ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយនិស្សិត និងប្រជាពលរដ្ឋរស់នៅទីក្រុងតូក្យូ​ ប្រទេសជប៉ុន

486


ក្នុងឱកាសអញ្ជើញស្នាក់ទៅទីក្រុងតូក្យូ ប្រទេសជប៉ុននោះ នៅរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញឆ្លៀតឱកាសជួបសំណេះសំណាលជាមួយនិស្សិតដែលកំពុងបន្តការសិក្សា និងបងប្អូនប្រជាពលរដ្ឋរស់នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

ក្នុងពីធីសំណេះសំណាលនោះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចពិតជារីករាយណាស់ ដែលបានជួបសំណេះសំណាលជាមួយនិស្សិត និងពលរដ្ឋកម្ពុជា ដែលកំពុងបន្តការសិក្សា និងរស់នៅទីក្រុងតូក្យូ ប្រទេសជប៉ុននេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានបំពេញទស្សនកិច្ចនៅប្រទេសជប៉ុនចំនួន២២លើករួចមកហើយ។

សម្តេចតេជោ​ នាយករដ្ឋមន្ត្រី​ ថ្លែងទៅកាន់និស្សិត និងប្រជាពលរដ្ឋថា ការអភិវឌ្ឍតំបន់ត្រីកោណគឺជាគំនិតផ្តួចផ្តើមដោយផ្ទាល់របស់សម្តេច ដោយសារសម្តេចឃើញខេត្តកម្ពុជាចំនួន៤ជាខេត្តក្រីក្រ និងខេត្តរបស់វៀតណាម ឡាវ ក៏ក្រីក្រ គឺមិនមានគំនិតណាមួយក្នុងការកាត់ទឹកដីឲ្យវៀតណាមនោះទេ។ តំបន់ត្រីកោណនេះ រដ្ឋាភិបាលជប៉ុន ក៏បានគាំទ្រផងដែរ ហើយគម្រោងនេះ ជាការផ្តួចផ្តើមឲ្យមានកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តទៀតថា កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន គឺជាកិច្ចសហប្រតិបត្តិការមួយក្នុងការកាត់បន្ថយគម្លាតអភិវឌ្ឍន៍របស់ប្រទេសសមាជិកអាស៊ានថ្មី និងចាស់។

ទាក់ទងទៅនឹងវិស័យការងារ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ប្រាក់ឈ្នួលរបស់កម្មករ កម្មការិនី ត្រូវឡើងរាល់ឆ្នាំ ទោះឡើងតិច ឬឡើងច្រើនក៏ដោយ ហើយសំរាប់ឆ្នាំ២០១៩ខាងមុខនេះ ប្រាក់ឈ្នួលទាបបំផុតរបស់កម្មករបានដល់ ១៨២ដុល្លារ និងតម្រូវឲ្យមានការបញ្ចុះថ្លៃអគ្គិសនីសម្រាប់រោងចក្រទៀតផង។

សម្តេចនាយករដ្ឋមន្ត្រីបានបន្តទៀតថា រាជរដ្ឋាភិបាលបានខិតខំណាស់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សទាំងក្នុងប្រទេស ហើយក៏ខិតខំសុំអាហារូបករណ៍ក្រៅប្រទេសបន្ថែមទៀត។ បច្ចុប្បន្នកម្ពុជាមិនទាន់អាចផ្គត់ផ្គង់ធនធានមនុស្សគ្រប់គ្រាន់ឆ្លើយតបតម្រូវការវិនិយោគនៅឡើយទេ។

សម្តេចតេជោ ហ៊ុន សែន បានផ្តាំដល់និស្សិតកំពុងសិក្សានៅជប៉ុនថា ជប៉ុនជាប្រទេសមានការអប់រំខ្ពស់ ដូច្នេះត្រូវប្រឹងប្រែងរៀនសូត្រ ហើយពលរដ្ឋទៅរស់នៅជប៉ុន ក៏ត្រូវជំរុញឲ្យបានរៀនសូត្រខ្ពស់ផងដែរ។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណដល់ពលរដ្ឋនៅជប៉ុន ដែលបានចូលរួមរក្សាដំណើរលទ្ធិប្រជាធិបតេយ្យតាមរយៈការអំពាវនាវឲ្យពលរដ្ឋក្នុងស្រុកទៅបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា កន្លងទៅ។

នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានយកសៀវភៅច្បាប់អប់រំទូន្មានក្រុមង៉ុយ និងបណ្ឌិត អ៊ូចុង ចែកជូននិស្សិត និងប្រជាពលរដ្ឋដែលរស់នៅជប៉ុន និងបានបានឧបត្ថម្ភនិស្សិតទាំងអស់ក្នុងម្នាក់ៗ ៥០០ដុល្លារ ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង