ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួម ជំនួបថ្នាក់ដឹកនាំអាស៊ាន ថ្ងៃទី១០-១២ នៅប្រទេសឥណ្ឌូនេស៊ី

135

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៨នេះថា តបតាមការអញ្ជើញរបស់ លោក ចូកូ វីដូដូ ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នឹងអញ្ជើញទៅចូលរួម ជំនួបថ្នាក់ដឹកនាំអាស៊ាន នៅថ្ងៃទី១០ ដល់១២ ខែតុលា ឆ្នាំ២០១៨ខាងមុននេះ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសថា “ជំនួបថ្នាក់ដឹកនាំអាស៊ាន នឹងប្រព្រឹត្តទៅក្រោមមូលបទ ‍ការសម្រេចគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព និងភាពជោគជ័យ ក្នុងការកាត់បន្ថយគម្លាត នៃការអភិវឌ្ឍ តាមរយៈសកម្មភាព កិច្ចសហប្រតិបត្តិការតំបន់ និងសកលលោក ស្របជាមួយនឹងកិច្ចប្រជុំពេញអង្គប្រចាំឆ្នាំ របស់ក្រុមប្រឹក្សាអភិបាល នៃមូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក ឆ្នាំ២០១៨” ។

សេចក្តីប្រកាសដដែលបានឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយរកដ្ឋមន្ត្រី នឹងត្រូវអមដំណើរដោយ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម សមាជិកជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំធុរកិច្ច នៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង