ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន អំពាវនាវកុំភ័យស្លន់ស្លោទៅដកលុយពីធនាគារ រឿងធនាគារអាមេរិកដួលរលំ មិនប៉ះពាល់ដល់កម្ពុជាទេ សូមជឿជាក់លើសមត្ថភាពគ្រប់គ្រង របស់រាជរដ្ឋាភិបាល

39

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣នេះ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានដាក់ប្រាក់បញ្ញើតាមប្រព័ន្ធធនាគារនៅកម្ពុជា កុំមានការភ័យស្លន់ស្លោ រឿងធនាគារពាណិជ្ជចំនួន ២របស់អាមេរិកដួលរលំ ព្រោះមិនប៉ះពាល់ប្រព័ន្ធធនាគារកម្ពុជាទេ។

សម្តេចតេជោបញ្ជាក់ថា ការភ័យស្លន់ស្លោរត់ទៅដក ប្រាក់ចេញពីប្រព័ន្ធធនាគារមុនកាលកំណត់ គឺជាការខាងបង់ប្រយោជន៍ របស់បងប្អូនទៅវិញ ព្រោះតែខាតបង់ការប្រាក់ ដែលព្រមព្រៀងជាមួយធនាគារ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជឿទុកចិត្តសមត្ថភាពគ្រប់គ្រងរបស់រាជរដ្ឋាភិបាល លើវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជា មានភាពរឹងមាំ មិនមានផលប៉ះពាល់អ្វីនោះឡើយ។

សម្តេចតេជោបានរំលឹកផងដែរថា ករណីវិបត្តិបែបនេះធ្លាប់កើនឡើងជាច្រើនសាររួចហើយ ដោយលើកទី១ វិបត្តិសេដ្ឋកិច្ចអាស៉ី ឆ្នាំ១៩៩៧ ដែលពេលនោះ មានការច្របូកច្របល់នៃប្រព័ន្ធធនាគារ លើពិភពលោករាប់ទាំងកម្ពុជា ប៉ុន្តែធនាគារនៅកម្ពុជា ពេលនោះមានស្ថានភាពតូចៗនៅឡើយ ហើយពេលនោះពលរដ្ឋមួយចំនួនបង្ខំដកប្រាក់ចេញពីធនាគារ ក្នុងរយៈពេលប្រហែលជា៣សប្តាហ៍ ប៉ុន្តែបន្ទាប់ពី៣សប្តាហ៍ក្រោយមក ក៏មានពលរដ្ឋយកប្រាក់ទៅដាក់វិញ។

សម្រាប់លើទី២ វិបត្តិហរិញ្ញវត្ថុសាកល ឆ្នាំ២០០៨ ដែលផ្តើមចេញពីការដួលរលំ នៃធនាគាររបស់អាមេរិក ដែលពេលនោះ មិនបានធ្វើឲ្យប៉ះពាល់ដល់កម្ពុជានោះទេ ក្នុងស្ថានភាពពេលនោះ កម្ពុជាបានខិតធ្វើការទប់ស្កាត់ហានិភ័យ ដោយដំឡើងអត្រាកាតព្វកិច្ចទុនបម្រុង តម្កល់ទុកនៅធនាគារជាតិ ពី៧ភាគរយដល់ ១២ភាគរយ។ ប៉ុន្តែមកដល់បច្ចុប្បន្ននេះ បន្ទាប់ពីបណ្តាធនាគារ ចេះគ្រប់គ្រងហានិភ័យដោយខ្លួនឯង ធនាគារជាតិនៃកម្ពុជា បានកាត់បន្ថយអត្រាទុនបម្រុងកាតព្វកិច្ច មកនៅត្រឹមតែ៧ភាគរយ។

ការថ្លែងរបស់របស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញចែកសញ្ញាបត្រ ជូននិស្សិត​សាកលវិទ្យាល័យបៀលប្រាយជាង ៤ពាន់នាក់ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសុំអំពាវនាវដល់ប្រជាពលរដ្ឋរបស់យើង ដែលដាក់ប្រាក់ក្នុងធនាគារ សុំកុំស្លន់ស្លោ។ ការស្លន់ស្លោនឹងធ្វើឲ្យយើងបាត់បង់ នូវផលប្រយោជន៍ទៅវិញទេ។ ឧទារណ៍បើប្រាក់របស់យើងយកទៅដាក់ យកការប្រាក់ក្នុងរយៈពេល ៦ខែទៅ១ឆ្នាំ នៅពេលយើងដកមុនកាលកំណត់ គឺយើងនឹងបាត់បង់នូវការប្រាក់ ដែលមិនទាន់ដល់ពេលកំណត់។ អីចឹងទេ សូមកុំស្លន់ស្លោជាមួយនឹងហានិភ័យ ដែលអាចកើតមាន នាយករដ្ឋមន្ត្រីថៃក៏បានប្រកាសហើយថា គ្មានផលប៉ះពាល់មកលើប្រទេសថៃទេ ហើយក្នុងពេលវិបត្តិឆ្នាំ២០០៨-២០០៩ ក៏គ្មានឥទ្ធិពលអីមកលើប្រព័ន្ធធនាគារ របស់កម្ពុជាដែរ។ ការភ័យស្លន់ស្លោណាមួយ នឹងនាំមកនូវភាពច្របូកច្របល់ ក្នុងវិស័យហិរញ្ញវត្ថុ និងធនាគារកម្ពុជា។

សម្តេចបន្ថែមថា «សូមអំពាវនាវជាថ្មីម្តងទៀត សម្រាប់ប្រជាពលរដ្ឋយើង ជឿទុកចិត្តទៅលើសមត្ថភាពគ្រប់គ្រងនៃវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជា ហើយធនាគារមានទុនបម្រុងគ្រប់គ្រាន់ ដើម្បីដោះស្រាយបញ្ហា ប៉ុន្តែអ្វីដែលជាការខាតបង់ បើប្រជាពលរដ្ឋរបស់យើងភ័យស្លន់ស្លោ ដែលនាំគ្នាទៅដកប្រាក់ បាត់បង់នូវចំណែកការប្រាក់ ដែលខ្លួនត្រូវបាន»

សម្តេចតេជោបង្ហាញនូវជំនឿចិត្តថា សហរដ្ឋអាមេរិកនឹងដោះស្រាយ បានបញ្ហានៃការដួលរលំ នៃធនាគារពាណិជ្ជចំនួន ២របស់ខ្លួន ដោយសារតែអាមេរិក ធ្លាប់មានបទពិសោធន៍បែបៗនេះរួចហើយ គឺបទពិសោធន៍ ក្នុងការគ្រប់គ្រងសេដ្ឋកិច្ច ដែលនឹងមិនធ្វើឲ្យមានភាពច្របូកច្របល់ ក្នុងវិស័យហិរញ្ញវត្ថុនោះឡើយ។

សូមជម្រាបថា និយតកររដ្ឋរបស់សហរដ្ឋអាមេរិក បានបិទធនាគារ Signature Bank ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក កាលពីថ្ងៃអាទិត្យ ទី១២ ខែមីនា ឆ្នាំ២០២៣ ដែលជាការក្ស័យធនដ៏ធំបំផុតទីបី នៅក្នុងប្រវត្តិសាស្រ្តធនាគាររបស់អាមេរិក។ ការបិទនេះធ្វើឡើងពីរថ្ងៃ បន្ទាប់ពីអាជ្ញាធរបានបិទធនាគារ Silicon Valley ក្រោយពេលអតិថិជនយ៉ាងច្រើននាំគ្នា សម្រុកមកដកប្រាក់បញ្ញើចេញពីធនាគារនេះ៕

អត្ថបទដែលជាប់ទាក់ទង