ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបភិភាក្សាការងារ​ ជាមួយប្រធាន និងជានាយកប្រតិបត្តិការ អង្គការ​ពាណិជ្ជកម្ម ក្រៅប្រទេសជប៉ុន (JETRO)

168

ភ្នំពេញ៖ បន្ទាប់ពីបានអញ្ជើញជួបពិភាក្សាការងារ ជាមួយប្រធានសមាគមមិត្តភាព សភាជប៉ុន-កម្ពុជារួចមក សម្តេចតេជោអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា​ បានអនុញ្ញាតឲ្យ លោក ហ៊ីរ៉ូយូគី អ៊ីស្សីហ្គេ ប្រធាន និងជានាយកប្រតិបត្តិការ​ អង្គការ​ពាណិជ្ជកម្ម ក្រៅប្រទេសជប៉ុន (JETRO) ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ។

យោងតាមបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកផ្លូវការ របស់ម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រៃ នៃកម្ពុជា បានឲ្យដឹងនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៨នេះ ថា “លោក ហ៊ីរ៉ូយូគី អ៊ីស្សីហ្គេ មានប្រសាសន៍ ជម្រាបជូនសម្តេចតេជោ នាយករដ្ឋមន្រ្តី ពីការរៀបចំសិក្ខាសាលា ស្តីពីការទាក់ទាញអ្នកវិនិយោគជប៉ុន នៅក្នុងក្របខណ្ឌ នៃកិច្ចប្រជុំកំពូលមេគង្គ ជប៉ុន លើកទី១០ នៅទីក្រុងតូក្យូប្រទេសជប៉ុន។ លោកប្រធានមានប្រសា​សន៍បន្តថា ប្រសាសន៍របស់សម្តេច ដែលថ្លែងសុន្ទរកថាគន្លឹះ ក្នុងសិក្ខាសាលានេះ នឹងបន្តជំរុញ លើកទឹកចិត្តអ្នកវិនិយោគជប៉ុន មកកាន់កម្ពុជា កាន់តែច្រើនឡើងថែមទៀត។ លោកប្រធានបន្តថា នៅកម្ពុជាពិតជាមាន បរិយាកាសវិនិយោគល្អ ដោយមិនមានការបែងចែក រវាងសហគ្រាសបរ​ទេស និងក្នុងស្រុក​ ហើយអ្នកវិនិយោគជប៉ុន គឺមានចរិកលក្ខណៈផ្សារភ្ជាប់ ទៅនឹងតំបន់ មានចក្ខុវិស័យវែងឆ្ងាយ និងបណ្តុះបណ្តាល ធនធានមនុស្ស” ។

​​ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្រ្តី​ មានប្រសាសន៍វាយតម្លៃខ្ពស់ និងចាត់ទុកថា អង្គការ JETRO បានដើរតួនាទីយ៉ាងខ្លាំង ក្នុងការគៀងគរវិនិយោគជប៉ុន មកកម្ពុជាក្នុងពេលកន្លងមក​។ សម្តេចតេជោបាន​ បន្តទៀតថាជាមួយ នឹងការហោះហើរត្រង់ របស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន អាណា(ANA) គឺពិត​ជាបានរួមចំណែកជួយនាំយក នូវអ្នកវិនិយោគជប៉ុន និងអ្នកទេសចរណ៍ជប៉ុន មកកាន់កម្ពុជា។

សម្តេចតេជោ នាយករដ្ឋមន្ត្រី​ បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ពិសេសបន្តពិនិត្យមើល ថែមទៀត លើគ្រប់លទ្ធភាពក្នុងការ ជួយសំរួល ដោយអ្នកវិនិយោគិនជប៉ុន នៅកម្ពុជា ក្នុងនោះរួមទាំងការបង្កើតឡើង នូវវេទិកា​ពិសេស​ រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយនិងស្ថានឯកអគ្គ​រាជ​ទូតជប៉ុន ដោយមិនចាំបាច់រងចាំវេទិកា​ រវាងរាជរដ្ឋាភិបាល និងវិស័យឯកជនឡើយ។ សម្តេចតេជោបន្តថា សម្តេចមានយុទ្ធសាស្រ្តទាក់ទាញ វិនិយោគមកកម្ពុជា គឺធ្វើយ៉ាងណា ឲ្យអ្នកវិនិយោគទាំងអស់បន្ត និងពង្រីកសកម្មភាពរបស់ខ្លួន នៅកម្ពុជា និងទាក់ទាញវិនិយោគជប៉ុន ថែមទៀតមក​កម្ពុជា​ ដែលពីមុនកម្ពុជា​ មានអ្នកវិនិយោគជប៉ុន តែប្រមាណ២០ក្រុមហ៊ុនទេ តែមកដល់​ពេលនេះ មានក្រុមហ៊ុនជប៉ុន មានប្រមាណជាង២០០ក្រុមហ៊ុន នៅកម្ពុជា៕

 

អត្ថបទដែលជាប់ទាក់ទង