សម្ដេចក្រឡាហោម ស ខេង បានអនុញ្ញាតជូន ឯកឧត្តម អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតរុស្ស៊ី ចូលជួបពិភាក្សាការងារ នៅវិមានរដ្ឋសភា។
ភ្នំពេញ ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៧កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូន ឯកឧត្តម អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅកម្ពុជា ចូលជួបពិភាក្សាការងារ នៅវិមានរដ្ឋសភា។
ឯកឧត្តម អាណាតូលី បូរ៉ូវីក បានសម្ដែងនូវការរំលែកមរណទុក្ខ និងសោកស្ដាយ ចំពោះឧបទ្ទវហេតុឆេះអគារកាស៊ីណូនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ឯកឧត្តមក៏បានចូលរួមអបអរសាទរកម្ពុជា ដែលបានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន ប្រកបដោយជោគជ័យនាឆ្នាំ២០២២នេះ ក្នុងនោះក៏មានការចូលរួមពីគណៈប្រតិភូជាន់ខ្ពស់ប្រទេសរុស្ស៊ីផងដែរ។
ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះក្រសួងមហាផ្ទៃ ដែលបានការពារសន្តិសុខយ៉ាងល្អ ក្នុងនោះក៏មានកិច្ចការពារសន្តិសុខជូនប្រតិភូរុស្ស៊ី និងបានបន្តលើកឡើងអំពីកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងរុស្ស៊ី និងកម្ពុជា ដូចជាការបណ្ដុះបណ្ដាលមន្រ្តីនគរបាលកម្ពុជា ក្នុងវិស័យសន្តិសុខ រួមមានការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ប្រឆាំងអំពើភេរវកម្ម ប្រឆាំងសកម្មភាពជ្រុលនិយម និងការប្រឆាំងការលាងលុយកខ្វក់។
ឯកឧត្តមក៏បានស្នើសម្ដេចក្រឡាហោម ស ខេង ពង្រីកកិច្ចសហប្រតិបត្តិការជាមួយភាគីកម្ពុជា ពិសេសខ្លឹមសារនៃកិច្ចសហប្រតិបត្តិការដែលមានចាប់ពីឆ្នាំ១៩៩១ ចំនួន៧៤ច្បាប់។ ឯកឧត្តមបន្តថា នៅមានឯកសារកិច្ចសហប្រតិបត្តិការមួយចំនួនទៀតកំពុងសិក្សា និងមិនទាន់មានការចុះហត្ថលេខាទេ ដូច្នេះឯកឧត្តមស្នើសុំសម្ដេចជួយពន្លឿនការងារនេះ។
ជាការឆ្លើយតប សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណឯកឧត្តម អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតរុស្ស៊ី ដែលបានចូលរួមរំលែកមរណទុក្ខ និងសោកស្ដាយចំពោះករណីឆេះអគារកាស៊ីណូនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ សម្ដេចក៏បានថ្លែងអំណរគុណប្រទេសរុស្ស៊ី ដែលបានវាយតម្លៃខ្ពស់ចំពោះកម្ពុជា សម្រាប់ការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន។
សម្ដេចបានថ្លែងអំណរគុណប្រទេសរុស្ស៊ី ដែលជួយបណ្ដុះបណ្ដាលមន្រ្តីនគរបាលកម្ពុជា។ សម្ដេចក៏បានលើកឡើងដែរថា ការប្រើប្រាស់រូបិយបណ្ណនិម្មិតគ្រីតូ ដូចដែលភាគីរុស្ស៊ីកំពុងព្រួយបារម្ភ ដូចជាបញ្ហាទាមទារការយកចិត្តទុកដាក់ខ្ពស់ ព្រោះជនល្មើសប្រើវិធីនេះដើម្បីលាងលុយកខ្វក់ និងប្រព្រឹត្តបទល្មើសឆ្លងដែន។ ចំពោះឯកសារកិច្ចសហប្រតិបត្តិការនៅសេសសល់ សម្ដេចសន្យាថា នឹងជំរុញមន្រ្តីពាក់ព័ន្ធជំរុញឱ្យមានវឌ្ឍនភាព៕