ្ញៀវជាតិ និងអន្តរជាតិផងដែរ។
៣. អង្គប្រជុំបានពិនិត្យលទ្ធភាពក្នុងការជំរុញការចលនាទេសចរណ៍ក្នុងស្រុកតាមរយៈការរៀបចំកញ្ចប់ទស្សនកិច្ច (Post-Tour) ជូនភ្ញៀវជាតិ និងអន្តរជាតិ ដោយផ្តោតសំខាន់លើកញ្ចប់ទស្សនកិច្ចដើម្បីទស្សនាតំបន់សក្តានុពលទេសចរណ៍នានារបស់ខេត្តព្រះសីហនុ នៅលើគោក និងបានពិភាក្សាជាមួយក្រុមហ៊ុន ខ្មែរដាយគ្រុប (Khmer Dive Group) ដើម្បីជំរុញទេសចរណ៍បាតសមុទ្រ សំដៅលើការផ្សព្វផ្សាយសក្តានុពលបាតសមុទ្រកម្ពុជា និងការអភិរក្សធនធានបាតសមុទ្រផងដែរ។
៤. អង្គប្រជុំបានឯកភាពដើម្បីជំរុញការផ្សព្វផ្សាយទាំងផ្ទាល់ និងតាមប្រព័ន្ធឌីជីថល ឲ្យបានកាន់តែផុលផុសបន្ថែមទៀត ដោយក្នុងនោះរដ្ឋបាលខេត្តព្រះសីហនុបានឯកភាពដើម្បីឲ្យក្រុមការងារចងបដាផ្សព្វផ្សាយអំពីកម្មវិធី និងសក្តានុពលទេសចរណ៍នានា នៅតាមគោលដៅសំខាន់ជុំវិញខេត្តផងដែរ។

អត្ថបទដែលជាប់ទាក់ទង