នាយករដ្ឋមន្រ្តីជប៉ុន បញ្ជាក់ថា កម្ពុជា បានឆ្លងកាត់ឧបសគ្គ និងសង្រ្គាម ២៥ឆ្នាំមកនេះ គឺពេលនេះកម្ពុជា កំពុងរីកចម្រើនពិតប្រាកដ
នៅរសៀលថ្ងៃទី ៨ តុលានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបប្រជុំទ្វេភាគីជាមួយ នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ិនហ្សូ អាបេ នៅទីស្តីការគណៈរដ្ឋមន្រ្តីជប៉ុន ទីក្រុងតូក្យូ។ សម្តេចតេជោត្រូវបានទទួលគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីលោក ស៊ិនហ្សូ អាបេ ដែលនៅក្នុងពិធីបដិសណ្ឋារកិច្ចផ្លូវការនេះ ក៏មានពិធីគោរពទង់ជាតិនៃប្រទេសទាំងពីរ និងពិធីត្រួតពល។
លោកនាយករដ្ឋមន្រ្តីជប៉ុន សោមនស្សរីករាយបំផុតដែលបានជួបពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន លើកនេះ ដែលស្របពេលនៃខួប៦៥ឆ្នាំនៃចំណងទាក់ទងការទូតកម្ពុជាជប៉ុន។ លោកបញ្ជាក់ថា ជប៉ុនតែងតែស្ថិតនៅជិតកម្ពុជាជានិច្ចក្នុងការជួយកសាងនិងអភិវឌ្ឍន៍ប្រទេស។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានសម្តែងនូវក្តីសប្បាយរីករាយក្រៃលែង និងអរគុណ លោកនាយករដ្ឋមន្រ្តីជប៉ុន ចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ព្រមទាំងបានអរគុណលោកដែលបានផ្ញើសារអបអរសាទរចំពោះ សម្តេចតេជោ ដែលត្រូវបានជាប់ឆ្នោតជានាយករដ្ឋមន្រ្តីសារជាថ្មី។ សម្តេចតេជោ ក៏បានអរគុណមិត្តជប៉ុន ដែលបានជួយដល់ការបោះឆ្នោតនៅកម្ពុជា តាំងពីពេលមុន និងក្នុងពេលបោះឆ្នោតកន្លងមកនេះ។ ទោះបីការបោះឆ្នោតបានបញ្ចប់ទៅហើយក្តី គឺកម្ពុជានៅតែត្រូវការប្រទេសជប៉ុនជួយជាបន្ត។ ទន្ទឹមនឹងនេះ សម្តេចតេជោ បានអបអរសាទរចំពោះ លោក ស៊ិនហ្សូ អាបេ ដែលត្រូវបានជាប់ឆ្នោតជាប្រធានគណបក្សប្រជាធិបតេយ្យសេរី និងជានាយករដ្ឋមន្រ្តីបន្ត។ នៅក្នុងឱកាសនោះដែរ សម្តេចតេជោ បានសម្តែងនូវការសោកស្តាយចំពោះវិបត្តិគ្រោះមហន្តរាយ ដែលបានកើតឡើង នៅជប៉ុនកាលពីពេលថ្មីៗនេះ ។
ស្របគ្នានឹងកិច្ចប្រជុំកំពូលជប៉ុនមេគង្គលើកទី១០ នៅថ្ងៃស្អែកនេះ លោក ស៊ិនហ្សូ អាបេ បានបញ្ជាក់សារជាថ្មីចំពោះសារៈសំខាន់ នៃសរសរស្តម្ភ៣ដែលត្រូវពង្រឹង ១)ការពង្រឹងវិសាលភាពនៃការតភ្ជាប់ ២)ការកសាងសង្គមតាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស ៣)ការសម្រេចបានដើម្បីអោយតំបន់មេគង្គក្លាយជាតំបន់បៃតង។ ចំពោះកម្ពុជា គឺប្រទេសជប៉ុននឹងបន្តផ្តល់ជំនួយជាបន្តដែលក្នុងនោះមាន ១)ជំនួយបច្ចេកទេសផ្នែកធារាសាស្រ្តលើវិស័យកសិកម្ម ២)បំពាក់សំភារៈទំនើប និងបច្ចេកវិទ្យាសម្រួលដល់កំពង់ផែស្វយ័តខេត្តព្រះសីហនុ ៣)ជំនួយដល់កម្មវិធីអភិវឌ្ឍន៍កុមារ តាមរយៈ UNICEF ជាដើម។
ដើម្បីលើកស្ទួយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ប្រទេសជប៉ុននឹងអញ្ជើញអ្នកដឹកនាំវ័យក្មេងកម្ពុជា, មន្រ្តីបម្រើផ្នែកយុត្តិធម៌, គណកម្មការជាតិរៀបចំការបោះឆ្នោត មកទស្សនកិច្ចសិក្សាអំពីប្រទេសជប៉ុន។ ទន្ទឹមនឹងនោះដែរ ភាគីជប៉ុនក៏បានស្នើសុំអោយ សម្តេចតេជោ គាំទ្រ Indo-Pacific សេរី និងបើកចំហរដែលជាទិសដៅជប៉ុនក្នុងការពង្រឹងនិងពង្រីកវិសាលភាពពាណិជ្ជកម្មសេដ្ឋកិច្ច។ សម្តេចតេជោ គាំទ្រប្រទេសជប៉ុន ហើយមានជំនឿថាសមាជិក នៃប្រទេសមេគង្គនឹងចូលរួមគាំទ្រចំពោះទិសដៅ Indo-Pacific សេរី និងបើកចំហរនេះជាមិនខាន។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានជម្រាប លោក ស៊ិនហ្សូ អាបេ ផងដែរថា នៅឆ្នាំ ២០២០ កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ាន។ ទន្ទឹមនឹងនេះដែរ កម្ពុជាក៏មានបំណងចង់រៀបចំនៃកិច្ចប្រជុំអាស៊ីអឺរ៉ុប នៅឆ្នាំ ២០២០ នៅប្រទេសកម្ពុជា។ សម្តេចប្រមុខដឹកនាំ បានអញ្ជើញលោកនាយករដ្ឋមន្រ្តីជប៉ុន ទៅបំពេញទស្សនៈកិច្ចនៅកម្ពុជា ក្នុងពេលសមស្របណាមួយខាងមុខ។ លោក ស៊ិនហ្សូ អាបេ បានគាំទ្របេក្ខភាពកម្ពុជា ដើម្បីធ្វើជាម្ចាស់ផ្ទះ នៅក្នុងការរៀបចំកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់បំផុតនេះ។
មុននឹងបញ្ចប់កិច្ចពិភាក្សា លោកនាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ បានអរគុណ សម្តេចតេជោ ហ៊ុន សែន ហើយលោកនឹងជ្រើសរើសពេលវេលា សមស្របណាមួយទៅបំពេញទស្សនៈកិច្ចនៅកម្ពុជាដ៏ស្រស់ស្អាត។ លោកនាយករដ្ឋមន្រ្តីជប៉ុន បញ្ជាក់សារជាថ្មីថា ជប៉ុនបានតាំងចិត្តសហការជាមួយកម្ពុជាដើម្បីប្រទេសជាតិរីកចម្រើន ព្រោះកម្ពុជាបានឆ្លងកាត់ឧបសគ្គនិងសង្រ្គាម ២៥ឆ្នាំមកនេះ គឺពេលនេះកម្ពុជាកំពុងរីកចម្រើនពិតប្រាកដ។
នៅល្ងាចថ្ងៃទី៨ខែតុលា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពីធីលៀងសាយភោជន៍ ដែលរៀបចំដោយនាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ិនហ្សូ អាបេ និងលោកជំទាវ។
ក្នុងពិធី លៀងសាយភោជន៍ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតនោះ គឺមានការអញ្ជើញចូលរួមពីបណ្តាមេដឹកនាំប្រទេសមេគង្គ ជប៉ុន ដូចជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត ថងលួន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោកជំទាវ អ៊ុង សានស៊ូជី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេស នៃសហភាពមីយ៉ាន់ម៉ា ឯកឧត្តម ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូ ចា នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ ឯកឧត្តម ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋ សង្គមនិយមវៀតណាម និងលោកជំទាវ។
ឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ បានមានប្រសាសន៍សំដែងនូវការវាយតម្លៃខ្ពស់ជូនចំពោះបណ្តាមេដឹកនាំនៃប្រទេសមេគង្គ ដែលបានចំណាយនូវពេលវេលាដ៏មានតម្លៃបំផុត ឆ្លើយតបតាមការអញ្ជើញរបស់ឯកឧត្តម អញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលមេគង្គ ជប៉ុន លើកទី១០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ឯកឧត្តមនាយករដ្ឋមន្រ្តីបន្តថា យើងពិតជាមានការរីករាយ ចំពោះកិច្ចប្រជុំរបស់យើងក្នុងឆ្នាំ២០១៨នេះ ដែលប្រព្រឹត្តធ្វើឡើងស្របពេល នឹងខួប១០ឆ្នាំ នៃកិច្ចប្រជុំកំពូលមេគង្គ ជប៉ុនរបស់យើង។
ឯកឧត្តមបន្តថា នៅក្នុងកិច្ចប្រជុំកំពូលរបស់យើងនៅថ្ងៃស្អែក យើងនឹងធ្វើការពិភាក្សា និងអនុម័តយុទ្ធសាស្រ្តទីក្រុងតូក្យូថ្មី សំដៅធ្វើឲ្យប្រសើរឡើងនូវការតភ្ជាប់ លើកកម្ពស់សុខមាលភាពប្រជាជន និងការពារបរិស្ថាន។ យុទ្ធសាស្ត្រនេះផ្តោតសារៈសំខាន់ លើការអភិវឌ្ឍប្រកបដោយចីរភាព និងការកាត់បន្ថយគម្លាតអភិវឌ្ឍន៍រវាងប្រទេស មេ គង្គ និងប្រទេសសមាជិកអាស៊ានផ្សេងទៀត៕