គ្រោះរញ្ជួយដី និងស៊ូណាមិវាយប្រហារឥណ្ឌូណេស៊ី៖ សពកើនដល់ជិត២០០០នាក់
ហ្សាការតា៖ ចំនួនមនុស្សស្លាប់ដែលបង្កឡើងដោយគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិវាយប្រហារដីកោះ ស៊ូឡាវ៉េស៊ី ភាគកណ្តាលប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ បានកើនឡើងដល់ ១.៩៤៤នាក់ហើយ បន្ទាប់ពីសាកសពរាប់រយនាក់បន្ថែមទៀតត្រូវបានក្រុមសង្គ្រោះរកឃើញ ខណៈប្រតិបត្តិការរុករកមនុស្សបាត់ខ្លួននេះ នឹងត្រូវបញ្ចប់នៅថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ នាយប់ថ្ងៃអាទិត្យ ទី៧ ខែតុលា ឆ្នាំ២០១៨។
អ្នកនាំពាក្យក្រុមសង្គ្រោះ នៃខេត្តភាគកណ្តាលឥណ្ឌូណេស៊ីបានអះអាងថា ក្រៅពីចំនួនមនុស្សស្លាប់មានការកើនឡើងដល់ជិត ២០០០នាក់ មនុស្សសរុប ២៥៤៩នាក់ទៀត កំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ ខណៈរាប់រយរាប់ពាន់នាក់ទៀតត្រូវបានគេជឿជាក់ថា កំពុងបន្តបាត់ខ្លួននៅឡើយនៅក្រោមគំនរអគារ-លំនៅឋាន និងល្បាប់ភក់ដែលបង្កឡើងដោយគ្រោះរញ្ជួយដីកម្រិត ៧,៧រ៉ិចទ័រ និងរលកយក្សស៊ូណាមិកម្ពស់ ៦ម៉ែត្រ៕