ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបើកមហាសន្និបាតលើកទី១៦ របស់ក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសាកលលោក

50

 

ព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីបើកមហាសន្និបាតលើកទី១៦ របស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក។ ពិធីនេះធ្វើឡើងនៅសណ្ឋាគារឆ្នេរសុខា ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោកត្រូវបានបង្កើតនៅឆ្នាំ១៩៩៧ នាទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់។ បច្ចុប្បន្នក្លឹបនេះមានទីស្នាក់ការនៅទីក្រុងវ៉ាននីស ប្រទេសបារាំង និងមានឆ្នេរសមាជិកចំនួន ៤៤ឆ្នេរ ស្នើនឹង ២៦ប្រទេស។ កម្ពុជា ត្រូវបានដាក់បញ្ចូលជាសមាជិកពេញសិទ្ធក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោកក្នុងមហាសន្និបាតលើកទី៧របស់ក្លឹបកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១១ នៅទីក្រុងតួបាគួតា ប្រទេសសេណេហ្គាល់។

ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក តែងតែរៀបចំមហាសន្និបាតរៀងរាល់ឆ្នាំនៅតាមបណ្តាប្រទេសនានាជាសមាជិកក្លឹប។ មហាសន្និបាតនេះ ជាវេទិកាដ៏សំខាន់មួយផ្តល់ឱកាសឱ្យប្រទេសជាសមាជិកក្លឹប បានជួបជជែក និងផ្លាស់ប្តូរបទពិសោធន៍គ្នាលើការគ្រប់គ្រងឆ្នេរសមុទ្រ ក៏ដូចជាលើកឡើងនូវបញ្ហាប្រឈមរបស់ពួកគេ ដើម្បីស្វះស្វែងរកដំណោះស្រាយក្នុងការគ្រប់គ្រងឆ្នេរប្រកបដោយនិរន្តរភាព និងរក្សាបាននូវភាពស្រស់ស្អាត និងការទាក់ទាញអ្នកទេសចរ។ ជាពិសេសមហាសន្និបាតនេះ ក៏ជាឱកាសក្នុងការផ្សព្វផ្សាយគោលដៅ និងផលិតផលទេសចរណ៍ផងដែរ។

បន្ទាប់ពីក្លាយជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោកនៅឆ្នាំ២០១១ កម្ពុជាធ្លាប់បានធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតនេះ រួចម្តងមកហើយកាលពីឆ្នាំ២០១៣ នៅរមណីយដ្ឋានឋានសួគ៌បូកគោ ក្នុងខេត្តកំពត។

តាមរយៈសំណើរបស់កម្ពុជា មហាសន្និបាតរបស់ក្លឹបលើកទី១៤ ដែលរៀបចំនៅទីក្រុងឆ្នេរសមុទ្រតូយ៉ាម៉ា ប្រទេសជប៉ុន ឆ្នាំ២០១៩ ក៏បានបោះឆ្នោតជាឯកច្ឆ័ន្ទផ្តល់សិទ្ធិឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតនេះជាលើកទី២ នៅក្នុងឆ្នាំ២០២២ បន្ទាប់ពីពិនិត្យឃើញកម្ពុជាធ្វើជាម្ចាស់ផ្ទះដោយជោគជ័យនៅឆ្នាំ២០១៣។

មហាសន្និបាតលើកទី១៦ របស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ដែលរៀបចំឡើងនៅកម្ពុជានេះ មានរយៈពេលប្រមាណជា៦ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ ១៤ ខែធ្នូ ឆ្នាំ២០២២។ មហាសន្និបាតនេះ រៀបចំឡើងក្រោមប្រធានបទ «ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្តីសង្ឃឹម»។

សូមរំលឹកដែរថា ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតនៅលើលោក បានខកខានរៀបចំមហាសន្និបាតនេះអស់រយៈពេលពីរឆ្នាំមកហើយ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ១៩។ កម្ពុជា គឺជាប្រទេសដំបូង ដែលរៀបចំមហាសន្និបាតនេះឡើងវិញ ក្រោយការរាតត្បាតនៃជំងឺកូវីដ១៩។ ដូច្នេះមហាសន្និបាតនេះ ក៏នឹងក្លាយទៅជាការចែករំលែកនូវជោគជ័យរបស់កម្ពុជា លើកការគ្រប់គ្រងជំងឺកូវីដ១៩ ដែលជាមេរោគនាំឱ្យកើតវិបត្តិធ្ងន់ធ្ងរលើវិស័យទេសចរណ៍ផងដែរនោះ៕

អត្ថបទដែលជាប់ទាក់ទង