អាជ្ញាធរហេដ្ឋារចនាសម្ព័ន្ធ និងតំណាងក្រុមហ៊ុនមួយចំនួន មកពីចក្រភពអង់គ្លេស ក៏បានបង្ហាញចំណាប់អារម្មណ៍ ក្នុងការជំរុញការវិនិយោគវិស័យហេដ្ឋារចនាសម្ព័ន្ធ រវាងប្រទេសកម្ពុជា និងចក្រភពអង់គ្លេស ក្នុងវិស័យថាមពល
ភ្នំពេញ៖ ឯកឧត្តម សុខ ខាវ៉ាន់ រដ្ឋលេខាធិការ ក្រសួងរ៉ែនិងថាមពលបានបង្ហាញ ការស្វាគមន៍រាល់វិនិយោគរបស់ភាគីចក្រភពអង់គ្លេស ខណៈពេលអាជ្ញាធរហេដ្ឋារចនាសម្ព័ន្ធ និងតំណាងក្រុមហ៊ុនមួយចំនួនមកពីចក្រភពអង់គ្លេស ក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការជំរុញការវិនិយោគវិស័យហេដ្ឋារចនាសម្ព័ន្ធ រវាងប្រទេសកម្ពុជា និងចក្រភពអង់គ្លេស ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល។
ឯកឧត្តម សុខ ខាវ៉ាន់ រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ អាជ្ញាធរហេដ្ឋារចនាសម្ព័ន្ធ និងគម្រោង (UK Infrastructure and Projects Authority- IPA) និងតំណាងស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធនៃក្រសួងរ៉ែនិងថាមពលសរុបប្រមាណ ១៥រូប។
ថ្លែងក្នុងជំនួបសម្តែងការគួរសមនេះ អាជ្ញាធរហេដ្ឋារចនាសម្ព័ន្ធ និងគម្រោង (IPA) បានបង្ហាញនូវការកោតសរសើរចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា លើការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព ដែលបច្ចុប្បន្ន ប្រភពថាមពលកកើតឡើងវិញមានភាគរយខ្ពស់ជាងគេនៅក្នុងប្រភពផ្គត់ផ្គង់ថាមពលសរុបរបស់កម្ពុជា ក្នុងគោលបំណងស្វែងរកកាលានុវត្តភាពសម្រាប់វិនិយោគនៅកម្ពុជា។
លើសពីនេះទៅទៀត អាជ្ញាធរហេដ្ឋារចនាសម្ព័ន្ធ និងតំណាងក្រុមហ៊ុនមួយចំនួនមកពីចក្រភពអង់គ្លេស ក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការជំរុញការវិនិយោគវិស័យហេដ្ឋារចនាសម្ព័ន្ធ រវាងប្រទេសកម្ពុជា និងចក្រភពអង់គ្លេស ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល។
ឯកឧត្តម សុខ ខាវ៉ាន់ បានបង្ហាញការស្វាគមន៍រាល់វិនិយោគរបស់ភាគីចក្រភពអង់គ្លេស ពិសេសការបង្កើនកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងក្រសួងរ៉ែនិងថាមពល និងគម្រោងវិនិយោគរបស់ចក្រភពអង់គ្លេស៕