ភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីដ៏ធំមួយ ក្នុងចំណោមវិធីបុណ្យប្រពៃណី ដ៏ធំផ្សេងៗទៀតរបស់ខ្មែរ
បុណ្យភ្ជុំបិណ្ឌ៖ ប្រភព អត្ថន័យ វិធីប្រារព្ធ កំណត់សម្គាល់នានា
ភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីដ៏ធំមួយ ក្នុងចំណោមវិធីបុណ្យប្រពៃណី ដ៏ធំផ្សេងៗទៀតរបស់ខ្មែរ។ តាំងពីបូរាណកាល មករហូតដល់សម័យបច្ចុប្បន្ន ប្រជាជនខ្មែរ តែងប្រារព្ធពិធីបុណ្យនេះ មិនដែលអាក់ខានម្តងណាឡើយ លើកលែងតែក្នុង របបប៉ុលពតកាន់កាប់ប៉ុណ្ណោះ ។ តើ “ ពាក្យភ្ជុំបិណ្ឌ” មានអត្ថន័យយ៉ាងដូចម្តេច? តើពិធីបុណ្យមួយនេះកកើតឡើងយ៉ាងដូចម្តេច និងស្របតាមលទ្ធិសាសនាអ្វី? តើពិធីបុណ្យនេះ គេដំណើរការយ៉ាងដូចម្តេចខ្លះ? ហេតុអ្វីបានជាជនជាតិខ្មែរ មានការគោរពបូជា ចំពោះពិធីបុណ្យមួយនេះខ្លាំងម្លេះ?
តើ “ ពាក្យភ្ជុំបិណ្ឌ” មានអត្ថន័យយ៉ាងដូចម្តេច?
១. ការពន្យល់ពាក្យ ភ្ជុំបិណ្ឌ
ភ្ជុំបិណ្ឌ ជាសមាសនាមកើតចេញពីពាក្យពីរម៉ាត់គឺ “ភ្ជុំ” និង “បិណ្ឌ” ។ តាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួនណាត៖
ភ្ជុំ មានថ្នាក់ពាក្យជា កិរិយាស័ព្ទ មានន័យថា ធ្វើឲ្យជុំ, ឲ្យជួបជុំគ្នា, ឲ្យប្រជុំគ្នា, រួបរួមគ្នា, សាមគ្គីគ្នា។
បិណ្ឌ មានថ្នាក់ពាក្យជា នាម អាចជំនួសឲ្យ ភ្ជុំបិណ្ឌបាន មានន័យថា ការប្រមូលឲ្យមូលឬពូនឲ្យជាដុំ, ដុំ, ការចិញ្ចឹម ជីវិត, ជាឈ្មោះនៃវិធីធ្វើទានតាមប្រពៃណីម្យ៉ាងរបស់ខ្មែរ, អាហារដែលប្រមូលឲ្យជាដុំ ។
តាមសៀវភៅប្រជុំពិធីបុណ្យទាំង១២ខែ រៀបរៀងដោយក្រុមប្រជុំទំនៀមទម្លាប់ខ្មែរ លោកបានពន្យល់ថា៖
បិណ្ឌ គឺជា ដុំបាយឬពំនូតបាយ ដែលគេឧទ្ទិសដល់ខ្មោច ដែលបានស្លាប់ទៅ ។
សរុបមក ភ្ជុំបិណ្ឌ គឺជាការប្រជុំគ្នារបស់អ្នកស្រុកភូមិខ្មែរ ដើម្បីរៀបចំ ប្រមែប្រមូលបាយ ឬដុំបាយដាក់ស្រាក់ យកទៅវត្ត ប្រភេនព្រះសង្ឃ ឬធ្វើជាពំនូតបាយ ឬដុំបាយដាក់ចានយកទៅវត្ត ដើម្បីប្រគេនព្រះសង្ឃសូត្រធម៌ ឧទ្ទិសកុសលដល់ ខ្មោចទាំងឡាយ ដែលបានស្លាប់ទៅ ដែលអស់លោកទាំងនោះអាចជា បងប្អូន ជីដូន ជីតាឬញាតិកាទាំងប្រាំពីរសន្តាន។
២. ពាក្យគន្លឹះផ្សេងៗទៀត នៅក្នុងពេលភ្ជុំបិណ្ឌ
បាយបិតបូរ៖ គឺជា ដុំបាយ ឬពំនូតបាយរាងស្រួចដូចសាជី ដែលមានគម្របស្លឹកចេកគ្របពីលើ មានចោះកំពូល ទុកដោតទៀន ធូបនិងផ្កាសម្រាប់ឧទ្ទិសដល់ខ្មោច ដែលបានស្លាប់ទៅ ។
ថ្ងៃកាន់បិណ្ឌឬថ្ងៃដាក់បិណ្ឌ៖ គេគិតចាប់ពីថ្ងៃ១ដល់១៤រោច ខែភទ្របទ ។
ថ្ងៃភ្ជុំបិណ្ឌ៖ សំដៅដល់ថ្ងៃ ១៥រោចខែភទ្របទ ដែលអ្នកស្រុកមកជុំគ្នា ធ្វើបុណ្យឧទ្ទិសកុសល ដល់បុព្វការីជន ដែលបានចែកឋាន ទៅកាន់លោកខាងមុខ ។
ផ្កាបិណ្ឌ៖ សំដៅដល់ពំនូតបាយ មានរាងមូលស្រួចដូចសាជី ដែលនៅលើកំពូលមានគេធ្វើរូបហង្សទ្រទៀន សម្រាប់ អុជរាល់យប់ថ្ងៃកាន់បិណ្ឌ សម្រាប់ជាដង្វាយព្រះចូឡាមុនី ។
បង្សុកូល៖ សំដៅដល់ការនិមន្តព្រះសង្ឃ សូត្រព្រះអភិធម្ម៧គម្ពីរដោយសង្ខេប ។
ធម្មទេសនា៖ សំដៅដល់ដំណើរសំដែងធម៌ ដំណើរប្រៀនប្រដៅតាមបែបព្រះពុទ្ធសាសនា ដែលសម្តែងដោយ ព្រះសង្ឃឬព្រះពុទ្ធអង្គ។
ធម៌បរាភវសូត្រ៖ សំដៅដល់ការសូត្រធម៌ ដែលបានបញ្ជាក់ប្រាប់ ពីសេចក្តីវិនាស ភាពអាប់យស កេរ្តិ៍ឈ្មោះ អាប់មុខ ទាំងឡាយ ។
ប្រេត៖ មានន័យថា សត្វដែលរស់នៅក្នុងអបាយភូមិមួយពួក ឬអ្នកដែលបានស្លាប់ទៅលោកខាងមុខហើយ ។
នរក៖ ទីអបាយភូមិ ឬអធោលោក ដែលមានរណ្តៅជាលំនៅនៃសត្វមានបាបនៅរងទុក្ខ តាមកម្លាំងកម្មដែលខ្លួន បានធ្វើ ។
ទេពតា៖ (ទេព្តា) អមនុស្សដែលជាទិព្យ អមរ ។
ព្រះ៖ អ្នកប្រសើរលើសលន់ អ្នកដែលជាចម្បង ។
បណ្តាសា៖ ពាក្យជេរប្រទេច ពាក្យផន្ទា ពាក្យសំបូងសង្រូងឲ្យគេវិនាសហិនហោច ។
ពរ៖ គុណជាតដ៏ប្រសើរ ដែលគួរប្រាថ្នា គួរចង់បាន គួរជ្រើសរើសតាមគាប់ចិត្ត ។ ពរសព្វសាធុការ ។
តើពិធីបុណ្យមួយនេះកកើតឡើងយ៉ាងដូចម្តេច និងស្របតាមលទ្ធិសាសនាអ្វី?
ក. ការកកើត
តាមឯកសារទំនៀមទម្លាប់ខ្មែរមួយចំនួន បានបញ្ជាក់ថា បុណ្យភ្ជុំបិណ្ឌ បានកកើតនៅលើទឹកដីខ្មែរ តាំងពីយូរលង់ណាស់ មកហើយពោលគឺ កើតតាំងពីសម័យអាណាចក្រខ្មែរមកម្លេះ គឺស្របពេលដែលពុទ្ធសាសនា ហូរចូលជាលើកដំបូងមក ក្នុងទឹកដីមួយនេះ ។ តាមសាស្ត្រាអានិសង្សបិណ្ឌមានសេចក្តីថា៖ ព្រះដ៏មានបុណ្យទ្រង់ត្រាស់ ចំពោះអនាថបិណ្ឌិកសេដ្ឋី ថា អស់ម្តាយឪពុកញាតិកា បងប្អូនកូនចៅ របស់ជនទាំងឡាយ ដែលបានស្លាប់ទៅមុនៗនោះ ទោះទៅកើតឯណាៗក្តី តែដល់រនោចខែភទ្របទដែលគេរៀបកាន់បិណ្ឌ តែងតែមកជួបជុំនៅពេលនោះ ។ ហេតុតែតេជះអានិសង្ឃនៃបុណ្យ ដែលអស់ញាតិសន្តានបានធ្វើបាយបិណ្ឌ បាយបិតបូរ នាខែភទ្របទ ហើយឧទ្ទិសផលជូនទៅនោះ ពួកគេក៏បានរំដោះ រួចអំពីនរក ប្រេត នោះហោង។
រីឯសត្វនរកប្រេតទាំងឡាយ ដែលមកកាន់មនុស្សលោកក្នុងខែភទ្របទនោះ ប្រេតខ្លះមកកើតជាកណ្តូបខ្មោច ទំយំនៅលើ ដំបូលផ្ទះ ។ ខ្លះទំយំនៅចុងកាត់ផ្ទះ ធ្នឹមផ្ទះ មាត់ទ្វារផ្ទះ ជើងជណ្តើរផ្ទះ ដើមឈើក្បែរផ្ទះ ។ ប្រេតខ្លះទៀតមកដល់ពាក់ កណ្តាលផ្លូវ ខ្លះមកអើតមើលទៅមក ។ ខ្លះបាំងដៃមើលមកពីចម្ងាយ ហើយគិតអាណិតអនិច្ចាខ្លួនថា (ឱអញអើយ! អភ័ព្វអ្វីម្លេះ មកកើតជាប្រេតនរក រងទុក្ខវេទនាយូរឆ្នាំ ហើយកើតសម្រេកគម្លានក្រៃពេក) ។ កាលបើដល់ខែភទ្របទ ដែលជនទាំងឡាយ បានរៀបរណ្តាប់បាយបិណ្ឌ បាយបិតបូរ ឧទ្ទិសផលានិសង្សបញ្ជូនទៅឲ្យ សត្វនរកប្រេតទាំងនោះ ក៏សឹងតែបានរំដោះរួចមកហោង។
ខ. គោលសាសនា
តាមការពិនិត្យពីស្ថានភាពជំនឿជាក់ស្តែង យើងឃើញថា ពិធីបុណ្យភ្ជុំបិណ្ឌ គឺមិនមែនទាក់ទង តែនឹងសាសនាព្រះពុទ្ធ តែមួយនោះទេ គឺពិធីបុណ្យមួយនេះ មានជាប់ទាក់ទងនឹងសាសនាព្រហ្មញ្ញ និងសាសនាជី (ជំនឿលើព្រលឹង) របស់ខ្មែរ យើងដែរ ។ ព្រោះថាតាមធម៌ព្រះពុទ្ធ ការឧទ្ទិសកុសលនានាទៅប្រេតបាន លុះត្រាតែ ទាយកទាយិកាដែលជាកូនចៅ សាច់សាលោហិតរបស់ប្រេត លោកប្រគេចចង្វាន់ទៅព្រះសង្ឃ បន្ទាប់មកឲ្យព្រះសង្ឃលោកសូត្រមន្ត ឧទ្ទិសកុសល ទើបបាន ។
ឯចង្ហាន់ទាំងនោះត្រូវតែបានព្រះសង្ឃលោកឆាន់ខ្លះឬទាំងអស់តែម្តងឬក៏ត្រូវបានបុគ្គលអ្នកមានសីល ជនក្រីក្រ ឬ មហាជនបានពិសាជាដើម ។ សម្រាប់សាសនាព្រាហ្មញ្ញនិងសាសនាជី(ជំនឿលើព្រលឹង) គេច្រើនតែយកចំណីអាហារ ទាំងនោះទៅជូនព្រលឹងអ្នកស្លាប់ផ្ទាល់ៗតែម្តង ដោយគ្រាន់តែមានគ្រូអូមអាម អ្នកអាយលម្ពាយធ្វើពិធីឲ្យនោះ ជាការ ស្រេច ដែលសំណែនខ្លះ ឬស្ទើរតែទាំងស្រុង ព្រះសង្ឃ ឬ មនុស្សដែលមានជីវិតទូទៅ មិនអាចយកមកបរិភោគបាន ឡើយ។