ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះសង្ឃ​វត្ត​សុវណ្ណ​គី​រី​ ឆាន់ចង្ហាន់​ក្នុង​មុង​ ដោយសារ​​សត្វរុយ ដែល​កើត​មកពី​គំនរ​សំរាម នៅក្បែរវត្ត

195


ខេត្តកំពង់ស្ពឺ ៖ ព្រះសង្ឃ​វត្ត​សុវណ្ណ​គី​រី​ ហៅ​ភ្នំ​កំប៉ូត​ ស្ថិតក្នុង​ភូមិ​តា​ម៉ុ​ល ​សង្កាត់​/ក្រុង​ច្បារមន ​ឆាន់ចង្ហាន់​ក្នុង​មុង​ ដោយសារ​​សត្វរុយ ដែល​កើត​មកពី​គំនរ​សំរាម ដែល​គេ​យកមក​គរ​ចោលមាន​ចម្ងាយ​ប្រហែល​២០០​ម៉ែត្រពីវត្ត ​។

បើ​តាម​ពុទ្ធបរិស័ទ​ដែល​នាំ​យក​ចង្ហាន់​ ទៅ​វេរ​ប្រគេន​ដល់​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះ​វស្សា​នៅ​វត្ត​នេះ​ បាន​ឲ្យ​ដឹង​ថា រដូវ​នេះ​ជា​រដូវ​បុណ្យ​ភ្ជុំ ដូច្នេះ​ហើយ​ទើប​មិន​ថា អ្នក​នៅ​ជិត ឬ​ក៏​ឆ្ងាយ​នោះ​ទេ តែងតែ​នាំ​កូនចៅ​មាន​ទាំង​ចង្ហាន់​មក​កាន់​វត្ត ដើម្បី​ឧទ្ទិស​កុសល​ដល់​ញាតិ​កាទាំង​៧​សន្តាន​ទៅ​កាន់​លោក​ខាង​មុខ​ តែ​អ្វី​ដែល​ជា​ការ​រំខាន​នោះ គឺ​សត្វ​រុយ​ដែល​ហើរ​ចេញពី​គំនរ​សំរាម​នៅ​ក្បែរ​វត្ត​មក​ទំ​លើ​ចាន​ចង្ហាន់​យ៉ាងច្រើន​ស្អេកស្កះ​មើលទៅ​គួរ​ឲ្យ​ព្រឺក្បាល​ខ្លាំង​ណាស់ ។

ដូច្នេះ​ហើយ​ទើប​គណៈកម្មការ​វត្ត​ព្រមទាំង​ពុ​ទ្ឋ​បរិស័ទ​ចំណុះ​ជើងវត្ត​សម្រេច​គ្នា​ថា មាន​តែ​ដេរ​មុង​ឲ្យ​ធំ ហើយ​យក​មក​ចង​គ្រប​ពីលើ​នោះ​ទេ ទើប​ព្រះសង្ឃ​អាច​ឆាន់ចង្ហាន់​បាន​ ដោយ​គ្មាន​ការ​រំខាន​ពី​សត្វ​រុយ ធ្វើ​ដូច្នេះ​ដោយសារ​តែ​គិតគូរ​ពី​ព្រះ​សុខភាព​ព្រះសង្ឃ ។

លោកតា​អាចារ្យ​ម្នាក់​បាន​ឲ្យ​ដឹង​ថា វត្ត​កំប៉ូត​នេះ​មាន​ព្រះសង្ឃ​គង់​ជាង​១០​អង្គ ហើយ​បច្ចុប្បន្ន​អំឡុង​ពេល​តាំង​ចូល​វស្សា គឺ​មាន​តិចតួច​នោះ​ទេ ទើបតែ​ដល់​ពេល​ដាក់​បិណ្ឌ (​បុណ្យ​ភ្ជុំ​) រហូត​មក​ដល់​នេះ ណាមួយ​ភ្លៀង​ផង ទើប​សត្វ​រុយ​ហើរ​មក​កាន់តែ​ច្រើន​ ហើរ​ចេញ​មក​ពី​គំនរ​សំរាម​ដែល​នៅ​ក្បែរ​វត្ត ។

ចំណែក​ពុទ្ធបរិស័ទ​បាន​សំណូមពរ​ដល់​លោក​ប្រធាន​មន្ទីរ​បរិស្ថាន សូម​មេត្តា​ចាត់​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ និង​ទប់ស្កាត់​ផង ដើម្បី​ឲ្យ​អ្នក​ទៅ​ធ្វើបុណ្យ​បាន​ស្ងប់​អារម្មណ៍​រឿង​សត្វ​រុយ​ទំលើចង្ហាន់ ៕

អត្ថបទដែលជាប់ទាក់ទង