កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសំណើ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញទាក់ទងនឹងការដាក់បំពង់មេនាំទឹកស្អាតពីបាតទន្លេសាប ដើម្បីផ្គត់ផ្គង់ជូនប្រជាពលរដ្ឋ
ភ្នំពេញ៖ ទីស្ដីការក្រសួង៖ ថ្ងៃអង្គារ ៥កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសំណើរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញសុំអនុញ្ញាតអនុវត្តគម្រោងដាក់បំពង់មេនាំទឹកស្អាតនៅបាតទន្លេសាប ដើម្បីផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ ដោយមានការចូលរួមពីក្រុមការងារបច្ចេកទេសពាក់ព័ន្ធក្រោមឱវាទក្រសួង។
អង្គប្រជុំបានពិនិត្យ និងពិភាក្សាយ៉ាងផុលផុសទៅលើលទ្ធផលនៃការសិក្សារបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញទាក់ទងនឹងគម្រោងដាក់បំពង់មេនាំទឹកស្អាតពីបាតទន្លេសាប ជាពិសេសបច្ចេកទេសសាងសង់ រយៈពេលនៃការសាងសង់ បញ្ហាប្រឈមនៃគម្រោង និងដំណោះស្រាយបន្ទាន់ឆ្លើយតបលើបញ្ហាប្រឈមទាំងនោះ។
ថ្លែងក្នុងកិច្ចប្រជុំនាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្ដល់អនុសាសន៍ណែនាំឱ្យបង្កើតក្រុមការងារដើម្បីសហការឱ្យបានជិតស្និទ្ធសិក្សាឱ្យបានកាន់តែច្បាស់លាស់បន្ថែមទៀតអំពីគម្រោងនេះ ជាពិសេសត្រូវស្វែងយល់ពីជម្រៅទឹកដែលនៅសេសសល់សម្រាប់នាវាធ្វើចរាចរណ៍ ក៏ដូចជាស្វែងយល់អំពីព័ត៌មានបច្ចេកទេសពាក់ព័ន្ធ និងជម្រើសនៃការសាងសង់ផ្សេងៗទៀតផងដែរ៕