ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រាក់ឈ្នួលរបស់កម្មករនៅឆ្នាំ២០១៩ មិនទាបជាង១៨០ដុល្លារ

80


ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ប្រាក់ឈ្នួលរបស់កម្មករ កម្មការិនី ក្នុងវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង នៅឆ្នាំ២០១៩ រំពឹងថាមិនទាបជាង១៨០ដុល្លារនោះឡើយ បានន័យថាច្រើនជាង១៨០ដុល្លារហើយ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះក្នុងពេលអញ្ជើញជាអធិបតីភាពប្រារព្ធទិវាគ្រូបង្រៀន ៥ តុលា នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សហជីព និងម្ចាស់រោងចក្រ បានព្រមព្រៀងគ្នាឡើងដល់ចំនួនតែ១៧៧ដុល្លារ ប៉ុន្តែខ្ញុំមិនទាន់ពេញចិត្តទេ ។ រាជរដ្ឋាភិបាល បានចរចាជាមួយម្ចាស់រោងចក្រ ដើម្បីផ្តល់នូវកម្រៃបន្ថែមទៀត ហើយខាងរោងចក្រទាមទារឲ្យបញ្ចុះថ្លៃអគ្គិសនី អីចឹងថ្ងៃនេះ(៥តុលា) ត្រូវធ្វើការចរចាបន្ថែមទៀត ប៉ុន្តែក្នុងនាមនាយករដ្ឋមន្រ្តីដែលបានប្រកាសកម្មវិធី បញ្ចុះថ្លៃអគ្គិសនីរួចហើយនោះ ខ្ញុំហ៊ាននិយាយថា ប្រាក់បៀវត្សរ៍របស់កម្មករមិនទាបជាង១៨០ដុល្លារនោះទេ ។ បើដូច្នេះយើងទៅហួសទាំងវៀតណាមទៅទៀត ។ ឆ្នាំ២០១៨ ប្រាក់ខែកម្មកររបស់យើងចំនួន១៧០ដុល្លារ កាលពីឆ្នាំ២០១៦ ចំនួន១៥៣ដុល្លារ។

សម្តេចតេជោ បញ្ជាក់ថា នៅពេលនេះ ទុកលទ្ធភាពឲ្យក្រុមការងារបច្ចេកទេសត្រីភាគី ដើម្បីពិភាក្សាប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង ដើម្បីពិភាក្សាគ្នាមួយថ្ងៃទៀតឲ្យអស់លទ្ធភាព។

សម្តេចតេជោ បានបន្ថែមថា ប្រាក់ឈ្នួលកម្មករសម្រាប់ប្រទេសកម្ពុជា ក្នុងតំបន់អាស៊ីអាគ្មេយ៍ គឺស្ថិតក្នុងលំដាប់ទី៥ ដោយទី១ប្រទេសសិង្ហបុរី ទី២ ព្រុយណេ ទី៣ ម៉ាឡេស៊ី ទី៤ ប្រទេសថៃ ។ ចំណែកប្រទេសជាច្រើនទៀត ស្ថិតនៅក្រោមកម្ពុជា។
ក្រុមការងារបច្ចេកទេសត្រីភាគី ដើម្បីពិភាក្សាប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង បានលើកឡើងពីការប្រៀបធៀបតារាងប្រាក់ឈ្នួល នៅក្នុងតំបន់នៅឆ្នាំ២០១៨ ជាពិសេសប្រទេសដែលលើកលែងតែប្រទេសថៃ មានការរីចម្រើនវិស័យកាត់ដេរ មានដូចជា ១-កម្មករនៅកម្ពុជាទទួលបាន ១៧០ដុល្លារ , ២-បង់ក្លាដេសនៅតែ ៦៧ដុល្លារដដែល, ៣-ស្រីលង្កានៅតែ៦៧ដុល្លារដដែល , ៤-ឥណ្ឌាឡើងពី ៧៧ដុល្លារទៅ ១៤៣ដុល្លារ,៥ -មីយ៉ាន់ម៉ា ឡើងដល់ ១០៨ដុល្លារ, ៦-ឥណ្ឌូណេស៊ី ឡើងដល់ ២៦៧ ដុល្លារ, ៧-វៀតណាមឡើងពី១២២ដុល្លារ ដល់ ១៧៥ដុល្លារ, ៨-ឡាវឡើងដល់ ១៣០ដុល្លារ និង ,៩-ប៉ាគីស្ថាន ១៣៤ដុល្លារ ៕

អត្ថបទដែលជាប់ទាក់ទង