នគរបាលស្រុកមោងឫស្សី ឃាត់ខ្លួនយុវជនម្នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈជាមួយអនីតិជន
បាត់ដំបង ៖ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង២១និង៥០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលកកោះ បានទទួលពាក្យបណ្ដឹងពីអាណាព្យាបាលជនរងគ្រោះមានករណីរួមភេទជាមួយកូនស្រីរបស់ពួកគាត់ ត្រង់ចំណុចក្រុមទី៨ ភូមិចកធំ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
ករណីនេះ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកស្រីឧត្តមសេនីយ៍ត្រី រស់ ជីវី ស្នងការរងទទួលការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងមានការសម្របសម្រួលនិតីវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ឈ្មោះ វៀច តុលា ហៅតុល ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិចកធំ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ពីបទរួមភេទជាមួយអនីតិជនអាយុក្រោយ១៥ឆ្នាំ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពរួមភេទទៅលើកុមារីជនរងគ្រោះឈ្មោះ ចរ.សរវរ ភេទស្រី អាយុ១១ឆ្នាំ បានសម្រេចចំនួន ០២ដង នៅចំណុចភូមិចកធំ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង (ស្ថិតនៅនឹងផ្ទះជនសង្ស័យផ្ទាល់) កាលពីថ្ងទី០៦ និងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ ។
បច្ចុប្បន្ន កម្លាំងនគរបាលស្រុកមោងឫស្សី បានកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញខេត្ត ដើម្បីចាត់បន្តតាមនីតិវិធី ៕