ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យលេខ៦៥ អនក្រ.បក ស្តីពីការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ និងត្រៀមថវិកាជាង ៤លាន ដុល្លារ សម្រាប់អនុវត្តនៅឆ្នាំ២០២៣

65

 

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្តីពីការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ដើម្បីលើកកម្ពស់អាហារូបត្ថម្ភ និងការសិក្សារបស់កុមារក្នុងតំបន់​ក្រីក្រ និងភាពងាយរងគ្រោះខ្ពស់ ​ព្រមទាំងរួមចំណែកបង្កើនផលិតភាពស្បៀង ក៏ដូចជាបង្កើនប្រាក់ចំណូលស ម្រាប់អ្នកផ្គត់ផ្គង់ស្បៀង ឬកសិករខ្នាតតូចតាមមូលដ្ឋាន ។ នេះបើយោងតាម​អនុក្រឹត្យ ដែលចុះហត្ថលេខា ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ។

កម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ មានគោលបំណងលើកកម្ពស់អាហារូបត្ថម្ភ និងការសិក្សារបស់កុមារក្នុងតំបន់មានភាពក្រីក្រ និងភាពងាយរងគ្រោះខ្ពស់ ដោយចូលរួមចំណែកបង្កើនការចុះឈ្មោះចូលរៀន, និងកាត់បន្ថយអត្រាបោះបង់ការសិក្សានៅកម្រិតបឋមសិក្សា ព្រមទាំងចូលរួមលើកកម្ពស់សេដ្ឋកិច្ចសហគមន៍ផងដែរ។

បច្ចុប្បន្ន កម្មវិធីនេះ អនុវត្តនៅតាមសាលារៀនគោលដៅចំនួន ៤២៧ សាលា ក្នុងខេត្តចំនួន ១០ រួមមានខេត្តបាត់ដំបង, បន្ទាយមានជ័យ, កំពង់ចាម, សៀមរាប, កំពង់ធំ, ស្ទឹងត្រែង, ព្រះវិហារ, ឧត្តរមានជ័យ, កំពង់ឆ្នាំង, និងពោធិ៍សាត់ ក្នុងនោះមានសិស្សទទួលផលចំនួន ១១០ ៦៤៥ នាក់ ដែលរាជរដ្ឋាភិបាលបានវិភាជថវិកាប្រមាណ ១៧ ០៨០ លានរៀល(ឬប្រមាណជាង៤លានដុល្លារ) សម្រាប់ឆ្នាំ២០២៣។

សូមជម្រាបថា កម្មវិធីផ្តល់អាហារតាមសាលារៀន ត្រូវបានអនុវត្តចាប់តាំងពីឆ្នាំ១៩៩៩ ដោយផ្តើមពីការអនុវត្តកម្មវិធីអាហារពេលព្រឹក នៅតាមសាលាចំនួន៦៤ និងមានសិស្សទទួលផលប្រមាណ ៣៧ ៥០០នាក់ ក្រោមការឧបត្ថម្ភពីកម្មវិធីស្បៀងអាហារូបករណ៍ពិភពលោក ។ ក្រោយមកបានចាប់អនុវត្តកម្មវិធីអាហារូបករណ៍ជាស្បៀងនៅឆ្នាំ២០០៤ និងសាកល្បងអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍នៅឆ្នាំ២០១៤ ក៏ដូចជាកម្មវិធីផ្តល់អាហារថ្ងៃត្រង់តាមសាលារៀននៅឆ្នាំ២០១៧។

ចាប់ពីឆ្នាំ២០១៩មក កម្ពុជាបានចាប់ផ្តើមប្រែក្លាយ កម្មវិធីផ្តល់អាហារតាមសាលារៀន ប្រើប្រាស់កសិផលក្នុងសហគមន៍នេះ ទៅជាកម្មវិធីជាតិមួយដោយប្រើប្រាស់ថវិកាជាតិជាបណ្តើរៗ ដើម្បីលើកម្ពស់ការទទួលបានអាហារចម្រុះរបស់កុមារ គ្រប់អាយុចូលរៀននៅតាមសហគម៍គ្រួសារក្រីក្រ និងងាយរងគ្រោះ និងរួមចំណែកបង្កើនផលិតភាពស្បៀង ក៏ដូចជាបង្កើនប្រាក់ចំណូលសម្រាប់អ្នកផ្គត់ផ្គង់ស្បៀងឬកសិករខ្នាតតូចតាមមូលដ្ឋាន៕

អត្ថបទដែលជាប់ទាក់ទង