ទំនិញនៅក្នុងប្រទេសកម្ពុជា បាននាំយកទៅអឺរ៉ុប ដោយពុំមានជាប់ពន្ធគយ ជាប់កូតា
ភ្នំពេញ៖ លោក George EDGAR ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពជា បានថ្លែងនៅចំពោះមុខអ្នកសារព័ត៌មានកម្ពុជា ការអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុបសម្រាប់កម្ពុជា គឺជាការអនុគ្រោះផ្នែកពាណិជ្ជកម្ម ដែលសភាពាណិជ្ជអឺរ៉ុប ផ្តល់ទៅលើប្រទេស ដែលមានការអភិវឌ្ឍតិចតួច ហើយអ្វីដែល EBA ផ្តល់ជូន គឺការនាំទំនិញពីប្រទេសទាំងអស់នោះ ដោយមិនជាប់ពន្ធគយ និងមិនជាប់ការកំណត់កូតា ហើយចំពោះប្រទេសកម្ពុជា សភាពាណិជ្ជអឺរ៉ុប បានបញ្ចូលគ្រប់ទំនិញទាំងអស់ លើកលែងតែការនាំចេញអាវុធ។
លោក George EDGAR បានថ្លែងកាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្នុងឱកាសដែលលោកអញ្ជើញ ជាអធិបតីក្នុងវេទិកាសារព័ត៌មាន ក្រោមប្រធានបទ ជំនួញ និងកិច្ចអភិវឌ្ឍន៍ នៅសណ្ឋាគារមួយ រាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក Tasilo Brinser អនុប្រធាននៃសភាសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា និងអ្នកសារព័ត៌មានមកពីគ្រប់ស្ថាប័នជាច្រើននាក់។
លោកឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានបន្ថែមទៀតថា បើនិយាយពីប្រទេស ដែលមានការអភិវឌ្ឍតិចតួច ជាការពិតវាជាការដាក់ចំណាត់ការ ដោយអង្គការសហប្រជាជាតិ ដែលគិតអំពីផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ក្នុងប្រជាជនម្នាក់ ប៉ុន្តែបើគិតពីសន្ទុះនៃការអភិវឌ្ឍមនុស្សមានន័យថា គេគិតទៅលើប្រទេសមួយ នឹងអាចមានភាពរងគ្រោះកម្រិតណា ប្រសិនបើមានវិបត្តិហិរញ្ញាវត្ថុ មានការកើតឡើងនៃគ្រោះធម្មជាតិ ប្រជាពលរដ្ឋអាចងើបផុតពីភាពក្រីក្រ ហើយអាចធ្លាក់ចុះមកភាពក្រីក្រវិញកម្រិតណា ដូចនេះគេវាស់វែងទៅលើភាពងាយរងគ្រោះទាំងអស់នោះ ហើយក៏គេគិតទៀតថា ប្រទេសនោះផ្តោតទៅលើផលិតកម្មកសិកម្ម ឬប្រាក់ចំនូលសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ឡើងដល់កម្រិតមួយជាទីពេញចិត្ត។
ដូច្នេះហើយការដាក់កម្រិតរបស់ UN គេនឹងធ្វើការកែសម្រួលរយៈពេល៣ឆ្នាំម្តង ហើយដើម្បីឱ្យប្រទេសកម្ពុជា ចេញផុតពីប្រទេស ដែលមានការអភិវឌ្ឍតិចតួចទាល់តែប្រទេសកម្ពុជា ឈានទៅដល់មួយកម្រិតទៀតជាប់ៗគ្នា២ដង ដែលម្តងមានរយៈពេល៣ឆ្នាំ មានន័យថា ៦ឆ្នាំទៀត គឺនៅឆ្នាំ២០២៤ ប្រទេសកម្ពុជាងើបចេញពីការអភិវឌ្ឍតិចតួចហើយ ពេលនោះ EBA និងផ្តល់រយៈពេលអនុគ្រោះ៣ឆ្នាំបន្ថែមទៀត ដូចនេះទាល់តែឆ្នាំ២០២៧ ទើបប្រទេសកម្ពុជា អាចនឹងត្រូវដកចេញពី EBA បើគិតពីលក្ខណៈទ្រឹស្តីនេះ ដូចនេះសម្រាប់ប្រទេសកម្ពុជា និងបន្តការអនុគ្រោះពន្ធ មានរយៈពេលច្រើនឆ្នាំទៀត។
លោកបន្តថា សព្វថ្ងៃនេះ ទំនិញនៅក្នុងប្រទេសកម្ពុជា បាននាំយកទៅអឺរ៉ុប ដោយពុំមានជាប់ពន្ធគយ ជាប់កូតានោះទេ ។ ទំនិញនៅក្នុងប្រទេសកម្ពុជា មានភាពប្រកួតប្រជែងខ្លាំង ជាងទំនិញពីប្រទេសផ្សេងទៀត ដែលងើបចេញពីប្រទេស ដែលមានការអភិវឌ្ឍតិចតួច ព្រោះប្រទេសទាំងអស់នោះ ត្រូវគោរពតាមគោលការមួយចំនួន ដូចជាត្រូវជាប់ពន្ធគយ និងជាប់កូតាជាដើម។
លោក George EDGAR បានថ្លែងថា បើតាមការព្យាករណ៍របស់ធនាគារពិភពលោក លើផលិតផលក្នុងស្រុកសរុប សម្រាប់ប្រជាជនកម្ពុជាម្នាក់ បង្ហាញថា ការអនុគ្រោះផ្នែកពាណិជ្ជកម្ម (EBA) ដែលសភាពាណិជ្ជអឺរ៉ុប ផ្តល់ឲ្យប្រទេសដែលមានការអភិវឌ្ឍតិចតួច គឺប្រទេសកម្ពុជា អាចទទួលបានការអនុគ្រោះពន្ធ រហូតដល់ឆ្នាំ២០២៧។
លោក Tasilo Brinser បានឱ្យដឹងថា ក្រុមហ៊ុនអឺរ៉ុបមានវត្តមាននៅកម្ពុជា ជាយូរឆ្នាំមកហើយ ហើយសហភាពអឺរ៉ុប បានធ្វើការងារជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់នៅកំណើនសេដ្ឋកិច្ច ហើយវាពិតជាមានសារសំខាន់ណាស់ ដែលសាធារណជនទូទៅ បានដឹងអំពីអ្វីដែលសហភាពអឺរ៉ុប បានកំពុងធ្វើនៅកម្ពុជា និងការប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុប ក្នុងការជួយដល់ប្រទេសកម្ពុជា។ សហភាពអឺរ៉ុប បានផ្សព្វផ្សាយច្រើនណាស់ ដើម្បីទាក់ទាញ ការវិនិយោគពីអឺរ៉ុប មកប្រទេសកម្ពុជា ដោយបានរៀបចំជាកម្មវិធីផ្សព្វផ្សាយព័ត៌មាន នៅអឺរ៉ុបដូចជា ការរៀបចំជាពិព័រណ៍ពាណិជ្ជកម្ម បានផ្តល់ព័ត៌មានដល់អ្នកវិយោគទុននៅអឺរ៉ុប ដែលមានគោលបំណងមកវិយោគនៅប្រទេសកម្ពុជា ដោយបានរៀបចំជាគេហទំព័រ ហើយក៏បានផ្សព្វផ្សាយ ពីឱកាសវិនិយោគនៅប្រទេសកម្ពុជា តាមរយៈសភាពណិជ្ជកម្ម ជាបណ្តាញរបស់សភាពាណិជ្ជកម្មអឺរ៉ុប ដើម្បីឱ្យពួកគេបានដឹងពីព័ត៌មាន និងសក្តានុពលនៅក្នុងប្រទេសកម្ពុជា៕