ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃុំខ្លួនមនុស្សប្រុសស្រី៨នាក់ ជួញដូរអាវុធ២៥ដើមចង់បះបោរប្រឆាំងរដ្ឋាភិបាល

121


ភ្នំពេញ៖ ជនសង្ស័យ​ទាំង៨នាក់ ត្រូវបាន​នគរបាល​ចាប់ខ្លួន​នៅ​ខេត្តកំពង់ស្ពឺ ខេត្តកំពត និង​ខេត្តពោធិ៍សាត់ កាលពី​ចុងខែ​កញ្ញា ឆ្នាំ២០១៨ កន្លងមកនេះ។ ពួកគេ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​តុលាការ​ កាលពី​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ ហើយកាលពីរសៀលថ្ងៃទី១ តុលា តំណាងអយ្យការបានសម្រេច ចោទប្រកាន់មនុស្សទាំង០៨នាក់ ពីបទរៀបចំចាត់តាំងក្រុមជនប្រដាប់អាវុធ សន្និធិអាវុធ និងគ្រឿងផ្ទុះដោយគ្មានការអនុញ្ញាត ។

មនុស្ស​ចំនួន៨នាក់ (ស្រី​ម្នាក់) ត្រូវបាន​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​ករណី​ជួញដូរ​អាវុធ​ខុសច្បាប់ ប្រឆាំង​និង​រាជរដ្ឋាភិបាល​កម្ពុជា​ស្របច្បាប់​ដែល​កើតចេញពី​ការបោះឆ្នោត។ រីឯ​មេខ្លោង និង​បក្ខពួក​មួយចំនួនទៀត​ សមត្ថកិច្ច​កំពុងតែ​ស្វែងរក​ ចាប់ខ្លួន ដើម្បី​យកមក​ផ្តន្ទាទោស​តាមច្បាប់។

ប្រភពពីមន្ត្រីនគរបាលបានឲ្យដឹងថា ក្នុងការចាប់ខ្លួនអ្នក៨នាក់នេះ សមត្ថកិច្ចដកហូតបានអាវុធអាកាស្វាយបត់ចំនួន២៨ដើម ដោយជនសង្ស័យកប់លាក់ទុកនៅក្នុងដី ស្ថិតនៅសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ចំនួន២៥ដើម (អាកាស្វាយបត់)។ នៅភូមិតេជោក្បាលដំរី ឃុំតេជោអភិវឌ្ឍន៍ស្រុកឈូក ខេត្តកំពត រកឃើញកាំភ្លើងចំនួនពីរដើម (អាកាមួយដើម និងអឹមសីមួយដើម) និងនៅភូមិបឹងស្មុគ ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិសាត់ រកឃើញកាំភ្លើងCKCមួយដើម ។ ក្រៅពីកាំភ្លើងមាន បង់ចំនួនពីរ គ្រាប់អាកាចំនួន១៧គ្រាប់ និង M16 ចំនួន២០គ្រាប់។

តាមចម្លើយរបស់ជនសង្ស័យ បានសារភាពថា ក្រុមខ្លួនចង់ងើបបះបោរ ប្រឆាំងរាជរដ្ឋាភិបាល និងស្វះស្វែងប្រភពហិរញ្ញវត្ថុ។

លោកឧត្តមសេនីយ៍ អ៊ី សុខឃី ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា បន្ទាប់ពីឃាត់ខ្លួនមនុស្សទាំង៨នាក់ ត្រូវបាននគរបាលកសាង សំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ កាលពីថ្ងៃទី30ខែកញ្ញា ឆ្នាំ២០១៨។

លោកលី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានថ្លែង កាលពីរសៀលថ្ងៃទី១ តុលានេះថា អយ្យការបានសម្រេច ចោទប្រកាន់មនុស្សទាំង៨នាក់ ពីបទរៀបចំចាត់តាំងក្រុមជនប្រដាប់អាវុធ សន្និធិអាវុធ និងគ្រឿងផ្ទុះដោយគ្មានការអនុញ្ញាត និងពីបទចូលរួមក្នុងក្រុមជនប្រដាប់អាវុធ តាមមាត្រា៤៨៥ មាត្រា ៤៨៦ និងមាត្រា៤៨៨ នៃក្រមព្រហ្មទណ្ឌ។ ហើយសំណុំរឿងនេះ បានបញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង