ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្មវិធីអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន និងវេទិកាអភិបាលក្រុងអាស៊ាន ឆ្នាំ២០២២ ដែលរដ្ឋបាលរាជធានីភ្នំពេញធ្វើជាម្ចាស់ផ្ទះ បានបញ្ចប់ទៅដោយជោគជ័យ

59

 

ភ្នំពេញ៖ កម្មវិធីអភិបាលរាជធានីនិងរដ្ឋធានីអាស៊ាននិងវេទិកាអភិបាលក្រុងអាស៊ាន ឆ្នាំ២០២២ ដែលរដ្ឋបាលរាជធានីភ្នំពេញធ្វើជាម្ចាស់ផ្ទះ បានបញ្ចប់ទៅដោយជោគជ័យ ដែលធ្វើអោយថ្នាក់ដឹកនាំរាជធានីភ្នំពេញ ក៏ដូចជាប្រមុខរាជរដ្ឋាភិបាលពេញចិត្តយ៉ាងខ្លាំង ។ទន្ទឹមនឹងនេះ ដើម្បីជាការលើកទឹកចិត្ត លោកឃួង ស្រេង បានប្រគល់ប័ណ្ណសរសើរជូនមន្ត្រីនិងកងកម្លាំងជាង២០០នាក់ ដែលពួកគាត់បានយកអស់កម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាស្មារតី ក្នុងការបំពេញតួនាទី-ភារកិច្ច ដែលថ្នាក់ដឹកនាំបាន ប្រគល់ជូន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតសម្រេចបាន ស្នាដៃការងារ និងសមិទ្ធផលដ៏ត្រចេះត្រចង់ សម្រាប់រាជធានីភ្នំពេញ។

ក្នុងពិធីសំណេះសំណាល ពិសារអាហារសាមគ្គី និងប្រគល់ប័ណ្ណសរសើរខាងលើនេះបានធ្វើឡើងកាលពីរាត្រីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញនៅភោជនីយដ្ឋាន ដឺ ធើរេស ធីខេ អគារលេខ៥៩ ផ្លូវលេខ៣៣៧ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ។

លោកឃួង ស្រេង បានមានប្រសាសន៍ថា៖ កិច្ចប្រជុំអភិបាល រាជធានី-រដ្ឋធានីអាស៊ាន ឆ្នាំ២០២២” ដែលរដ្ឋបាលរាជធានីភ្នំពេញយើង ក្នុងនាមជាម្ចាស់ផ្ទះ បានខិតខំរួមគ្នារៀបចំ, ដំណើរការ និងបិទបញ្ចប់ទៅ ដោយរលូន ជោគជ័យ និងមានអត្ថន័យធំធេងជាប្រវត្តិសាស្ត្រ កាលពី ដើមខែធ្នូ ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ។លោកពិតជាកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ប្រធានលេខាធិការដ្ឋាន,អភិបាលរងរាជធានីភ្នំពេញ, ស្នងការ, មេបញ្ជាការ, គណៈនាយករដ្ឋបាល, អភិបាលខណ្ឌទាំង១៤, ទីចាត់ការ, មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ, មន្ត្រីរាជការ, កងកម្លាំង, សហការី និងសមាជិក-សមាជិកាទាំងអស់ នៃក្រុមការងារ ដែលមាន ការប្តេជ្ញាចិត្តរួមគ្នាយ៉ាងមោះមុត យកអស់កម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាស្មារតី ក្នុងការបំពេញតួនាទី-ភារកិច្ច ដែលថ្នាក់ដឹកនាំបាន ប្រគល់ជូន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតសម្រេចបាន ស្នាដៃការងារ និងសមិទ្ធផលដ៏ត្រចេះត្រចង់ សម្រាប់រាជធានីភ្នំពេញ។

លោកឃួង ស្រេង បានបញ្ជាក់ថា ស្នាដៃការងារ និងសមិទ្ធផលទាំងឡាយ ដែលយើងទាំងអស់គ្នា សម្រេចបាន នាពេលកន្លងមក គឺមិនត្រឹមតែជាមហាកិត្តិយសដ៏ធំធេង របស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងនាមជាម្ចាស់ផ្ទះរៀបចំប៉ុណ្ណោះទ ប៉ុន្តែថែមទាំងជាមោទនភាពថ្មីមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានប្តូរវេន ឆ្នាំ២០២២ ដែលបានរំលេចឱ្យឃើញកាន់តែច្បាស់ពីសារៈសំខាន់នៃតួនាទី-ភារកិច្ច របស់ រាជធានី-រដ្ឋធានីអាស៊ាន ទីក្រុងសម្ព័ន្ធមេត្រី និងបណ្តាទីក្រុង អាស៊ានទាំងអស់ ថាជាឆ្អឹងខ្នងដ៏ចាំបាច់បំផុត នៃការអភិវឌ្ឍសហគមន៍ អាស៊ាន ប្រកបដោយភាពប្រាកដនិយមខ្ពស់ ថែមទៀតផង។

លោកពិតជាមានមោទនភាពយ៉ាងក្រៃលែង ចំពោះអ្វីដែលយើងខិតខំ សម្រេចបាន ជាពិសេសការប្រគល់ភារកិច្ចដ៏ឧត្តុង្គឧត្តមរបស់ សម្តេច តេជោនាយករដ្ឋមន្ត្រី ហើយលោកជឿជាក់ថា ទោះបីយើងមានកិច្ចការ ស្មុគស្មាញ ឬ ស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក៏យើងនៅតែអាច សម្រេចបានជោគជ័យ ដោយសារកម្លាំងសាមគ្គី ជារៀងដរាប។

គួរបញ្ជាក់ថា៖ អ្នកដែលទទួលបានប័ណ្ណសរសើរនេះ មានចំនួន២៣៧នាក់ ក្នុងនោះរួមមាន៖ លោកអភិបាលរងរាជធានីភ្នំពេញ, លោកស្នងការ, លោកមេបញ្ជាការ, គណៈនាយករដ្ឋបាល, អភិបាលខណ្ឌទាំង១៤, ទីចាត់ការ, មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង