សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ប្រធានសមាគមមិត្តភាពសភាជប៉ុន-កម្ពុជា
ភ្នំពេញ៖ នៅថ្ងៃទី៣ នៃការស្នាក់អាស្រ័យ បំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារ ជាមួយលោក ម៉ាសាហ៊ីរ៉ូ អ៊ីម៉ាមួរ៉ា ប្រធានសមាគមមិត្តភាព សភាជប៉ុន-កម្ពុជា ។
យោងតាមបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ក្នុងជំនួបជាមួយ សម្តេចតេជោ នាយករដ្ឋមន្រ្តី លោក ម៉ាសាហ៊ីរ៉ូ អ៊ីម៉ាមួរ៉ា ប្រធានសមាគមមិត្តភាព សភាជប៉ុន-កម្ពុជា មានប្រសាសន៍ជំរាបជូន សម្តេចតេជោថា រូបលោកធ្លាប់បានជួបសម្តេចតេជោ ក្នុងឱកាសដែលរូបលោក នាំយកនូវសារលិខិតអបអរសាទររបស់ លោកអគ្គលេខាធិការ គណបក្សប្រជាធិបតេយ្យជប៉ុន ជូនចំពោះ សម្តេចតេជោ កាលពីថ្ងៃទី១០ ខែសីហាកន្លងទៅ នៅរាជធានីភ្នំពេញ។ លោកប្រធាន ក៏បានរំលឹកអំពីការទទួលរូបលោក ដោយកក់ក្តៅបំផុត ពីសម្តេចតេជោនៅរាជធានីភ្នំពេញ លោកប្រធានបន្តថា ក្រោយពីបានស្តាប់ នូវប្រសាសន៍របស់សម្តេច គឺរូបលោកមានការចាប់អារម្មណ៍ យ៉ាងខ្លាំងដោយសារ ការបោះឆ្នោតនៅកម្ពុជា ប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រូវ មានស្ថេរភាពល្អ ពោរពេញទៅដោយសុខសន្តិភាព ពិសេសប្រជាជនកម្ពុជា មានភាពសប្បាយរីករាយ និងគ្មានភាពតក់ស្លុត ។
សម្តេចតេជោ នាយករដ្ឋមន្រ្តី មានប្រសាសន៍ថា សភាពការណ៍កម្ពុជានៅពេលនេះ គឺមានភាពខុសគ្នាស្រឡះ ពីសភាពការណ៍ ក្រោយការបោះឆ្នោតឆ្នាំ២០១៣ ពោលគឺសភាពការណ៍កាលពីឆ្នាំ២០១៣ នៅពេលនេះគឺមានចំនួនមនុស្សស្លាប់ ដែលបង្កដោយ ពួកជ្រុលនិយមមិនទទួលយក លទ្ធផលនៃការបោះឆ្នោត។ ផ្ទុយស្រឡះកាលពីពេលនោះ នៅពេលនេះប្រជាជនកម្ពុជា កំពុងទទួលបាននូវភាពសប្បាយរីករាយ ក្នុងការទទួលអំណរ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ។
សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានថ្លែងនូវថា ពេលនេះកម្ពុជាបានបង្កើន នូវរាជរដ្ឋាភិបាលថ្មី ដោយគ្មានអ្វីប្រប្រួល ហើយតាមរយ:កិច្ចសន្ទនាគ្នានោះ សម្តេចសូមថ្លែង នូវអំណរគុណសាជាថ្មី ជូនចំពោះឯកឧត្តម ស៊ិនហ្សូ អាបេ និងអគ្គលេខាធិការ គណបក្សប្រជាធិប យ្យជប៉ុន ដែលបានផ្ញើសារលិខិត អបអរសាទរសម្តេច ដែលត្រូវបានជ្រើសតាំងជាថ្មី ជានាយករដ្ឋមន្រ្ តីនីតិកាលទី៦ នៃរដ្ឋសភា។
សម្តេចតេជោ ក៏បានអបអរសាទរជូនចំពោះ លោក ស្សិនហ្សូ អាបេ ដែលត្រូវបាន ជ្រើសតាំងជាប្រធានគណបក្ស ប្រជាធិបតេយ្យជប៉ុន ជាថ្មីម្តងទៀត និងត្រូវបានជ្រើសតាំង ជានាយករដ្ឋមន្រ្តីជប៉ុន។ ក្នុងជំនួបពិភាក្សាគ្នានោះដែរ សម្តេចតេជោ និងលោក ម៉ាសាហ៊ីរ៉ូ អ៊ីម៉ាមួរ៉ា បានធ្វើការពិភាក្សាគ្នា យ៉ាងយកចិត្តទុកដាក់ ទៅលើកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរកម្ពុជា ដែលជប៉ុនដែលតែងតែ មានជំហរក្នុងការគាំទ្រគ្នា ទៅវិញទៅមក លើកិច្ចសហប្រតិបត្តិការ ទាំងក្នុងក្របខណ្ឌ តំបន់និងអន្តរជាតិ ពិសេសការបន្ត ជំរុញការគាំទ្រគ្នា ទៅវិញទៅមក ក្នុងកិច្ចសហប្រតិបត្តិការ ក្របខណ្ឌតំបន់ និងអន្តរជាតិជាបន្តទៅទៀត៕