រដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ៖ កំហុសសារព័ត៌មាន VOD ជាកំហុសវិជ្ជាជីវៈយ៉ាងធ្ងន់ធ្ងរ ធ្វើឱ្យប៉ះពាល់កិត្តិយស និងកិត្យានុភាពរបស់រាជរដ្ឋាភិបាល
ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានចេញមកបញ្ជាក់ថា កំហុសរបស់សារព័ត៌មាន VOD គឺជាកំហុសវិជ្ជាជីវៈយ៉ាងធ្ងន់ធ្ងរ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងកិត្យានុភាពរបស់រាជរដ្ឋាភិបាល ហើយមិនព្រមធ្វើការកែសម្រួលតាមបទបញ្ញត្តិច្បាប់ស្ដីពីរបរសារព័ត៌មាន។
លោក ខៀវ កាញារីទ្ធ លើកឡើងបែបនេះក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍របស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដោយមានការចូលរួមផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ Zoom នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
លោក ខៀវ កាញារីទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា «កំហុសរបស់សារព័ត៌មាន VOD ក្នុងពេលនេះ គឺជាកំហុសវិជ្ជាជីវៈយ៉ាងធ្ងន់ធ្ងរ ធ្វើឱ្យប៉ះពាល់កិត្តិយស និងកិត្យានុភាពរបស់រាជរដ្ឋាភិបាល ហើយមិនព្រមធ្វើការកែសម្រួលតាមបទបញ្ញត្តិច្បាប់ស្តីពីរបបសារព័ត៌មាន»។
លោករដ្ឋមន្ដ្រី បន្ដទៀតថា «ស្ថាប័នសារព័ត៌មានណាមួយ ដែលបានផ្សព្វផ្សាយព័ត៌មាន ដោយធ្វើឱ្យមានការប៉ះពាល់ដល់ស្ថាប័ន អង្គភាព ឬបុគ្គលណាក្តី ហើយត្រូវបានគេធ្វើលិខិត សរសេរបំភ្លឺបកស្រាយ ហើយផ្ញើមកស្ថាប័នសារព័ត៌មាននោះ ឬមិនផ្ញើមកក្តី តែវាពាក់ពន្ធ័ដំណឹងដែលយើងបានផ្សាយ គឺត្រូវតែផ្សាយនូវខ្លឹមសារទាំងស្រុង។ បើមិនដូច្នេះទេ អាចប្រឈមមុខនឹងការយកអាជ្ញាបណ្ណផ្សាយ»។
លោក ខៀវ កាញារីទ្ធ បានបន្ថែមថា ជាគោលការណ៍ការអនុវត្តនេះ ក្រសួងព័ត៌មាន ត្រូវតែធ្វើគ្រប់អង្គភាពសារព័ត៌មាន មិនមែនតែសម្រាប់សារព័ត៌មាន VOD នោះទេ គឺអនុវត្តន៍គ្រប់សារព័ត៌មាន ដែលធ្វើខុសវិជ្ជាជីវៈ ព្រោះថាការមិនផ្សាយទាំងស្រុងនូវខ្លឹមសារ នៃការបកស្រាយរបស់គេវិញ មានចេតនាអ្វីផ្សេងពីនេះ។
លោកបន្តថា បើសិនជាសារព័ត៌មាននោះ បានផ្សាយការបកស្រាយនោះដែរ តែក្នុងន័យបំភ័ណ្ឌការពិត នៅពេលចេញផ្សាយរួចហើយ នឹងមានការស្រាវជ្រាវ ដើម្បីដាក់បន្ទុកបន្ថែមទៀត។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្រសួងព័ត៌មាន បានសម្រេចលុបអាជ្ញា បណ្ណការផ្សាយរបស់សារព័ត៌មាន VOD ផ្លូវការចាប់ពីថ្ងៃនេះតទៅ។ ការសម្រេចលុបអាជ្ញាបណ្ណនេះ គឺដោយសារសារព័ត៌មាន VOD បានប្រព្រឹត្តខុសវិជ្ជាជីវៈរបស់ខ្លួនក្នុងការផ្សាយព័ត៌មានមិនពិត មានចរិតញុះញង់ មួលបង្កាច់ និងបង្ខូចកេរ្តិ៍ឈ្មោះ សម្ដេចតេជោ ហ៊ុន សែន និងលោកបណ្ឌិត ហ៊ុន ម៉ាណែត។
មុនឈានដល់ក្រសួងព័ត៌មានលុបអាជ្ញាបណ្ណសារព័ត៌មាន VOD, សម្តេចតេជោ ហ៊ុន សែន បានទុកពេលឱ្យស្ថារប័នសារព័ត៌មាននេះ សូមទោសចំពោះកំហុសនៃការផ្សាយរបស់គេ ដែលថាលោក ហ៊ុន ម៉ាណែត ចុះហត្ថលេខាផ្តល់ជំនួយទៅប្រទេសតួកគី ជំនួសសម្តេច។
ប៉ុន្តែសារព័ត៌មាននេះ មិនបានសូមទោសនោះឡើយ។ នៅល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានសម្រេចឱ្យក្រសួងព័ត៌មានលុប ចោលអាជ្ញាបណ្ណវិទ្យុវីអូឌី (VOD) និងត្រូវបញ្ចប់ការផ្សាយនៅត្រឹមម៉ោង១០ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣៕