ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមប្រឹក្សារាជធានីភ្នំពេញ សំណូមពរអោយសមត្ថកិច្ច លើកកម្ពស់ទប់ស្កាត់ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរក្សាប្រពៃណី ក្នុងទិវានៃក្តីស្រឡាញ់១៤កុម្ភៈ

86

ភ្នំពេញ៖ ក្រុមប្រឹក្សារាជធានីភ្នំពេញបានថ្លែងនូវការកោតសរសើរ ចំពោះរដ្ឋបាលរាជធានីភ្នំពេញ ដែលបានបំពេញការងារបានយ៉ាងល្អក្នុងខែមករានេះ ពិសេស គឺការផ្ដល់ប័ណ្ណកម្មសិទ្ធិដល់ប្រជាពលរដ្ឋជិត ១.៣០០គ្រួសារនៅបុរីកីឡា របស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដែលនេះជាការទទួលខុសត្រូវខ្ពស់របស់អាជ្ញាធរ ហើយក៏ជាការវាយបក ចំពោះការឃោសនាភូតកុហករបស់ពួកអគតិមួយចំនួនផងដែរ។

ការកោតសរសើរបែបនេះ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញបានធ្វើឡើង ក្នុងកិច្ចប្រជុំសាមញ្ញលើកទី ៤៥របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិ ទី៣ ក្រោមអធិបតីភាពលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ និងលោក កើត ឆែ អភិបាល រងរាជធានី ភ្នំពេញតំណាងអោយលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ១០ កុម្ភៈឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ។

ប្រជាពលរដ្ឋជិត ១.៣០០គ្រួសាររស់នៅក្នុងអគារបុរីកីឡាទាំង០៨ អគារនេះ មិនត្រឹមតែទទួលបានប័ណ្ណកម្មសិទ្ធិ លើចំណែកឯកជនជូនពួកគាត់ប៉ុណ្ណោះទេ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នូវបានសម្រេចផ្តល់ការលើកលែងការបង់ពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ និងពន្ធអាករផ្សេងៗថែមទៀតផង ដោយពន្ធអាករទាំងនេះជាបន្ទុករបស់រដ្ឋ។

លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ ក្នុងឱកាសនោះ ក៏បានសរសើរផងដែរ ចំពោះការខិតខំរបស់មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលបានជំរុញគ្រប់មុខសញ្ញាសាធារណការបានល្អ ប្រសើរ ធ្វើឱ្យរាជធានីភ្នំពេញមានសោភ័ណភាពស្រស់បំព្រង ពិសេសក្នុងការត្រៀមចូលរួម ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ខាងមុខនេះ។

លោក ម៉ប់ សារិន បានលើកឡើងទៀតថា កម្លាំងមានសមត្ថកិច្ច បានខិតខំប្រឹងប្រែងលើការបង្ការ ទប់ស្កាត់ និងបង្ក្រាបក្មេងទំនើង បាន ៧៨ ករណី ឃាត់ខ្លួនបាន១៣៦នាក់នៅក្នុងខែមករានេះ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកសំណូមពរអោយសមត្ថកិច្ច លើកកម្ពស់ទប់ស្កាត់ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរក្សាប្រពៃណី ក្នុងទិវានៃក្តីស្រឡាញ់១៤កុម្ភៈ ឆ្នាំ២០២៣ខាងមុខនេះអោយបានខ្លាំងខ្លាបន្ថែមទៀត។

លោកបន្តថា ចំពោះគ្រោះថ្នាក់អគ្គិភ័យក្នុងខែមករា ឆ្នាំ២០២៣នេះបានកើតមាន១៩/៦ករណី កើន១៣លើក ។ លើករណីនេះ លោកសំណូមពរ អោយសមត្ថកិច្ចមូលដ្ឋានធ្វើការផ្សព្វផ្សាយអប់រំ បង្ការប្រុងប្រយ័ត្នអោយបានខ្ពស់នៅរដូវប្រាំងនេះ។

ចំពោះគ្រោះអគ្គីភ័យនេះ លោក កើត ឆែ បានមានប្រសាសន៍បញ្ជាក់ផងដែរថា៖ លោកឃួង ស្រេង អផិបាលរាជធានីភ្នំពេញ បានណែនាំអោយសមត្ថកិច្ចអគ្គីភ័យ នាំយករថយន្តពន្លាត់អគ្គីភ័យមួយចំនួន នៅការិយាល័យនគរបាលបង្ការពន្លត់អគ្គីភ័យនិងសង្រ្គោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលមានទីតាំងនៅខណ្ឌឬស្សីកែវ ជិតហ្គេនភ្នំពេញ មកដាក់នៅទីតាំងក្បែរវត្តបទុមវតីខណ្ឌដូនពេញ ដើម្បីងាយស្រួលក្នុងការជួយអន្តរាគមន៍គ្រោះអគ្គីភ័យនេះ និងបានជម្រុញអោយ អាជ្ញាធរខណ្ឌ សមត្ថកិច្ចមូលដ្ឋានធ្វើការ ផ្សព្វផ្សាយអប់រំ ដើម្បីរួមគ្នា បង្ការប្រុងប្រយ័ត្នអោយបានខ្ពស់ចំពោះអគ្គីភ័យនៅរដូវប្រាំងនេះ៕

អត្ថបទដែលជាប់ទាក់ទង