ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិភាគ៖ គណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសជិត ៤០ឆ្នាំ ទើបតែពេលនេះ ជាអច្ឆរិយៈ របស់សម្តេចហ៊ុនសែន!

208

ភ្នំពេញ៖ យើងគិតចាប់ពីថ្ងៃ៧មករា ឆ្នាំ១៩៧៩ មកដល់ខែតុលា ឆ្នាំ២០១៨ គឺជិត ៤០ឆ្នាំ ដែលគណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសកម្ពុជា ក្រោយផ្តួលរំលំរបបខ្មែរក្រហម។ ក្នុងរយៈពេលជិត ៤០ឆ្នាំមកនេះ ទើបតែពេលនេះទេ ដែលជាអច្ឆរិយៈសម្រាប់សម្តេច ហ៊ុន សែន ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា។

ទើបតែនៅឆ្នាំ២០១៨ នេះទេ ដែលគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានឈ្នះឆ្នោត រហូតដល់ ១២៥ លើ ១២៥ អាសនៈ នៅរដ្ឋសភាទាំងមូល នៅពេលប្រទេសជាតិ ប្រកាន់យករបបដឹកនាំដោយសេរីពហុបក្ស និងប្រជាធិបតេយ្យ។

ការឈ្នះអាសនៈទាំងអស់ នៅរដ្ឋសភានេះ ក្នុងរយៈពេលជិត ៤០ឆ្នាំមកនេះ មិនដែលកើតមាននៅកម្ពុជាឡើយ ពិសេសក្រោមការដឹកនាំ​ របស់គណបក្សប្រជាជនកម្ពុជា។ ជាងនេះទៅទៀត ក្នុងរបបរាជានិយម សម័យសង្គមរាស្ត្រនិយម របស់សម្តេចព្រះ នរោត្តម សីហនុ មានដែរ ការឈ្នះឆ្នោត តែឯងនៅរដ្ឋសភា តែកាលណោះ ដោយសារការបោះឆ្នោត មានតែមួយគណបក្ស។ ចូលដល់របបសាធារណរដ្ឋ នៅឆ្នាំ១៩៧២-១៩៧៥ ក៏មានគណបក្សតែមួយ ឈ្នះឆ្នោតទាំង ១២៦ អាសនៈនៅរដ្ឋសភា តែក៏កាលណោះ មានតែ១គណបក្សចូលរួម ការបោះឆ្នោតប៉ុណ្ណោះ។ នៅសម័យខ្មែរក្រហម ក៏ដូចជា មានបក្សតែមួយចូលរួម ហើយគ្រប់អាសនៈទាំង ២៥០ អាសនៈនៅរដ្ឋសភា។ បន្តដល់សម័យសាធារណរដ្ឋកម្ពុជា និងសម័យរដ្ឋកម្ពុជា ពីឆ្នាំ១៩៨១ ដល់ឆ្នាំ១៩៩៣ ក៏មានតែបក្សប្រជាជនបដិវត្តកម្ពុជា តែមួយប៉ុណ្ណោះ ដែលគ្រប់គ្រងអាសនៈរដ្ឋសភាទាំង ១១៧ រូប។

ក៏ប៉ុន្តេកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៣ បានប្រកាន់របបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ សេរីពហុបក្ស ហើយកាលបោះឆ្នោតជាតិ នៅឆ្នាំ១៩៩៣ ឆ្នាំ១៩៩៨ ឆ្នាំ២០០៣ ឆ្នាំ២០០៨ និងឆ្នាំ២០១៣ គឺមិនមានគណបក្សតែមួយ ពិសេសគណបក្សប្រជាជនកម្ពុជា ឈ្នះអាសនៈទាំងអស់នៅរដ្ឋសភា ដូចការបោះឆ្នោត នៅឆ្នាំ២០១៨ កាលពីខែកក្កដាថ្មីៗនេះឡើយ។
គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោត ដែលមានដល់ទៅ ២០គណបក្សចូលរួម ហើយសម្តេចហ៊ុនសែន បាននាំគណបក្សប្រជាជនកម្ពុជា ឈ្នះបានអាសនៈ ១០០% គឺឈ្នះដាច់ទាំងអស់តែម្តង។

តាមការវាយតម្លៃរបស់លោកខាងលិច និងបក្សប្រឆាំង គឺយុវជនកម្ពុជាច្រើនរហូតដល់ ៦០% មិនបោះឆ្នោតឲ្យ គណបក្សប្រជាជនកម្ពុជា នោះទេ។ ប៉ុន្តែផ្ទុយទៅវិញ លត្ធផលនៃការបោះឆ្នោត កាលពីខែកក្កដា ឆ្នាំ២០១៨ បង្ហាញថា មានអ្នកបោះឆ្នោត ដែលភាគច្រើនជាយុវជន បានចេញទៅបោះឆ្នោតដល់ទៅជាង ៨៣% ហើយក្នុងនោះ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងឆ្នោតដល់ទៅជាង ៤លានសំឡេង ស្មើនឹងជាង ៧៦%។

ដូច្នេះរាជបណ្ឌិតសភា អ្នកសរសេរប្រវត្តិសាស្ត្រ អ្នកសរសេរសៀវភៅ ត្រូវកត់ត្រាទុកនូវការដឹកនាំ របស់សម្តេចតេជោ ហ៊ុនសែន ដែលដឹកនាំគណបក្សប្រជាជនកម្ពុជា ឈ្នះអាសនៈរដ្ឋសភា ទាំង ១២៥ អាសនៈ នៃរដ្ឋសភាទាំងមូល ក្នុងអាណត្តិទី៦ នេះ។ នេះជាអច្ឆរិយៈថ្មីមួយទៀត របស់សម្តេចតេជោ ហ៊ុន សែន។

អច្ឆរិយៈទី២ គឺយុវជនកម្ពុជាប្រមាណ ៦០% បានចេញទៅបោះឆ្នោត ហើយបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន សែន ដើម្បីគាំទ្រដល់ស្ថិរភាពនយោបាយ និងរក្សាសន្តិភាព ព្រមទាំងការអភិវឌ្ឍន៍នៅកម្ពុជាបន្តទៀត។

អច្ឆរិយៈទី៣ គឺការបង្កើត ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលមានសមាសភាពពីថ្នាក់ដឹកនាំ គណបក្ស ដែលបានចូលរួមការបោះឆ្នោត កាលពីខែកក្កដា ឆ្នាំ២០១៨ ក្រោមការផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីចង់ឲ្យកូនខ្មែរសាមគ្គី រួមគ្នាអភិវឌ្ឍន៍ប្រទេស។ ថ្នាក់ដឹកនាំគណបក្សនយោបាយទាំងនោះ ដែលជាសមាសភាព ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានឋានៈស្មើទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រី ដែលពួកគេនឹកស្មានមិនដល់ ហើយក្រៅពីឋានៈតួនាទី មេដឹកនាំគណបក្សនយោបាយទាំងនោះ ក៏មានសិទ្ធិអំណាច ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ តាមរយៈការលើកឡើង នូវអនុសាស្ត្រ រិះគន់ ដើម្បីស្ថាបនា លើសេចក្តីព្រាងច្បាប់ ឬក៏គោលនយោបាយ អភិវឌ្ឍន៍ប្រទេស ជាដើម។

ជារួម ការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ប្រទេសកម្ពុជា ដែលមានការរីកចម្រើន អភិវឌ្ឍន៍ មកដល់សព្វថ្ងៃ។ រីឯការដឹកនាំ គណបក្សប្រជាជនកម្ពុជា ក៏ឈានទៅរកជោគជ័យ ហើយអ្វីដែលជាជោគជ័យធំបំផុត នៅឆ្នាំ២០១៨នេះ គឺការឈ្នះឆ្នោត ទទួលបានអាសនៈទាំង ១២៥ នៅរដ្ឋសភា។ ដូច្នេះគួរតែសរសើរគាត់៕

អត្ថបទដែលជាប់ទាក់ទង