ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ប្រធានសមាគមមិត្តភាពសភាជប៉ុន-កម្ពុជា

63


​​នៅថ្ងៃទី៣ នៃការស្នាក់អាស្រ័យបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក ម៉ាសាហ៊ីរ៉ូ អ៊ីម៉ាមួរ៉ា ប្រធានសមាគមមិត្តភាពសភាជប៉ុន-កម្ពុជា។

ក្នុងជំនួបជាមួយ សម្តេចតេជោនាយករដ្ឋមន្រ្តី លោក ម៉ាសាហ៊ីរ៉ូ អ៊ីម៉ាមួរ៉ា ប្រធានសមាគមមិត្តភាពសភាជប៉ុន-កម្ពុជា មានប្រសាសន៍ជំរាបជូនសម្តេចតេជោថា រូបលោកធ្លាប់បានជួបសម្តេចតេជោ ក្នុងឱកាសដែលរូបលោកនាំយកនូវសារ​លិខិត​អបអរសាទររបស់ ឯកឧត្តម​ អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យជប៉ុន ជូនចំពោះ សម្តេចតេជោ​ កាលពីថ្ងៃទី១០ ខែសីហាកន្លងទៅ នៅរាជធានីភ្នំពេញ។ លោកប្រធានក៏បានរំលឹកអំពី​ការទទួលរូបលោកដោយកក់ក្តៅបំផុត ពីសម្តេចតេជោនៅរាជធានីភ្នំពេញ លោកប្រធានបន្តថា ក្រោយពីបានស្តាប់នូវប្រសាសន៍របស់សម្តេច គឺរូបលោកមានការចាប់អារម្មណ៍យ៉ាងខ្លាំង​ដោយសារ​ ការបោះឆ្នោតនៅកម្ពុជា ប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រូវ មានស្ថេរភាពល្អ ពោរពេញទៅ​ដោយសុខសន្តិភាព ពិសេសប្រជាជនកម្ពុជាមានភាពសប្បាយរីករាយ និងគ្មានភាពតក់ស្លុត។

​​សម្តេចតេជោ​ នាយករដ្ឋមន្រ្តីមានប្រសាសន៍ថា សភាពការណ៍កម្ពុជានៅពេលនេះ គឺមានភាពខុសគ្នាស្រឡះពីសភាពការណ៍ក្រោយការបោះឆ្នោតឆ្នាំ២០១៣ ពោលគឺសភាពការណ៍​កាលពី​ឆ្នាំ​២០១៣ នៅពេលនេះគឺមានចំនួនមនុស្សស្លាប់ ដែលបង្កដោយ ពួកជ្រុលនិយមមិនទទួលយក​លទ្ធផលនៃការបោះឆ្នោត។ ផ្ទុយស្រឡះកាលពីពេលនោះ នៅពេលនេះប្រជាជនកម្ពុជា​កំពុង​ទទួលបាននូវភាពសប្បាយរីករាយ ក្នុងការទទួលអំណរនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ។

សម្តេច​តេជោនាយករដ្ឋមន្រ្តីក៏បានថ្លែងនូវថា ពេលនេះកម្ពុជាបានបង្កើននូវរាជរដ្ឋាភិបាលថ្មី ដោយគ្មានអ្វីប្រប្រួល ហើយតាមរយ:កិច្ចសន្ទនាគ្នានោះ សម្តេចសូមថ្លែងនូវអំណរគុណសាជាថ្មី ជូនចំពោះឯកឧត្តម ស៊ិនហ្សូ អាបេ និងអគ្គលេខាធិការគណបក្សប្រជាធិបតេយ្យជប៉ុន ដែល​បានផ្ញើសារលិខិតអបអរសាទរសម្តេចដែលត្រូវបានជ្រើសតាំងជាថ្មី ជានាយករដ្ឋមន្រ្តីនីតិកាល​ទី​៦ នៃរដ្ឋសភា។

សម្តេចតេជោ​ ក៏បានអបអរសាទរជូនចំពោះ ឯកឧត្តម ស្សិនហ្សូ អាបេ ដែលត្រូវបាន ជ្រើសតាំងជាប្រធានគណបក្សប្រជាធិបតេយ្យជប៉ុនជាថ្មីម្តងទៀត និងត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីជប៉ុន។ ក្នុងជំនួបពិភាក្សាគ្នានោះដែរ សម្តេចតេជោ​ និងលោក ម៉ាសាហ៊ីរ៉ូ អ៊ីម៉ាមួរ៉ា បានធ្វើ​ការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរកម្ពុជា ដែលជប៉ុនដែលតែងតែមានជំហរក្នុងការគាំទ្រគ្នាទៅវិញទៅមក លើកិច្ចសហប្រតិបត្តិការទាំងក្នុងក្របខណ្ឌ តំបន់និងអន្តរជាតិ ពិសេសការបន្តជំរុញការគាំទ្រគ្នាទៅវិញទៅមក ក្នុងកិច្ចសហប្រតិបត្តិការក្របខណ្ឌតំបន់ និងអន្តរជាតិជាបន្តទៅទៀត៕

អត្ថបទដែលជាប់ទាក់ទង