កម្ពុជា បានយកចិត្តទុកដាក់ ពីតួនាទីស្រ្តី ជាផ្នែកមួយដ៏សំខាន់ក្នុងការចូលរួមបម្រើជាតិ
រាជធានីភ្នំពេញ៖ នៅរសៀលថៃ្ងទី៥ ខែតុលា ឆ្នាំ២០១៨ លោក នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ទទួលជួបពិភាក្សាការងារយេនឌ័រស្តីពីតួនាទីស្រ្តី ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាមួយកញ្ញា ម៉េលីសា ចាឌីន ប្រធានគ្រប់គ្រងនិងពិគ្រោះយោបល់ ការងារយែនឌ័រនៃមជ្ឈមណ្ឌលសម្រាប់ ការអនុវត្តច្បាប់និងសុខភាពសាធារណ:។
ក្នុងឱកាសនោះ លោក នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ បានជម្រាបជូនភ្ញៀវពីការគិតគូររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុន សែន ជាប្រមុខ បានយកចិត្តទុកដាក់ពីតួនាទីស្រ្តីជាផ្នែកមួយ ដ៏សំខាន់ក្នុងការចូលរួមបម្រើជាតិមាតុភូមិទទួលបានអត្ថប្រយោជន៍ជាច្រើនតាមរយ: ការផ្តល់ឱកាសដល់ស្រ្តីកាន់តួនាទីសំខាន់ៗគ្រប់ជាន់ថ្នាក់តាំងពីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ហើយបានគិតគូរដល់ស្រ្តីមានផ្ទៃពោះ សម្រាលកូន នឹងទទួលបានការឈប់សម្រាកពីការងាររយៈពេល៣ខែ និងទទួលបានប្រាក់បៀវត្សន៍។
ក្នុងឱកាសនោះដែរ លោក នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងបន្តថា ក្រោមការដឹកនាំរបស់លោក នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានផ្តល់ឱកាសដល់ស្រ្តីពីររូបមានតួនាទីជាអគ្គលេខាធិការរង ។
ក្នុងឱកាសនោះនៃជំនួបនោះដែរ កញ្ញាម៉េលីសា ចាឌីន បានថ្លែងអំណរគុណនិងកោតសសើរដល់រាជរដ្ឋាភិបាល និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបានផ្តល់ការយកចិត្តទុកដាក់គិតគូរខ្ពស់ដល់តួនាទីស្រ្តីក្នុងការចូលរួមបម្រើជាតិ ហើយនឹងសុំអញ្ជើញភាគីកម្ពុជា ទៅទស្សនកិច្ចការងារព្យាបាលភាពញៀនគ្រឿងញៀននៅប្រទេសកាណាដា៕