ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកឃួង ស្រេង ដឹកនាំកិច្ចប្រជុំពិនិត្យ និងកែលម្អប្រព័ន្ធភ្លើងបំភ្លឺតាមដងផ្លូវសាធារណៈក្នុងរាជធានីភ្នំពេញ សម្រាប់ព្រឹត្តិការណ៍កីទ្បាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម

115

 

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជម្រុញអោយអាជ្ញាធរខណ្ឌទាំង១៤និងមន្ទីរពាក់ព័ន្ធយកចិត្តទុកដាក់ខ្ពស់ ក្នុងការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ ការតុបតែងនានា ដើម្បីលើកសោភណ្ឌភាពរាជធានីភ្នំពេញអោយកាន់តែរីកស្រស់បំព្រង ជាមួយនិងការរក្សាសន្តិសុខអោយកាន់តែល្អប្រសើរផងដែរ ខណៈដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡា ស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ នាខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ។

ការជម្រុញបែបនេះរបស់លោកឃួង ស្រេង បានធ្វើឡើង ខណៈលោកដឹកនាំកិច្ចប្រជុំពិនិត្យ និងកែលម្អប្រព័ន្ធភ្លើងបំភ្លឺតាមដងផ្លូវសាធារណៈក្នុងរាជធានីភ្នំពេញ សម្រាប់ព្រឹត្តិការណ៍កីទ្បាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាមួយអាជ្ញាធរខណ្ឌទាំង១៤និងមន្ទីរពាក់ព័ន្ធនារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ។

លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ កិច្ចប្រជុំនេះធ្វើឡើងដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារមួយចំនួនឡើងវិញ ដែលរដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងអនុវត្តធ្វើយ៉ាងណាអោយរាជធានីភ្នំពេញមានភាពស្រស់បំព្រង ជាមួយនិងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ល្អប្រសើរ ក្នងព្រឹត្តិការណ៍កីទ្បាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោកឃួង ស្រេង បានមានប្រសាសន៍បន្តថា៖ ការងាររៀបចំរាជធានីភ្នំពេញនេះ មិនមែនសម្រាប់តែនៅក្នុងតំបន់នោះទេ តែជារឿងពិភពលោក។ដូច្នេះយើងត្រូវអនុវត្តការងារនេះអោយបានល្អប្រសើរបំផុត។ លោកបញ្ជាក់ថា កន្លងមកនេះយើងបានរៀបចំកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំធំៗមួយចំនួនទៀតទទួលបានលទ្ធផលយ៉ាងជោគជ័យបំផុត រហូតទទួលបានការកោតសរសើរពីភ្ញៀវជាតិនិងអន្តរជាតិផងដែរ។

លោកឃួង ស្រេង បន្តទៀតថា៖ ក្នងព្រឹត្តិការណ៍កីទ្បាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ នៅដើមខែឧសភា ខាងមុខនេះ យើងត្រូវរួមគ្នាធ្វើគ្រប់ការងារពាក់ព័ន្ធទាំងអស់ ពិសេសធ្វើយ៉ាងណាអោយប្រជាពលរដ្ឋចូលរួមជាមួយយើង នោះយើងនឹងទទួលបានជោគជ័យនិងមានមោទនភាពទាំងអស់គ្នា។

លោកឃួង ស្រេង បានបន្ថែមទៀតថា ក្នុងនាមជាម្ចាស់ផ្ទះ ក្នុងនាមជាអាជ្ញាធរ កម្លាំងមានសមត្ថកិច្ចគ្រប់មូលដ្ឋានទាំងអស់ ត្រូវតែការពារសន្តិសុខជូនកីឡាករនិងភ្ញៀវទាំងអស់ដែលមកស្នាក់នៅព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង