សម្តេចតេជោ ហ៊ុន សែន ដើម្បីបញ្ចប់នូវការភាន់ច្រឡំ ឬរហូតដល់ការមួលបង្កាច់ដោយចេតនាពីវិទ្យុ VOD លើការផ្តល់ជំនួយចំពោះប្រទេសទួរគី
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១១ ខែកុម្ភៈនេះបានមានប្រសាសន៍ថា “ដើម្បីបញ្ចប់នូវការភាន់ច្រឡំ ឬរហូតដល់ការមួលបង្កាច់ដោយចេតនាពីវិទ្យុ VOD មិនត្រឹមតែលើ ហ៊ុន ម៉ាណែត ប៉ុណ្ណោះទេ តែវាជារឿងរបស់រាជរដ្ឋាភិបាលទាំងមូល លើការគ្រប់គ្រងថវិកាជាតិ ខ្ញុំសូមចែករំលែកនូវរបៀបគ្រប់គ្រង ថវិកានិយាយជារួម និងនិយាយដោយឡែក លើការផ្តល់ជំនួយចំពោះប្រទេសទួរគី។
ច្បាប់និងការអនុវត្តនៅប្រទេសយើង គឺមានតែនាយករដ្ឋមន្ត្រីម្នាក់គត់ មានសិទ្ធិបញ្ជាចំណាយក្រោមច្បាប់ថវិកាជាតិ ដែលជាអគ្គបញ្ជាការកំពូល។ ឯរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ គឺជានាយអគ្គសេនាធិការ សម្រាប់ដឹកនាំអនុវត្ត ឯថ្នាក់ដឹកនាំផ្សេងរាប់ទាំងឧបនាយករដ្ឋមន្ត្រី មិនមានសិទ្ធិ ឬមកលូកលាន់កិច្ចការនេះឡើយ លើកលែងតែការបញ្ជាចំណាយ ក្នុងស្ថាបន័របស់ខ្លួនដែលច្បាប់ថវិកាផ្តល់ជូន”។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “សម្រាប់ជំនួយទៅប្រទេសទួរគីយោបល់ទីមួយ គឺរដ្ឋមន្ត្រីការបរទេស ប្រាក់ សុខុន ព្រឹកថ្ងៃ៨ កុម្ភះ ម៉ោង6.56នាទី។ បញ្ញាខ្ញុំឲ្យប្រកាស់១០ម៉ឺនដុល្លារ ម៉ោង7.12នាទីនិងបញ្ជូនសំណេរទាំងពីរជូនឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ដែលគាត់ឆ្លើយទទួលអនុវត្តនៅម៉ោង 7.18 នៅព្រឹកថ្ងៃ៨កុម្ភៈ២០២៣ដូចគ្នា។ តើការចោទលើ ហ៊ុន ម៉ាណែត ជាការវាយប្រហារខាងនយោបាយ ឬជាការភាន់ច្រឡំ? ខ្ញុំទុកពេលឲ្យសូមទោសជាសាធារណៈរយៈពេល ៧២ម៉ោង ដោយសូមទោសរាជរដ្ឋាភិបាលផង និងសូមទោស ហ៊ុន ម៉ាណែត ផង”។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានឲ្យក្រសួងព័ត៌មានត្រូវធ្វើការជាមួយ VOD ព្រមជាមួយគ្នាឯកឧត្តម គី តិច ប្រធានមេធាវីរាជរដ្ឋាភិបាលត្រូវត្រៀមពាក្យបណ្តឹង ទៅកាន់តុលាការក្នុងករណីពួកគេមិនព្រមសូមទោស។ យើងមិនចង់បានអ្វីក្រៅពីភាពស្អាតស្អំ និងត្រឹមត្រូវរបស់យើងនោះឡើយ។ សូមកុំថាយើងគំរាមឱ្យសោះ (សិទ្ធរបស់អ្នកមានព្រំដែនជាមួយសិទ្ធិរបស់អ្នកដទៃ)។
មិត្តភក្តិបរទេស ឬសង្គមស៊ីវឹល មុនបញ្ចេញមតិសូមស្រាវជ្រាវរឿងនេះ ជាមុនសិន ទាំងអង្គហេតុនិងអង្គច្បាប់។ ចុងក្រោយខ្ញុំសូមរំលឹកនូវពាក្យដាស់តឿនរបស់ខ្ញុំ សម្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃ១៤ មករា ២០២៣ កន្លងទៅគឺ(អ្នកសារព័ត៌មានកុំបំពានអ្នកដទៃកុំបំភ្លៃការពិត)៕