ម្ចាស់មេដាយមាសព្រឹត្តិការណ៍កីឡាអាស៊ី សាលី អ៊ូមើត ឈ្នះមេដាយប្រាក់ពិភពលោក
ភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅថ្ងៃទី៥ខែតុលាឆ្នាំ២០១៨នេះ បានប្រកាសថា វីរកីឡាករ សាលី អ៊ូមើត ម្ចាស់មេដាយមាសកីឡាអាស៊ី Asian Games ឆ្នាំ២០១៨ ឈ្នះដាយប្រាក់ ១ គ្រឿងជូនកម្ពុជា នៅក្នុងការប្រកួតកីឡាម៉ូតូទឹក ជ្រើសរើសជើងឯកពិភពលោក ឆ្នាំ២០១៨ នៅសហរដ្ឋអាមេរិក កាលពីល្ងាចមិញ។ នេះបើតាមការឲ្យដឹងពីកីឡាករ សាលី អ៊ូមើត នាព្រឹកថ្ងៃទី ៥ ខែ តុលា នេះ។
អ៊ូមើត បានឲ្យដឹងថា មេដាយប្រាក់ខ្លួនដណ្ដើមបានពេលនេះ គឺ លើវិញ្ញាសា Ski Modified ដូចកាលខ្លួនប្រកួតនៅព្រឹត្តិការណ៍កីឡាអាស៊ី ដែរ ដោយមានកីឡាករមកពី ៦៣ប្រទេសលើពិភពលោកចូលរួម។ យ៉ាងណាក្ដី រូបគេ បានសម្ដែងការសោកស្ដាយជាខ្លាំង ដែលមិនអាចដណ្ដើមបានមេដាយមាស ជូនកម្ពុជា ស្របពេលកន្លងមក អ៊ូមើត ធ្លាប់ចូលរួមចំនួន ៣លើក រួចមកហើយ។
កីឡាករជួយឲ្យកម្ពុជា បង្កើតកំណត់ត្រាប្រវត្តិសាស្ដ្រ ៦៤ឆ្នាំក្នុងព្រឹត្តិការណ៍អាស៊ី ដដែល បានបញ្ជាក់ពីមូលហេតុ មិនទទួលបានមេដាយមាស ដោយធ្លាក់ទៅកណ្ដាប់ដៃរបស់កីឡាករម្ចាស់ផ្ទះអាមេរិកថា ទម្រាំដណ្ដើមបានមេដាយប្រាក់លើកនេះ ខ្លួនបានខំប្រឹងខ្លាំងណាស់ ព្រោះកម្លាំងម៉ូតូទឹករបស់ខ្លួន មានកម្លាំងខ្សោយជាងកម្លាំងម៉ូតូរបស់កីឡាករម្ចាស់ផ្ទះអាមេរិក ហើយ ការកែម៉ាស៊ីន និងប្រើឧបករណ៍ពិសេស ធ្វើឲ្យម៉ូតូរបស់គេមានល្បឿនលឿនទ្វេដង។
យ៉ាងណាមិញ អ៊ូមើត នៅមិនទាន់បញ្ចប់បេសកកម្ម សម្រាប់ចូលរួមក្នុងនាមកីឡាករជម្រើសជាតិកម្ពុជានេះទេ ដោយនៅសល់ ២វិញ្ញាសាទៀត ត្រូវធ្វើការប្រកួតបន្ដ គឺ វិញ្ញាសា M Pro Ski Stock និង Expert Limited ហើយកីឡាករមានស្រុកកំណើតនៅខេត្តត្បូងឃ្មុំនេះ ក៏បានប្ដេជ្ញាចិត្តនឹងខិតខំប្រឹងប្រែងធ្វើឲ្យបានល្អ ដើម្បីស្វែងរកមេដាយមាសជូនជាតិ នៅក្នុងការប្រកួតកីឡាម៉ូតូទឹកជ្រើសរើសជើងឯកពិភពលោក ឆ្នាំ២០១៨ នៅសហរដ្ឋអាមេរិក៕