សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារ ជាមួយតំណាងក្រុមហ៊ុន មីស៊ុអ៊ី
បន្ទាប់ពីបានជួបជាមួយប្រធាន អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) រួចហើយនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានអនុញ្ញាតឲ្យ លោក ណូប៊ូអាគី គីតាម៉ូរី តំណាងក្រុមហ៊ុន មីស៊ុអ៊ី ចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាបន្តទៀត។
លោក ណូប៊ូអាគី គីតាម៉ូរី តំណាងក្រុមហ៊ុន មីស៊ុអ៊ី មានប្រសាសន៍ជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តីថា ក្រុមហ៊ុនរបស់លោក ចាប់ផ្តើមមានវត្តមានក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ១៩៥៤មកម៉្លេះ តែត្រូវបានផ្អាកសកម្មភាពមួយរយ: និងចាប់ផ្តើមដំណើរការឡើងវិញនៅឆ្នាំ១៩៩៣។ លោកតំណាងបន្តថា ក្រុមហ៊ុនរបស់លោកចាប់ផ្តើមជាមួយនឹងគម្រោងអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុន ដើម្បីរួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជា។ លោកតំណាងក្រុមហ៊ុនបានបន្តថា បច្ចុប្បន្នក្រុមហ៊ុនមានសកម្មភាពលើវិស័យទូរគមនាគមន៍ដែលមានភាគហ៊ុននៅក្នុងក្រុមហ៊ុនស្មាត និងការរួមចំណែកដល់ការនាំចេញផលិតផលកសិកម្មរបស់កម្ពុជាទៅក្រៅប្រទេស និងវិនិយោគលើវិស័យកាត់ដេរ រួមទាំងការសហការជាមួយក្រសួងបរិស្ថានក្នុងការការពារធនធានធម្មជាតិ ពិសេសនៅតំបន់ព្រៃឡង់។ លោកតំណាងក្រុមហ៊ុន មីស៊ុអ៊ី ក៏ជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តី ពីការឧបត្ថម្ភជូនដល់កីឡាករ ហុងដា ក្នុងការជួយបង្ហាត់ដល់ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជាផងដែរ។
ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ក្រុមហ៊ុនទូរស័ព្ទស្មាតគឺមានដំណើរការល្អ ពោលគឺមានអតិថិជនរហូតដល់ប្រមាណ ៩លាននាក់ តាមរយ:នេះសម្តេចតេជោ សូមលើកទឹកចិត្តក្រុមហ៊ុនពង្រីកការតម្លើងអង់តែនទូរស័ព្ទនៅតាមតំបន់ផ្សេងៗទៀត ដើម្បីបង្កើននូវសេវាគ្របដណ្តប់ឲ្យកាន់តែទូលំទូលាយ។ សម្តេចក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនបន្តការកែច្នៃ ក៏ដូចជានាំចេញផលិតផលកសិកម្មរបស់កម្ពុជាទៅក្រៅប្រទេស។ ចំពោះការវិនិយោគលើវិស័យកាត់ដេរ សម្តេចតេជោ បានមានប្រសាសន៍ថា ក្រុមហ៊ុនសក្តិសមទៅនឹងការវិនិយោគលើវិស័យកាត់ដេរដែលនឹងប្រើប្រាស់នូវជំនាញរបស់ខ្លួន។
ចំពោះកិច្ចសហការលើការថែរក្សាធនធានធម្មជាតិ សម្តេចតេជោ បានស្នើអោយក្រុមហ៊ុនសហការជាមួយក្រសួងបរិស្ថាន។ សម្តេចក៏បានអរគុណជូនចំពោះលោក ណូប៊ូអាគី គីតាម៉ូរី ដែលបានជួយឧបត្ថម្ភដល់លោក ហុងដា ក្នុងការជួយបង្ហាត់ដល់ក្រុមកីឡាបាលទាត់កម្ពុជា។ សម្តេចតេជោ បន្តថា សម្តេចបានជួបលោក ហុងដា កាលពីឆ្នាំ២០១៦ ក្នុងជំនួបពេលនោះ សម្តេចបានស្នើសុំឲ្យលោក ហុងដា ជួយបង្ហាត់ដល់ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា និងជួយផ្សព្វផ្សាយអប់រំពីសុវត្តិភាពចរាចរណ៍ និងគ្រឿងញៀន ហើយសម្តេចនឹងជ្រើសរើសពេលវេលាក្នុងការជួបលោក ហុងដា ម្តងទៀត ដើម្បីបន្តពិភាក្សាលើការងារអស់ទាំងនោះឲ្យកាន់តែ មានប្រសិទ្ធភាពខ្ពស់ថែមទៀត៕