រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ កំពុងសិក្សាដើម្បីស្ថាបនាផ្លូវមួយខ្សែ នៅតាមបណ្តោយផ្លូវរថភ្លើង ចាប់ពីអាកាសយានដ្ឋានភ្នំពេញ មកក្រោយសាលាតិចណូ
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ជាមួយនឹងក្រសួងសាធារណការនិងដឹកជញ្ជូនបាននិងកំពុងសិក្សាដើម្បីស្ថាបនាផ្លូវមួយខ្សែទៀត នៅតាមបណ្តោយផ្លូវរថភ្លើង ចាប់ពីអាកាសយានដ្ឋានភ្នំពេញ មកក្រោយសាលាតិចណូ ក្នុងមូលដ្ឋានខណ្ឌទួលគោក ដើម្បីដោះស្រាយការកកស្ទះរាចរណ៍ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ។ នេះបើតាមការបញ្ជាក់របស់លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ខណៈលោកជួបពិភាក្សាការងារជាមួយលោក Cyril Girot នាយកប្រតិបត្តិក្រុមហ៊ុន អាកាសយានដ្ឋានកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ ។
លោកឃួង ស្រេង ក្នុងឱកាសនោះបានមានប្រសាសន៍លើកឡើងពីស្ថានភាពទូទៅរបស់រាជធានីភ្នំពេញ ទាំងកត្តាភូមិសាស្ត្រ កំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងបានលើកឡើងពីបញ្ហាប្រឈមមួយចំនួនរបស់រាជធានីភ្នំពេញផងដែរ ពិសេស បញ្ហាកកស្ទះចរាចរ និងបញ្ហាសំរាមជាដើម ។ ចំពោះបញ្ហាកក់ស្ទះចរាចរណ៍ លោកឃួង ស្រេងបានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញនិងក្រសួងសាធារណៈការពេលនេះបាននិងកំពុងសិក្សា ដើម្បីស្ថាបនាផ្លូវមួយខ្សែទៀត
ស្របតាមបណ្ដោយផ្លូវរថភ្លើង ដោយចាប់ពីព្រលានយន្តហោះភ្នំពេញ រហូតមកដល់ក្រោយសាលាតិចណូ ខណ្ឌទួលគោក ដើម្បីដោះស្រាយបញ្ហាកកស្ទះចរារាចរណ៍ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី។
កំណាត់ផ្លូវមួយខ្សែដែលគ្រោងស្ថាបនានៅតាមបណ្ដោយផ្លូវរថភ្លើងនេះ បានទទួលការឯកភាពពីក្រសួងសាធារណការម្ដងរួចមកហើយ កាលពីឆ្នាំ២០១៩ ប៉ុន្តែត្រូវបានខកខានទៅវិញដោយសារជម្ងឺcovid – 19 ។ ប៉ុន្តែសម្រាប់ពេលនេះ យើងបាននឹងកំពុងសិក្សាដើម្បីស្ថាបនាផ្លូវមួយខ្សែនេះឡើងវិញ។
លោក Cyril Girot នាយកប្រតិបត្តិក្រុមហ៊ុន អាកាសយានដ្ឋានកម្ពុជា បានមានប្រសាសន៍
លើកឡើងផងដែរថា លោកពិតជាមានចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះភាពរីកចម្រើនរបស់រាជធានីភ្នំពេញ ខណៈដែលលោកមកដល់រាជធានីភ្នំពេញ កាលពីជាង១ឆ្នាំមុននេះ លោកឃើញមានអាគារខ្ពស់ៗជាង៣ពាន់អាគារ ។ ក្នុងនាមក្រុមហ៊ុនមួយ លោកពិតជារីករាយចំពោះភាពរីកចម្រើនរបស់រាជធានីភ្នំពេញ។
លោកបន្តថា យើងបានជួបបញ្ហាប្រឈមដូចគ្នាទាំងលើពិភពលោកក៏ដូចជានៅកម្ពុជាពាក់ព័ន្ធនឹងជំងឺ covid -19។ តែទោះបីជាយ៉ាងណាក្តីបញ្ហាប្រឈមនេះបានវិលត្រឡប់មកល្អជាធម្មតាវិញហើយ ក្រោយពីបើកសេដ្ឋកិច្ចប្រទេសអោយដំណើរការឡើងវិញ ។
ចំពោះជើងហោះហើរក៏បានកើនឡើងជាបន្តបន្ទាប់។បន្ថែមពីនេះ ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ក៏បានជំរុញការងារហោះហើរឲ្យកាន់តែប្រសើររឡើងថែមទៀតផងដែរ ។
ក្នុងឱកាសនោះដែរ ចំពោះការស្នើឡើងរបស់ក្រុមហ៊ុន ឲ្យមានការសហការគ្នា រាជធានីភ្នំពេញជុំវិញការកែសម្រួលនូវស្លាកសញ្ញា ភ្លើងបញ្ញាសារាចរណ៍មួយចំនួននៅមុខអាកាសយានដ្ឋានភ្នំពេញ លោកឃួង ស្រេងក៏បានឯកភាព ដោយបង្កើតក្រុមការងារក្រុមហ៊ុន សហការជាមួយនឹងក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ សំដៅធ្វើយ៉ាងណាសម្រួលភ្លើងចរាចរណ៍នៅមុខអាកាសយានដ្ឋានភ្នំពេញនេះ
ឲ្យកាន់តែមានភាពប្រសើរឡើង កាត់បន្ថយបានការកកស្ទះ ក៏ដូចជាគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងដោយយថាហេតុ៕