ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ឃួង ស្រេង អំពាវនាវដល់គ្រប់ក្រសួង-ស្ថាប័ន អង្គភាពពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ទាំងអស់ សូមបន្តរួមគ្នាឱ្យកាន់តែល្អប្រសើរ បន្ថែមទៀត ក្នុងបុព្វហេតុលើកកម្ពស់សិទ្ធិនារី និងត្រូវស្គាល់អំពីសុខទុក្ខរបស់នារី

88

 

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ មានមន្ត្រីរាជការជានារី ចំនួន៩៤នាក់ ដែលបាននិងកំពុងបំពេញការងារ និងទទួលខុសត្រូវលើការដឹកនាំអង្គភាព គ្រប់គ្រងរដ្ឋបាល ជំនាញបច្ចេកទេស និងជាប្រតិបត្តិករជួរមុខ ក្នុងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋយ៉ាងសកម្មបំផុត។

នេះជាការបញ្ជាក់អោយដឹងពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ខណៈដែលលោកនិងលោកស្រី ព្រមទាំងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ អញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរ ខួបលើកទី១១២ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ “ស្ត្រីរួមគា្នរក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល”នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ។

លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ការប្រារព្ធទិវាអន្តរជាតិនារី ៨ មីនា ក្នុងឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ “ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ច អភិវឌ្ឍក្នុងយុគសម័យឌីជីថល” ដែលជាប្រធានបទមួយ មានគោលបំណងរំលេចពីតម្លៃសុខសន្តិភាព ដែលនាំឱ្យមានការ លើកកម្ពស់សមភាពយេនឌ័រ និងការអភិវឌ្ឍក្នុងយុគសម័យបច្ចេកវិទ្យាព័ត៌មានវិទ្យា ព្រមទាំងជា សារ បង្ហាញឱ្យឃើញ កាន់តែច្បាស់ អំពីការយកចិត្តទុកដាក់ គាំពារ ថែរក្សា លើកទឹកចិត្ត និងផ្តល់តម្លៃខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ជូនចំពោះបងប្អូននារី ដែលជាដៃគូមិនអាចខ្វះបាន ក្នុងដំណើរការ ស្តារ កសាង និងអភិវឌ្ឍជាតិមាតុភូមិ ព្រមទាំងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងរយៈពេលជាង ៣ ឆ្នាំ កន្លងមកនេះ។

លោកឃួង ស្រេង ក្នុងឱកាសនោះ ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃ និងសមិទ្ធផលការងារជាច្រើន ដែលបងប្អូននារី ក្នុងរចនាសម្ព័ន្ធរដ្ឋបាលរាជធានីភ្នំពេញ ដែលបានសហការចូលរួម ជ្រោមជ្រែងបំពេញភារកិច្ចពិសេសការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ច ដោយមិន ខ្លាចនឿយហត់ និងបានចូលរួមចំណែកជាច្រើនក្នុងសកម្មភាពសង្គម សកម្មភាពមនុស្សធម៌ យុទ្ធនាការចាក់វាក់សាំង បង្ការជំងឺកូវីដ-១៩ និងការអភិវឌ្ឍរាជធានីភ្នំពេញ រហូតទទួលបានជោគជ័យយ៉ាងធំធេង។

លោកឃួង ស្រេង បានបន្តថា ការរៀបចំពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ធ្វើឡើងក្នុងគោលបំណងរំលឹកវិញនូវគំរូវីរភាពរបស់ បងប្អូននារី ដែលបានតស៊ូរើបម្រះ និងពុះពារគ្រប់ឧបសគ្គ ដើម្បីរំដោះខ្លួនចេញផុតពីការជិះជាន់ និងការរើសអើងនៅ ក្នុងសង្គម រហូតសម្រេចបានជោគជ័យ ទទួលបានសិទ្ធិ-សេរីភាព នឹងបានធ្វើឱ្យមានសមភាពរវាងបុរស និងស្ត្រីទាំងក្នុងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌។ បច្ចុប្បន្ននេះ នារីនៅតជាដៃគូមិនអាចខ្វះបាន និងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការអភិវឌ្ឍជាតិមាតុភូមិ តាមរយៈសមត្ថភាពដឹកនាំរបស់នារី ជាថ្នាក់ដឹកនាំនៅតាមបណ្តាក្រសួង-ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គភាពរដ្ឋ និងឯកជន ។

លោកឃួង ស្រេង បានបញ្ជាក់ថា៖ នៅសាលារាជធានីភ្នំពេញ មានមន្ត្រីរាជការក្របខ័ណ្ឌសរុបចំនួន ២៨១ នាក់ ក្នុងនោះ នារីមានចំនួន ៩៤ នាក់ ស្មើនឹង ៣៣,៥% កំពុងកាន់មុខតំណែងជាសមាជិកាក្រុមប្រឹក្សារាជធានី ចំនួន ៥ រូប, អភិបាលរងរាជធានី ជានារី ចំនួន ១ រូប, នាយករងរដ្ឋបាលសាលារាជធានីភ្នំពេញ ជានារី ចំនួន ៣ រូប, អនុប្រធានការិយាល័យប្រជាពលរដ្ឋ ជានារី ១ រូប, នាយិកា-នាយិការងទីចាត់ការ-អង្គភាព ចំនួន ៧ រូប និងថ្នាក់ការិយាល័យ ជានារី មានចំនួន ២៥ រូប ដែលកំពុង បំពេញការងារ និងទទួលខុសត្រូវលើការដឹកនាំអង្គភាព គ្រប់គ្រងរដ្ឋបាល ជំនាញបច្ចេកទេស និងជាប្រតិបត្តិករជួរមុខ ក្នុងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋយ៉ាងសកម្មបំផុត។

លោកបានអំពាវនាវដល់គ្រប់ក្រសួង-ស្ថាប័ន អង្គភាពពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ទាំងអស់ សូមបន្តរួមគ្នាឱ្យកាន់តែល្អប្រសើរ បន្ថែមទៀត ក្នុងបុព្វហេតុលើកកម្ពស់សិទ្ធិនារី និងត្រូវស្គាល់អំពីសុខទុក្ខរបស់នារី ដើម្បីជួយដល់ពួកគាត់ ក្នុងការទប់ស្កាត់ អំពើហិង្សាក្នុងគ្រួសារ ការជួញដូរស្រ្តី និងកុមារ កាត់បន្ថយអត្រាមរណភាពមាតា និងទារក ព្រមទាំងចូលរួមដោះស្រាយ បញ្ហាស្រ្តីមានវិបត្តិផ្សេងៗទៀត ឱ្យកាន់តែប្រសើរឡើង៕

អត្ថបទដែលជាប់ទាក់ទង