ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ ប្រារព្ធសន្និបាត​ ដើម្បីតែងតាំងនិងទទួលស្គាល់​ គណៈកិត្តិយស​ និងគណៈកម្មាធិការសាខា​ អាណត្តិទី​ ៥​

153

យោងតាមលក្ខន្តិកៈ​ និងវិធាននៃនីតិក្រមរបស់កាកបាទក្រហមកម្ពុជា​ ក្នុងផ្នែកទី​ ៦​ វិធានទី​ ៣៣​ ស្តីពីសន្និបាតសាខា​ និងយោងមាត្រា​ ២៤​ កថាខណ្ឌទី​ ៣​ នៃលក្ខន្តិកៈកាកបាទក្រហមកម្ពុជា​ នៅព្រឹក ថ្ងៃទី​ ៦​ ខែ​តុលា​ ឆ្នាំ២០១៨​ នេះ​ សាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ បានប្រារព្ធសន្និបាត​ ដើម្បីប្រកាសតែងតាំងនិងទទួលស្គាល់​ គណៈកិត្តិយស និងគណៈកម្មាធិការសាខា​ ដែលដឹកនាំសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ ​អាណត្តិទី​ ៥ ។

សន្និបាតនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព​ លោកស្រីអ៊ុក​ ម៉ាលី​ អគ្គហេរញ្ញឹក​ កាកបាទក្រហមកម្ពុជា​ តំណាងដ៏ខ្ពង់ខ្ពស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ និងអញ្ជើញចូលរួមពី​ថ្នាក់ដឹកនាំ-មន្ត្រី​ ទីស្នាក់ការកណ្តាល​ សាខា​ អនុសាខា​​ និងអ្នកពាក់ព័ន្ធសរុប​ប្រមាណ​ ១៧០នាក់។

​ក្នុងឱកាសសន្និបាតអាណត្តិទី​ ៥​ នេះ​​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធាន​កាកបាទក្រហមកម្ពុជា បានសម្រេចតែងតាំង និងទទួលស្គាល់សមាសភាពគណៈកិត្តិយសសាខាចំនួន​ ២៣នាក់​,​ គណៈកម្មាធិការសាខាចំនួន​ ១៥នាក់​ និងសមាជិកបម្រុងចំនួន​ ២នាក់​ ដែលបានអានសេចក្តីសម្រេចជូនអង្គសន្និបាតដោយ​ លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​ ១​ កាកបាទក្រហមកម្ពុជា។

ជាមួយគ្នានោះ​ លោក មាន​ ចាន់យ៉ាដា​ ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ អាណត្តិទី​ ៥​ បានធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំ​ បន្តអនុវត្តឱ្យបានជោគជ័យជាបន្តបន្ទាប់​ នូវទិសដៅយុទ្ធសាស្ត្រ​ និងផែនការសកម្មភាព​ឱ្យទទួលបានកាន់តែមានប្រសិទ្ធភាព​ និងទទួលបានការគាំទ្របន្ថែមទៀត​។

ថ្លែងក្នុងឱកាសបិទ​សន្និបាតសាខា​ លោកស្រីអ៊ុក​ ម៉ាលី​ អគ្គហេរញ្ញឹក​ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលផ្តាំផ្ញើសួរសុខទុក្ខ​ ក្តីនឹករលឹក​ ការកោតសរសើរ​ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ ក្រោមការដឹកនាំរបស់​ លោក ប៉ា​ សុជាតិវង្ស​ ដែលបានខិតខំសម្រេចបាននូវសមិទ្ធផលធំធេង​ ទុកជាមរតក​ ស្នាដៃសម្រាប់អ្នកបន្តវេន។​ ទន្ទឹមនឹងនេះ​ លោកស្រីបានពាំនាំអនុសាសន៍សំខាន់ៗរបស់​ សម្តេចប្រធាន​ ផ្ញើជូនគណៈកម្មាធិការសាខា​ ដែលពិតជានឹងលើកកម្ពស់ ស្មារតីទទួលខុសត្រូវចំពោះមុខគណៈកម្មាធិការកណ្តាល យកចិត្តទុកដាក់អនុវត្តយុទ្ធសាស្ត្ររបស់សមាគមជាតិ បន្តអភិបាលដឹកនាំ តម្រង់ទិសដល់ក្រុមប្រតិបត្តិ ដល់គ្រប់អនុសាខា ឱ្យខិតខំប្រឹងប្រែងធ្វើការក្នុងស្មារតីក្រុម អនុវត្តដោយឯកភាពនិងជួយគ្នាទៅវិញទៅមក ធ្វើការកសាង និងបង្កើនសមត្ថភាពក្រុមប្រតិបត្តិ បំពាក់បំប៉នការគោរពតួនាទី ភារកិច្ច បែងចែកការទទួលខុសត្រូវរបស់គណៈកម្មាធិការសាខា-អនុសាខា​ ឱ្យបានច្បាស់លាស់ពង្រឹងការអភិវឌ្ឍឱ្យឈានឡើង​ ធ្វើឱ្យសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ​ មានសមត្ថភាពនិងលទ្ធភាពគ្រប់គ្រាន់ហើយសក្តិសមជាជំនួយការឱ្យអាជ្ញាធរសាធារណៈលើវិស័យមនុស្សធម៌​ ក្នុងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង នៃប្រតិបត្តិការជួយប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះបំផុតនៅក្នុងបូរណភាពដែនដីរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង