ឯកអគ្គរដ្ឋទូតនៃរដ្ឋកូវ៉ែត ស្វែងយល់អំពីវឌ្ឍនភាព នៃការអភិវឌ្ឍវិស័យថាមពល ប្រេង និងឧស្ម័ននៅកម្ពុជា
ភ្នំពេញ ៖ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Mohamad S. ALHAJRI ឯកអគ្គរដ្ឋទូតនៃរដ្ឋកូវ៉ែតប្រចាំព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងជំនួបពិភាក្សានេះ ឯកឧត្តម Mohamad S. ALHAJRI បានស្វែងយល់អំពីវឌ្ឍនភាពនៃការអភិវឌ្ឍវិស័យថាមពល ប្រេង និងឧស្ម័ននៅកម្ពុជា។ ភាគីទាំងពីរបានជជែកពិភាក្សាអំពីសក្តានុពល និងឱកាសដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ។
ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើការស្វាគមន៍វិនិយោគិនកូវ៉ែត ដែលមានបំណងចង់វិនិយោគលើវិស័យប្រេង និងឧស្ម័ន ដែលបច្ចុប្បន្ន កម្ពុជាមានប្លុក offshore ចំនួន០៤ និងប្លុក onshore ចំនួន១៨ ទៀតដែលស្វាគមន៍ការវិនិយោគ។
លើសពីនេះទៅទៀត ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តឲ្យមានការវិនិយោគលើវិស័យថាមពល និងធនធានរ៉ែផងដែរ ព្រោះបច្ចុប្បន្នយើងអាចធ្វើការងារ បានគ្រប់ទីកន្លែង មិនថាក្នុងព្រៃជ្រៅ ឬតំបន់ដាច់ស្រយាល ដោយសារពេលនេះ កម្ពុជាទទួលបានសុខសន្តិភាពពេញលេញ និងមានស្ថេរភាពនយោបាយ ដែលជាកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម Mohamad S. ALHAJRI ក៏បានសម្តែងនូវការកោតសរសើរ ដល់ការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងមានបំណងចង់ផ្តល់អាហាររូបករណ៍ ក្នុងវិស័យប្រេង និងឧស្ម័នដល់និស្សិតកម្ពុជា ព្រមទាំងបើកឱកាសការងារដល់និស្សិត ដែលបានបញ្ចប់ការសិក្សា ដើម្បីឲ្យទទួលបានបទពិសោធន៍ការងារពីជំនាញនេះ នៅប្រទេសកូវ៉ែតផងដែរ៕