ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាល​ជាតិ​ ​និងនគរបាល​ហុងកុង​ ផ្លាស់​ប្ដូរ​យោបល់​ និង​ដក​ពិសោធន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ ពាក់ព័ន្ធ​កិច្ច​សហប្រតិបត្តិការ​រក្សា​ស្ថិរភាព​សន្តិសុខ​ និង​បង្ក្រាប​បទល្មើស​

84

 

​ភ្នំពេញ​ ៖​ ​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ឌី​ វិជ្ជា​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ តំណាង​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ ជាមួយ​លោក​ Wong​ Wai​ ប្រធាន​អង្គភាព​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ និង​បណ្ដាញ​សង្គម​ងងឹត​ នៃ​កងកម្លាំង​នគរបាល​តំបន់​រដ្ឋបាល​ពិសេស​ទីក្រុង​ហុងកុង​ ដើម្បី​ផ្លាស់​ប្ដូរ​យោបល់​ និង​ដក​ពិសោធន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ ពាក់ព័ន្ធ​កិច្ច​សហប្រតិបត្តិការ​រក្សា​ស្ថិរភាព​សន្តិសុខ​ និង​បង្ក្រាប​បទល្មើស​ ។​ ជំនួបនេះបានធ្វើឡើងនៅ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ នា​រសៀល​ថ្ងៃ​សុក្រ​ ​ទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​២០២៣។

បើតាមការចេញផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ , ​នៅ​ក្នុង​ជំនួប​នេះ​ផង​ដែរ​ ភាគី​ទាំង​ពីរ​បាន​យល់​ស្របគ្នា​ពាក់ព័ន្ធ​ស្ថានភាព​បទល្មើស​ឆ្លង​ដែន​ដែល​កំពុង​មានការ​កើនឡើង​ គឺ​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ ទូរគមនាគមន៍​ និង​បទល្មើស​ជួញដូរ​មនុស្ស​ឆ្លង​ដែន​ ជ្រក​ក្រោម​រូបភាព​ហត្ថ​ពលករ​បរទេស​ ។​

​ឆ្លើយ​តប​ចំពោះ​បញ្ហា​ប្រឈម​រួម​គ្នា​នេះ​ ទាំង​នគរបាល​ជាតិ​កម្ពុជា​ និង​នគរបាល​ហុងកុង​ បាន​ឯកភាព​គ្នា​បង្កើន​ការ​ផ្សព្វផ្សាយ​លើកកម្ពស់​ការ​យល់​ដឹង​ប្រជាពលរដ្ឋ​ និង​ពង្រឹង​វិសាលភាព​សហប្រតិបត្តិការ​ ក្នុង​ការ​ទប់ស្កាត់​ និង​ស្រាវជ្រាវ​មុខសញ្ញា​ប្រព្រឹត្ត​បទល្មើស​មានការ​ចាត់តាំង​ទាំងនេះ​អោយ​មាន​ប្រសិទ្ធភាព​ ៕

អត្ថបទដែលជាប់ទាក់ទង