ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យ ចំនួន ០២នាក់ ពាក់ព័ន្ធករណីឆបោក និងក្លែងបន្លំឯកសារទិញ-លក់ដី

146


(បន្ទាយមានជ័យ) ៖ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ០៨ និង ១៥នាទី កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណី ឆបោក និងក្លែងបន្លំឯកសារ ប្រព្រឹត្តកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ នៅចំណុចភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានអោយដឹងថា ៖ យោងតាមពាក្យបណ្តឹងរបស់ឈ្មោះ ហេង សិទី្ធ ភេទ ប្រុស អាយុ ៥៤ឆ្នាំ បច្ចុប្បន្នរស់នៅភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត និងដោយទទួលបានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្រ្កាប រហូតឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ ១-ឈ្មោះ មាក ម៉ានឿម ភេទ ប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ២-ឈ្មោះ ហង្ស សាវឿន ភេទ ប្រុស អាយុ ៦៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិបឹងសុក្រម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ តាមការបំភ្លឺរបស់ជនរងគ្រោះខាងលើ បានបញ្ជាក់ថា ៖ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ ខ្លួនបានទំនាក់ទំនងទិញដីមួយកន្លែងនៅចំណុចផ្លូវ ៥០ម៉ែត្រ ស្ថិតនៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត តាមរយៈអាជីវករទិញ-លក់ដី និងបានទំនាក់ទំនងគ្នាជាមួយ ម្ចាស់ដីតាមរយៈទូរស័ព្ទ លុះនិយាយចរចារត្រូវតម្លៃគ្នា ជនរងគ្រោះបានណាត់ម្ចាស់ដីអោយឡើងមកប៉ោយប៉ែត ដើម្បីនិយាយលំអិតអំពីការទិញ-លក់ដីខាងលើ តែជនសង្ស័យបានណាត់ជនរងគ្រោះអោយ ទៅជួបនៅខេត្តសៀមរាបវិញ ។ លុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ជនរងគ្រោះបានឡើងទៅខេត្តសៀមរាប ដើម្បីជួបជាមួយម្ចាស់ដី ពេលទៅជួបចរចារ ពិនិត្យឯកសារទីតាំងដី និងមានលិខិតបញ្ជាក់ពីប្រវត្តិដី ឃើញមានភាពរលូនហើយ ក៏បានឯកភាពធ្វើកិច្ចសន្យាជាលាយល័ក្ខអក្សរ និងបានប្រគល់ប្រាក់កក់ចំនួន ៥០.០០០ដុល្លា(ប្រាំម៉ឺនដុល្លាសហរដ្ឋអាមេរិក) ទៅអោយជនសង្ស័យទាំង ០២នាក់ខាងលើ រួមទាំងមានសាក្សីដឹងឮចំនួន ០២នាក់ថែមទៀត ។ លុះដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ ខ្លួនបានចុះទៅពិនិត្យទីតាំងដី ក៏បានដំណឹងថាដីនោះមានបញ្ហាវិវាទមិនទាន់ដោះស្រាយនៅឡើយទេ ទើបជនរងគ្រោះបានទូរស័ព្ទហៅជនសង្ស័យទាំង ០២នាក់ខាងលើ មកជួបដើម្បីទាមទារប្រាក់កក់មកវិញ តែជនសង្ស័យមិនបានប្រគល់ប្រាក់កក់ទាំងនោះ មកអោយខ្លួនវិញទេ ទើបជនរងគ្រោះបាន មកដាក់ពាក្យបណ្តឹងនៅ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតតែម្តង ។ បន្ទាប់ពីធ្វើការឃាត់ខ្លួន និងទទួលបានចម្លើយសារភាពរបស់ជនសង្ស័យខាងលើ លោកបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។
ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានចាត់តាំងមន្ត្រីជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានបញ្ជាក់ថា ៖ បន្ទាប់ពីកម្លាំងជំនាញធ្វើការសាកសួរ ជនសង្ស័យទាំង ០២នាក់ខាងលើ បានសារភាពថា ៖ ខ្លួនពិតជាបានទទួលប្រាក់កក់ ចំនួន ៥០.០០០ដុល្លា ពីជបរងគ្រោះពិតប្រាកដមែន តែប្រាក់ទាំងនោះខ្លួនបានបែងចែកគ្នាអស់ទៅហើយ ពុំមានប្រាក់សងជនរងគ្រោះវិញទេ ។ ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ យោងលើពាក្យបណ្តឹងរបស់ជនរងគ្រោះ និងសាក្សី យោងតាមរបាយការណ៍របស់ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ ឆបោក និងក្លែងបន្លំឯកសារ បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំបញ្ជូនជនសង្ស័យ ទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង