មន្រ្តីមន្ទីរអប់រំខេត្តអះអាងថា រកឃើញថាប្រធានមន្ទីរអប់រំខេត្តត្បូងឃ្មុំ ប្រើប្រាស់ថវិកាសាងសង់អគារមិនសមស្រប និងចាត់ចែងប្រេងសាំងខុសគោលការណ៍ ប្រព្រឹត្តអំពើពុករលួយ ក្លែងបន្លំឯកសារ ដើម្បីកិបកេងថវិកាជាតិ
ត្បូងឃ្មុំ ៖ ក្រោយផ្ទុះករណីលោក អ៉ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ ប្រព្រឹត្តអំពើពុករលួយ ក្លែងបន្លំឯកសារ ដើម្បីកិបកេងថវិកាជាតិរាប់រយលានរៀល សម្រាប់ប្រយោជន៍ផ្ទាល់ខ្លួន ហើយត្រូវបានមន្ត្រីថ្នាក់ក្រោម ស្នើសុំឲ្យរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបញ្ចប់តំណែងនោះ, ពេលនេះមន្ត្រីមន្ទីរអប់រំខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា លោកប្រធានមន្ទីររូបនេះ ត្រូវបានរកឃើញនូវភាពមិនប្រក្រតីជាច្រើនទៀត។
មន្ត្រីមន្ទីរអប់រំខេត្តត្បូងឃ្មុំ បានបញ្ជាក់ឲ្យដឹងថា លោក អ៉ិន ពៅសម្បត្តិ ត្រូវបានរកឃើញថា បានប្រើប្រាស់លុយសាងសង់សាលប្រជុំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងការកិបកេង លុយសាងសង់សាលប្រជុំសំណង់អគារមិនសម និងចំនួនថវិកាដែលធ្វើ។ ជាមួយនេះ ប្រេងសាំងដែលរដ្ឋាភិបាល ផ្តល់ឱ្យមកមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកប្រធានមន្ទីរប្រើប្រាសចាត់ចែងខុសគោលការណ៍ ទុកប្រើប្រាស់ជាប្រយោជន៍បុគ្គលបក្សពួក មិនបានអនុវត្តតាមគោលការណ៍ណែនាំ ដើម្បីឱ្យមន្ត្រីប្រើប្រាស់ប្រេងសាំង ក្នុងកិច្ចការអភិវឌ្ឍវិស័យអប់រំមូលដ្ឋាននោះឡើយ។ ដោយឡែកបេសកកម្ម លោកប្រធានមន្ទីរ តាមគោលការណ៍ណែនាំមន្ត្រីមាន១០ថ្ងៃក្នុង១ខែ ដោយឡែកលោកប្រធានមន្ទីរមានបេសកកម្មសរុបចំនួន៤០ថ្ងៃក្នុងមួយខែ។
មន្ត្រីដដែលបន្ថែមថា ទង្វើរបស់លោកប្រធានមន្ទីរនេះ បង្កើតជាសតិអារម្មណ៍ដល់គ្រូបង្រៀនពេញខេត្តត្បូងឃ្មុំ ដែលមិនគួរកើតមាន ដែលជាស្ថាប័នអប់រំរបស់រដ្ឋ បែរជាប្រពឹត្តអំពើបែបនេះទៅវិញ ដោយគ្រូបង្រៀនលែងស្តាប់ តាមការណែនាំរបស់លោកប្រធានមន្ទីរ ដែលប្រពឹត្តអំពើពុករលួយជាប្រព័ន្ធទៀតហើយ។
សូមជម្រាបថា សំណុំឯកសារជាច្រើន ដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ មន្ត្រីអប់រំ រាប់ចាប់ពីអនុប្រធានមន្ទីរ ប្រធានការិយាល័យ អនុការិយាល័យ នាយកសាលា ដល់បុគ្គិលអប់រំ នៅក្នុងខេត្តត្បូងឃ្មុំ បានបញ្ចេញភស្តុតាង និងសំណុំឯកសារជាច្រើន បង្ហាញពីការប្រព្រឹត្តអំពើពុករលួយរបស់លោក អ៉ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំខេត្តត្បូងឃ្មុំ និងបានដាក់ពាក្យស្នើសុំឲ្យលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បញ្ចប់តំណែងលោក អ៉ិន ពៅសម្បត្តិ ពីប្រធានមន្ទីរអប់រំត្បូងឃ្មុំផងដែរ ដោយសារអះអាងថា ក្រោមការដឹកនាំរបស់លោកប្រធានមន្ទីរ រយៈពេលប៉ុន្មានឆ្នាំមកនេះ គិតតែប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។
ពាក់ព័ន្ធករណីលោក អ៉ិន ពៅសម្បត្តិ, អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន នៅព្រឹកថ្ងៃទី៩ ខែធ្នូនេះថា ក្រសួងកំពុងស្រាវជ្រាវករណីនេះ ដោយការយកចិត្តទុកដាក់៕