ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញកោតសរសើរ ចំពោះវិធានការទប់ស្កាត់ឡានធំមិនឲ្យចូលក្រុងពេលថ្ងៃនិងការសណ្តាប់ធ្នាប់របស់រដ្ឋបាលរាជធានី

98

ភ្នំពេញ៖ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានសម្តែងការកោតសរសើរ និងឯកភាពទៅលើចំណាត់ការ និងវិធានការរបស់រដ្ឋបាលរាជធានីភ្នំពេញលើបញ្ហាទប់ស្កាត់ឡានធំមិនឲ្យចូលក្រុងពេលថ្ងៃនិងការរៀបចំ សណ្តាប់ធ្នាប់តាមដងផ្លូវនានា ក៏ដូចទីប្រជុំផ្សារ និងការដោះស្រាយបញ្ហាកកស្ទះចរាចរក្នុងក្រុង។  ប៉ុន្តែទោះបីជាយ៉ាងណាបញ្ហាអសកម្មមួយចំនួនក៏ នៅតែកើតមាន ដូចជាការយកទ្រូងផ្លូវធ្វើជាទីតាំងលក់ដូរ ឬចតយានយន្តបែបអនាធិបតេយ្យធ្វើឲ្យទំហំផ្លូវរួមតូច បង្កការកកស្ទះចរាចរ ដែលការងារនេះអាជ្ញាធររាជធានីភ្នំពេញបាននឹងកំពុងធ្វើរាល់ថ្ងៃ។

   ការសម្តែងការកោតសរសើរ និងការលើកឡើងរបស់ក្រុមប្រឹក្សារាជធានីភ្នំពេញអណត្តិទី២ បានធ្វើឡើងក្នុង កិច្ចប្រជុំសាមញ្ញលើកទី៥៣របស់ខ្លួនកាលពីព្រឹកថ្ងៃទី៤តុលាដើម្បីពិភាក្សា ដោយបានអនុមត័របាយការណ៏ការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ និងការងារបច្ចុប្បន្នភាពស្តីពីការអភិវឌ្ឍន៏រាជធានីភ្នំពេញផងដែរ។

សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ក៏បានទទួលស្គាល់ដែរថា បញ្ហាចរាចរនាពេលបច្ចុប្បន្នជាបន្ទុកធ្ងន់ធ្ងរសំរាប់រាជធានីភ្នំពេញដែលត្រូវយកចិត្តទុកដាក់ដោះស្រាយ។

   លោកម៉ប់ សារិន ប្រធានក្រុម ប្រឹក្សារាជធានីភ្នំពេញក៏បានថ្លែងកោតសរសើរផងដែរចំពោះការខិតខំប្រឹងប្រែង របស់រដ្ឋបាលរាជធានីភ្នំពេញដោយលោកម៉ប់ សារិន បានគូសបញ្ហាក់ថា ការងារកែទំរង់របស់រាជរដ្ឋាភិបាលកំពុងដើរចូលកាន់តែជ្រៅទៅក្នុងបេះដូង និងក្រពះប្រជាពលរដ្ឋយើងជាពិសេសគោលនយោបាយគាំពារសង្គម។ 

  ក្នុងនាមលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកកើត ឆែ បានលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញមានPage រដ្ឋបាលរាជធានីភ្នំពេញដែលទទួលយកពត៏មានពីប្រជាពលរដ្ឋ ឬខាំមិន លើបញ្ហាផ្សេងៗរួមទាំងPageផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនផងដែរ។   

    លោកកើត ឆែ បន្តថា រដ្ឋបាលរាជធានីភ្នំពេញបានចេញអាជ្ញាបណ្ណ័ឲ្យម្ចាស់អាជីវកម្មដ្ឋានគឺត្រឹមត្រូវ តែសំខាន់អ្នកអនុវត្តមិនបានត្រឹមត្រូវ។រដ្ឋបាលរាជធានីភ្នំពេញមិនបានអនុញ្ញាតិឲ្យមានការលក់ដូរលើទ្រូងផ្លូវនោះទេ ហើយនៅពេលខាងមុខនេះរដ្ឋបាលរាជធានីភ្នំពេញនឹងកោះប្រជុំជាមួយអាជ្ញាធរខណ្ឌទាំង១២និងផ្នែកពាក់ពន្ធ័ទៅលើការពង្រឹងការរៀបចំ សណ្តាប់ធ្នាប់តាមដងផ្លូវ ក្រោយពីយើងបានរៀបចំសណ្តាប់ធ្នាប់ទទួលបានលទ្ធ ផលល្អប្រសើរលើដងផ្លូវសំខាន់ៗទាំង១១ខ្សែក្នុងក្រុងកន្លងមក៕

អត្ថបទដែលជាប់ទាក់ទង