រដ្ឋមន្រ្តីពាណិជ្ជកម្ម ដឹកនាំប្រតិភូក្រសួង និងមន្រ្តីជំនាញ ចុះពិនិត្យទៅពិនិត្យស្តង់លក់ម្ហូបអាហារ ភេសជ្ជៈ និងគ្រឿងឧបភោគបរិភោគមួយចំនួន ដែលបានដាក់តាំងពិព័រណ៍ ក្នុងពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២២
ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ឆ្លៀតក្នុងឱកាសចូលរួមពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២២ នេះ ឯកឧត្តម ប៉ាន សូរស័ក្កិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អមដំណើរដោយ ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក និងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត បានអញ្ជើញចុះទៅពិនិត្យស្តង់លក់ម្ហូបអាហារ ភេសជ្ជៈ និងគ្រឿងឧបភោគបរិភោគមួយចំនួនក្នុងពិធីតាំងពិព័រណ៍ផលិតផល នៅបរិវេណទីលានតេជោក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានផ្ដល់មតិណែនាំដល់ពាណិជ្ជករ និងអាជីវករដែលបានចូលរួមតាំងពិព័រណ៍ផ្គត់ផ្គង់ម្ហូបអាហារ ភេសជ្ជៈ និងគ្រឿងឧបភោគបរិភោគទាំងអស់ ឱ្យរៀបចំទុកដាក់ម្ហូបអាហារឱ្យបានត្រឹមត្រូវ មានសុវត្តិភាព និងអនាម័យល្អ ដើម្បីបម្រើមហាជនដែលអញ្ជើញចូលរួមក្នុងពិធីបុណ្យសមុទ្រ ទទួលទានប្រកបដោយសុខសុវត្តិភាព និងអនាម័យ។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានផ្តាំផ្ញើឱ្យពាណិជ្ជករទាំងអស់ ត្រូវយកចិត្តទុកដាក់ពង្រឹងគុណភាពម្ហូបអាហារឱ្យបានល្អ បូករួមទាំងការពង្រឹងសោភ័ណ និងការវិចខ្ចប់ផលិតផលឱ្យបានត្រឹមត្រូវ និងការផ្តល់សេវាល្អ ដើម្បីរួមចំណែកអភិវឌ្ឈន៍ផលិតផលជាម្ហូបអាហារខ្មែរ ឱ្យមានការចាប់អារម្មណ៏កាន់តែខ្លាំងក្លាពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ ដែលជាកម្លាំងចលករ រួមចំណែកដល់ការជំរុញសកម្មភាពពាណិជ្ជកម្ម និងទាក់ទាញទេសចរណ៍មកកម្ពុជា កាន់តែច្រើនទ្បើងបន្ថែមទៀត។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី និងមន្រ្តីជំនាញ ក៏បានយកសំណាកជាគំរូផលិតផលម្ហូបអាហារមួយចំនួនក្នុងពិធីតាំងពិព័រណ៍នេះ យកទៅធ្វើតេស្តក្នុងមន្ទីរពិសោធន៍រថយន្តចល័តរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ដើម្បីស្វែងរកសារធាតុហាមឃាត់ក្នុងចំណីអាហារ ផងដែរ៕