ការអប់រំយល់ដឹងផ្នែកសុខភាព ដើម្បីបង្ការទប់ស្កាត់បញ្ហាជំងឺទឹកនោមផ្អែម ផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំជក់ ការស្រូបផ្សែងបារី និងបញ្ហាពុលចំណីអាហារ
ភ្នំពេញ ៖ មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសរុប៦០នាក់ ទទួលបានការអប់រំយល់ដឹងផ្នែកសុខភាព ដើម្បីបង្ការ ទប់ស្កាត់ ដូចជាជំងឺទឹកនោមផ្អែម ផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំជក់ ការស្រូបផ្សែងបារី និងបញ្ហាពុលចំណីអាហារ ក្នុងគោលបំណងដើម្បីលើកស្ទួយសុខភាពក្នុងជួរកងកម្លាំងនគរបាលឱ្យបានរឹងមាំក្នុងការបំពេញភារកិច្ចការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម កាន់តែមានប្រសិទ្ធភាពខ្ពស់ ។
សិក្ខាសាលាស្តីពីអប់សុខភាព នគរបាល បានរៀបចំធ្វើឡើងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ដែលមានការរៀបចំដោយអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញាវត្ថុ ក្រសួងមហាផ្ទៃ ប្រព្រឹត្តទៅក្រោមវត្តមាន លោកឧត្តមសេនីយ៍ទោ វេជ្ជបណ្ឌិត ធីវ ឈុនស៊ីម អនុប្រធាននាយកដ្ឋានសុខាភិបាល និងលោកឧត្តមសេនីយ៍ទោ បេង ដាណារ៉ា ស្នងការរងទទួលផែនការងារភស្តុភារនិងហិរញ្ញវត្ថុ ដែលជាតំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ទោ បេង ដាណារ៉ា ស្នងការរង បានលើកឡើងថា សិក្ខាសាលាស្តីពីសុខភាព នគរបាល ដែលបានរៀបចំនៅពេលនេះគឺមានសារៈសំខាន់សម្រាប់មន្ត្រីនគរបាលទាំងអស់ក្នុងការទទួលបាននូវចំណេះដឹងកម្រិតបឋម អំពីការប្រឈមនៃប្រភេទជំងឺចំពោះមុខមួយចំនួន ដែលអាចកើតឡើង និងអំពីបង្ការ ការពារផងដែរ។ពីព្រោះបញ្ហាសុខភាពនេះថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញតែងបានយកចិត្តទុកដាក់ហើយរំលឹកណែនាំជាប្រចាំឱ្យកងកម្លាំងនគរបាលត្រូវចេះថែទាំសុខភាពឱ្យបានល្អ សុខភាពល្អ ទើបការបំពេញភារកិច្ចទទួលបានជោគជ័យ ។
លោកឧត្តមសេនីយ៍ស្នងការរង ក៏បានណែនាំដល់មន្ត្រីនគរបាលដែលបានចូលរួមក្នុងសិក្ខាសាលាស្តីពីសុខភាពនគរបាល ត្រូវខិតខំយកចិត្តទុកដាក់ស្តាប់ការបង្ហាញនូវមេរៀននានាពីគ្រូបង្គោលដើម្បីក្រេបយកចំណេះដឹងសម្រាប់យកទៅអនុវត្តលើកកម្ពស់សុខភាពឱ្យបានល្អប្រសើរ ។
លោកឧត្តមសេនីយ៍ទោ វេជ្ជបណ្ឌិត ធីវ ឈុនស៊ីម បានមានប្រសាសន៍ថា ការបើកនូវសិក្ខាសាលាស្តីពី សុខភាពនគរបាល ជាការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ លើកកម្ពស់សុខភាពជួរកងកម្លាំងនគរបាលក្នុងនាមជាកងកម្លាំងរបស់រដ្ឋ ដែលមានតួនាទីភារកិច្ចស្នូលយ៉ាងធំធេង ការពារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម នៅខណៈដែលកងកម្លាំងនគរបាលគឺមានភាពមមាញឹបំពេញបេសកម្មការងាររបស់ខ្លួននដែលមានការទទួលខុសត្រូវខ្ពស់ចំពោះមុខជាចាំបាច់។សិក្ខាសាលានេះផងដែរ គឺបង្កើនមានការយល់ដឹងអំពីការថែទាំសុខភាព ការការពារទប់ស្កាត់ និងពីបញ្ហាប្រឈមនៃជំងឺផ្សេងៗ ។
សូមបញ្ជាក់ថា សិក្ខាសាលាខាងលើគឺដំណើរការយៈពេ០១ថ្ងៃ ដែលមានគ្រូបង្គោលមកពីនាយកដ្ឋានសុខាភិបាល ក្រសួងមហាផ្ទៃ ធ្វើបទបង្ហាញ ៕