ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីការពារជាតិអង់គ្លេស និងអ៉ីតាលី នឹងមកបំពេញទស្សនកិច្ច នៅប្រទេសជប៉ុនក្នុងសប្តាហ៍នេះ

98

តូក្យូ៖ លោក យ៉ាស៊ូកាហ្សុ ហាម៉ាដា (Yasukazu Hamada) រដ្ឋមន្ត្រីការពារជាតិជប៉ុន បាននិយាយនៅថ្ងៃអង្គារនេះថា រដ្ឋមន្ត្រីការពារជាតិអង់គ្លេស និងអ៉ីតាលី នឹងមកបំពេញទស្សនកិច្ច នៅប្រទេសជប៉ុនក្នុងសប្តាហ៍នេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០២៣។

កាលពីខែធ្នូ ឆ្នាំ២០២២ ជប៉ុន អង់គ្លេស និងអ៉ីតាលី បានប្រកាសអំពីគម្រោងការបណ្តាក់ទុនលើកម្មវិធី Global Combat Air Program ដើម្បីអភិវឌ្ឍយន្តហោះចម្បាំងជំនាន់ក្រោយ នៅឆ្នាំ២០៣៥ ដែលរួមបញ្ចូលដោយគម្រោង Tempest របស់ចក្រភពអង់គ្លេសជាមួយកម្មវិធីយន្ដហោះចម្បាំង F-X របស់ជប៉ុន។

ក្រសួងការពារជាតិជប៉ុនបានឲ្យដឹងថា លោក ហាម៉ាដា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រីភាគីជាមួយរដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក ប៊ែន វ៉ាឡែស (Ben Wallace) និងរដ្ឋមន្ត្រីការពារជាតិអ៉ីតាលី លោក ហ្គូដូ ក្រូសេតតូ (Guido Crosetto) នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។ លោក ហាម៉ាដា ក៏នឹងជួបប្រជុំទ្វេភាគីដាច់ដោយឡែក ជាមួយរដ្ឋមន្រ្តីទាំងពីរ ផងដែរ។ ភាគីទាំងបី នឹងពិភាក្សាអំពីគម្រោងផលិតយន្តហោះចម្បាំង ដែលនេះជាកិច្ចសហការលើឧស្សាហកម្មការពារជាតិដ៏សំខាន់លើកដំបូងរបស់ជប៉ុន ក្រៅពីជាមួយសហរដ្ឋអាមេរិក ចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក។

គួរបញ្ជាក់ថា ភាពជាដៃគូត្រីភាគីរួមគ្នារវាងជប៉ុន អង់គ្លេស និងអ៉ីតាលី ត្រូវបានបង្កើតកាលពីឆ្នាំ២០២២ នៅពេលដែលប្រទេសបារាំង អាល្លឺម៉ង់ និងអេស្ប៉ាញ បានពន្លឿនគម្រោងផលិត យន្តហោះចម្បាំង ក្រោមក្របខណ្ឌដ៏ទូលំទូលាយរបស់សហភាពអឺរ៉ុប ដើម្បីពង្រឹងសន្តិសុខប្រឆាំងនឹងអ្វីដែលមិនអាចទាយទុកមុន ដែលកើតចេញពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន៕

អត្ថបទដែលជាប់ទាក់ទង