ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមាជិកនៃសមាគមមនុស្សចាស់របស់រាជធានីទាំងអស់ទទួលបានការយកចិត្តទុកដាក់ពីការផ្តល់សេវាសុខាភិបាលសាធារណៈដោយឥតគិតថ្លៃ

220

 

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជាក់ថា សមាជិកសមាគមមនុស្សចាស់របស់រាជធានីភ្នំពេញទាំងអស់ទទួលបានការយកចិត្តទុកដាក់ពីការផ្តល់សេវាសុខាភិបាលសាធារណៈដោយឥតគិតថ្លៃជូនពួកគាត់ ។

  ការបញ្ជាក់បែបនេះរបស់លោក ឃួង ស្រេងបានធ្វើឡើងកាលពីល្ងាចថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ ក្នុងពិធីទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិនៅសាលារាជធានីភ្នំពេញ ដែលពិធីនេះមានការចូលរួមពីបងប្អូនមនុស្សចាស់ជាច្រើនរយ នាក់។

   លោក ឃួង ស្រេង បានបន្តថា “មនុស្សចាស់ ទោះបីពួកគាត់បានក្លាយជានិវត្តន៍ជនក៏ដោយ ប៉ុន្តែពួកគាត់នៅតែមានសមត្ថភាព និងជាប្រភពទុនមួយដែលមិនអាចខ្វះបានសម្រាប់ជួយបណ្តុះបណ្តាលមនុស្សជំនាន់ក្រោយ ដែលក្មេងខ្លះមិនអាចអនុវត្តការងារបានដូចមនុស្សចាស់នោះទេ”។ កត្តាទាំងអស់នេះហើយ ដែលរដ្ឋបាលរាជធានី ភ្នំពេញត្រូវតែយកចិត្តទុកដាក់ដល់ពួកគាត់ ពិសេសគឺផ្តល់សេវាសុខភាពដោយឥតគិតថ្លៃ និងធ្វើដំណើរតាមរថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃផងដែរ។

  លោក អភិបាលរាជធានីលើកឡើងទៀតថា មនុស្សចាស់ត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីប្រមុខរាជរដ្ឋាភិបាល រហូតមានការជួយឧបត្ថមជាច្រើនរួមជាមួយនឹងការពិនិត្យព្យាបាល ដោយមិនយកប្រាក់ផងដែរ។ មនុស្សចាស់បានពន្យល់ទុកនូវគុណបំណាច់ជាច្រើនជូនជាតិមាតុភូមិ និងចូលរួម អភិវឌ្ឍន៍ ឈានដល់ការរីកចំរើន ដែលនេះហើយជាស្នាដៃដ៏ធំធេងសម្រាប់ក្មេងជំនន់ក្រោយ។                      

     អភិបាលរាជធានីភ្នំពេញ ជាមួយគ្នានោះដែរបានជ្រុញអោយអាជ្ញាធរសង្កាត់ទាំង១០៥ នៅទូទាំងរាជធានី ត្រូវតែយកចិត្តទុកដាក់ដល់មនុស្សចាស់ ពិសេសសមាជិករបស់សមាគមមនុស្សចាស់ ដែលរដ្ឋបាលរាជធានីបានបង្កើតសមាគមរួចមកហើយនៅតាមសង្កាត់និមួយៗ។

   លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ឋជន និងយុវនិតិសម្បទា បានលើកឡើងថា “តាមស្ថិតិ ឆ្នាំ២០១៧ មនុស្សវ័យចាស់នៅរាជធានីភ្នំពេញចាប់ពីអាយុ៦១ឆ្នាំឡើងទៅ មានចំនួន១៣៣,៣៦៣នាក់”។ លោកស្រីថ្លែងថា រដ្ឋបាលរាជធានីភ្នំពេញ បានកំណត់យកជាអាទិភាពឲ្យមន្ត្រីសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានី ដាក់បញ្ជូលកម្មវិធី និងគ្រប់គ្រងសមាគមមនុស្សចាស់ ទៅក្នុងកម្មវិធីប្រជុំរបស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ដើម្បីឲ្យសង្កាត់ ក្នុងរាជធានី បន្តអនុវត្ត ចងក្រងពង្រឹងនិងពង្រីកជួយដល់សមាជិកសមាគមមនុស្ស ដែលបច្ចុប្បន្នមានចំនួនសមាជិកសរុប២០,១៦២នាក់ ក្នុងនោះមានស្រ្តី១១,៥៧៤នាក់។

  លោកស្រី មុំ ចាន់ដានី មានប្រសាសន៍ទៀតថា បញ្ហាចម្បងរបស់មនុស្សចាស់ មានបញ្ហាប្រឈមមុខនោះ គឺសុខភាព ស្មារតីចងចាំទន់ខ្សោយ ឱកាសរកប្រាក់ចំណូលតិចតូច ពិបាកក្នុងការធ្វើដំណើរ ជាពិសេស ត្រូវទទួលខុសត្រូវ ក្នុងការមើលថែផ្ទះសំបែង និងមើលថែកូនចៅ។ មនុស្សវ័យចាស់មួយចំនួនទៀត ដោយសារតែស្ថានភាពទូទល់ក្រ ចេញទៅស្វែងរកថវិកា ដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ និងមនុស្សវ័យចាស់មួយចំនួនតូចត្រូវបានកូនៗបោះបង់ចោល ដោយកូនពួកគាត់ត្រូវបង្ខំចិត្តធ្វើចំណាកស្រុកទៅក្រៅប្រទេស ឬចាកចេញពីផ្ទះសំបែងយូរ ដោយទុកអោយមនុស្សចាស់មើលថែចៅៗ និងស្វែងរកថវិកា សម្រាប់ជីវភាពប្រចាមថ្ងៃ៕

អត្ថបទដែលជាប់ទាក់ទង