ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សព្វាវុធដែលរុស្ស៉ីផ្គត់ផ្គង់ឱ្យឥណ្ឌា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ មានតម្លៃសរុប១៣ពាន់លានដុល្លារ, នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី

67

មូស្គូ៖ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់រុស្ស៉ី បានរាយការណ៍ថា អំលុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ទីក្រុងមូស្គូបានផ្គត់ផ្គង់​ឱ្យទៅឥណ្ឌា នូវសព្វាវុធគិតជាទឹកប្រាក់សរុបស្មើនឹង ១៣ពាន់លានដុល្លារ ហើយទីក្រុងញូដេលីក៏បានដាក់ការបញ្ជាទិញជាមួយរុស្ស៉ី សម្រាប់សព្វាវុធក៏ដូចជា​បរិក្ខារយោធាទំហំលើសពី ១០ពាន់លានដុល្លារថែមទៀតផង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។

សារព័ត៌មានរុស្ស៉ី Interfax ដែលផ្អែកលើសម្តីលោក ឌីមីទ្រី ស៊ូហ្កាយេវ (Dmitry Shugayev) ប្រធានទីភ្នាក់ងារកិច្ចសហប្រតិបត្តិការយោធា-បច្ចេកទេស បានរាយការណ៍ថា ឥណ្ឌា ចិន និងប្រទេសមួយចំនួននៃតំបន់អាស៉ីអាគ្នេយ៍ នៅតែមានការចាប់អារម្មណ៍ក្នុងការទិញសព្វាវុធរបស់ប្រទេសរុស្ស៉ី។ ការនាំចេញ​ប្រចាំឆ្នាំនៃសព្វាវុធរុស្ស៉ី មានទំហំខ្ទង់ ១៤-១៥ពាន់លានដុល្លារ ហើយការបញ្ជាទិញនៅតែបន្តមានស្ថិរភាពក្បែរៗ៥០ពាន់លានដុល្លារ។ សម្រាប់ឥណ្ឌា ការផ្គត់ផ្គង់​សព្វាវុធរបស់រុស្ស៉ី ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ គឺមានទំហំ១៣ពាន់លានដុល្លារ ហើយ២០ភាគរយ នៃការបញ្ជាទិញបច្ចុប្បន្នរបស់សព្វាវុធរុស្ស៉ី គឺធ្វើឡើងដោយទីក្រុងញូដេលី។ បើតាមលោក ស៊ូហ្កាយេវ ឥណ្ឌានៅតែបន្តជាប្រទេសដែលទិញអាវុធរុស្ស៉ីច្រើនជាងគេលើពិភពលោក។

លោក ស៊ូហ្កាយេវ បានបន្តថា បណ្តាអតិថិជននៅតំបន់អាស៉ី មានការចាប់អារម្មណ៍ជាពិសេស ចំពោះប្រព័ន្ធមីស៉ីលការពារដែនអាកាស S-400, ប្រព័ន្ធបាញ់មីស៉ីលពីដីទៅអាកាស ដូចជាប្រព័ន្ធ អូសា (Osa), ផេឆូរ៉ា (Pechora) ឬស្ត្រេឡា (Strela) ជាដើម ព្រមទាំងយន្តហោះចម្បាំង Su-30, MiG-29 ឧទ្ធម្ភាគចក្រ ហើយនិងដ្រូន។

គួរបញ្ជាក់ថា រុស្ស៉ីនឹងចូលរួមបង្ហាញគំរូសព្វាវុធក៏ដូចជាបរិក្ខារយោធាសរុបប្រហែល ២០០គ្រឿងផងដែរ នៅឯព្រឹត្តិការណ៍ពិព័រណ៍ផ្លូវអាកាស Aero India 2023 ដែលត្រូវបើកធ្វើនៅថ្ងៃចន្ទនេះ ក្នុងទីក្រុងបង់ហ្កាលូរូ (Bengaluru) នៃប្រទេសឥណ្ឌា៕

អត្ថបទដែលជាប់ទាក់ទង